34.1 C
Phnom Penh

យុវជន GenZ ប្រទេស Madagascar កំពុង​ទាញ​ទម្លាក់​ប្រធានាធិបតី បន្ទាប់ពី​ទម្លាក់​នាយករដ្ឋមន្ត្រី​បាន​ជោគជ័យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​យុវជន​នៃ​ចលនា GenZ នៅ​លើ​ដែន​កោះ​នៃ​ប្រទេស Madagascar ធ្វើ​បាតុកម្ម​នៅ​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៥។ (រូបថត៖ AP)
ក្រុម​យុវជន​នៃ​ចលនា GenZ នៅ​លើ​ដែន​កោះ​នៃ​ប្រទេស Madagascar ធ្វើ​បាតុកម្ម​នៅ​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៥។ (រូបថត៖ AP)

ក្រុម​យុវជន​នៃ​ចលនា GenZ នៅ​លើ​ដែន​កោះ​នៃ​ប្រទេស Madagascar កំពុង​ប្រែ​ក្លាយ​បាតុកម្ម​ទៅ​ទាញ​ទម្លាក់​ប្រធានាធិបតី Andry Rajoelina ពី​តំណែង ក្រោយពី​បាន​ជោគជ័យ​នៃ​ការ​រុញ​ទម្លាក់​នាយករដ្ឋមន្ត្រី Christian Ntsay។

កាលពី​ថ្ងៃ​ចន្ទ ទី​៦ ខែ​តុលា លោក​ប្រធានាធិបតី Andry Rajoelina បាន​តែងតាំង​ឧត្ដមសេនីយ៍ Ruphin Fortunat Zafisambo ជា​នាយករដ្ឋមន្ត្រី​ស្តីទី ជំនួស​លោក Christian Ntsay ដែល​ត្រូវ​បាន​បណ្ដេញ​ចេញពី​តំណែង​តាម​គំនាប​របស់​បាតុករ​នៃ​ចលនា GenZ។ តែ​នៅ​ថ្ងៃ​អង្គារ ទី​៧ ខែ​តុលា នេះ បាតុករ​នៃ​ចលនា GenZ ដែល​ចម្លង​ពី​ប្រទេស​នេប៉ាល់ បាន​ដាក់​ចុះ​ផែនការ​របស់​ខ្លួន​មួយ​ដំណាក់កាល​ទៀត គឺ​ទម្លាក់​លោក Andry Rajoelina ពី​តំណែង​ប្រធានាធិបតី។

បើ​តាម​ការ​ចុះផ្សាយ​ដោយ​សារព័ត៌មាន Strait News Global និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាតុកម្ម​នៃ​ចលនា GenZ បាន​កំពុង​ផ្ទុះ​ខ្លាំង​ពាសពេញ​ប្រទេស​ដែន​កោះ Madagasca ខណៈ​លោក​ប្រធានាធិបតី Andry Rajoelina បាន​បញ្ជូន​សារ​ភ្លាម​ឱ្យ​ក្រុម​ចលនា GenZ មក​កាន់​តុ​ចរចា ដើម្បី​កែលម្អ​ស្ថានការណ៍ និង​រក​ដំណោះស្រាយ​រួម​គ្នា ដើម្បី​ស្ដារ​សន្តិសុខ​ប្រទេស និង​ស្ដារ​នីតិរដ្ឋ​មួយ​ដែល​មាន​ទំនុកចិត្ត​ដល់​ប្រជាជន​ដែន​កោះ Madagasca ជាង ៣១​លាន​នាក់​នេះ។

Madagasca មាន​ឈ្មោះ​ជា​ផ្លូវការ​ថា សាធារណរដ្ឋ Madagasca គឺជា​ប្រទេស​ដែន​កោះ​មួយ​ស្ថិត​នៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា ដែល​មាន​ចម្ងាយ​ប្រមាណ ៤០០​គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​នៃ​តំបន់​អាហ្វ្រិក​ខាងកើត។ ដែន​កោះ​នេះ​មាន​ក្រឡា​ផ្ទៃ​សរុប​ជាង ៥​ម៉ឺន ៩​ពាន់​គីឡូម៉ែត្រ​ការ៉េ។ Madagasca គឺជា​ប្រទេស​ដែន​កោះ​ធំ​ជាងគេ​ទី​៤ នៅ​លើ​ពិភពលោក តែ​ជា​ប្រទេស​ក្រីក្រ និង​ពោរពេញ​ដោយ​អំពើពុករលួយ​តាំងពី​មន្ត្រី​ថ្នាក់លើ​ដល់​ថ្នាក់​មូលដ្ឋាន​ឃុំ-សង្កាត់។

ដោយសារតែ​ភាព​ក្រីក្រ និង​អំពើពុករលួយ​មិន​អាច​កាត់បន្ថយ​បាន ដែល​នាំ​ឱ្យ​មាន​ការ​ងើប​ឡើង​បះបោរ​ផ្ដួល​មេដឹកនាំ។

អំពើ​បះបោរ​កាន់តែ​ខ្លាំង​នៅ​ទូទាំង​ប្រទេស ជាពិសេស​នៅ​រដ្ឋធានី Antananarivo បន្ទាប់ពី​អាជ្ញាធរ​បាញ់​បង្ក្រាប​បាតុករ ២២​នាក់ និង​ចាប់​ខ្លួន​បាតុករ​ជាង ១០០​នាក់ តែ​ប៉ូលិស​នៅ​ទីក្រុង Antananarivo បាន​ច្រានចោល ដោយ​ចោទ​ថា​បាតុករ​កំពុង​ប្រើ​លេស​បញ្ចប់​ទាំង​អំណាច​របស់​ប្រធានាធិបតី Andry Rajoelina ទើប​អស់​ចិត្ត។ តែ​យ៉ាងណា តួលេខ​នេះ​គឺជា​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ។

បាតុកម្ម​បាន​ផ្ទុះ​ឡើង​តាំងពី​ចុង​ខែ​កញ្ញា ដែល​ជា​ការ​បង្ហាញ​ការ​មិន​អាច​ទទួលយក​បាន ការ​ខ្វះ​ទឹកស្អាត​ប្រើប្រាស់ និង​ការ​កាត់បន្ថយ​បរិមាណ​នៃ​ការ​ប្រើប្រាស់​អគ្គិសនី​តាម​ដងផ្លូវ និង​នៅ​គេហដ្ឋាន​ឯកជន បែរជា​ភូមិគ្រឹះ​របស់​ពួក​មន្ត្រី​ជាន់ខ្ពស់​ប្រើ​ភ្លើង​អគ្គិសនី​យ៉ាង​ព្រោងព្រាត ដែល​ពួក​បាតុករ​នៃ​ចលនា GenZ ចាត់ទុក​ថា​នេះ​ជា​អំពើពុករលួយ​មួយ​ផង​ដែរ​នៃ​សង្គម​ដ៏​អយុត្តិធម៌​នៃ​ប្រទេស​ដែន​កោះ Madagasca ដ៏​ធំ​មួយ​នៅ​តំបន់​សមុទ្រ​ឥណ្ឌា។

នៅ​ថ្ងៃទី​៧ តុលា នេះ បាតុករ​ភាគច្រើន​សុទ្ធតែ​និស្សិត សិស្ស​សាលា បាន​កំពុង​ស្រែក​ឱ្យ​មាន​ការ​រំលាយ​រដ្ឋាភិបាល​ភ្លាមៗ​ជាមួយ​នឹង​ការ​ទាមទារ​ឱ្យ​មាន​ប្រធានាធិបតី​ថ្មី​ដែល​មិន​មាន​និន្នាការ​នឹង​រដ្ឋាភិបាល​ពុករលួយ។

ប្រធានាធិបតី Andry Rajoelina បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ទៅ​កាន់​ជន​រួម​ជាតិ​នៃ​ដែន​កោះ Madagasca ដោយ​ស្នើ​ឱ្យ​បាតុករ​ទទួលយក​សំណើ​របស់​លោក ដែល​លោក​ចង់​បើក​ការ​ចរចា​ជាមួយ​បាតុករ តែ​ក្រុម​បាតុករ​នៃ​ចលនា GenZ មិន​ព្រម​ស្ដាប់​នោះ​ទេ។ ពួក​បាតុករ​វ័យក្មេង​នៅតែ​ទាមទារ​ឱ្យ​មាន​ការ​រំលាយ​រដ្ឋាភិបាល និង​ការ​ចុះ​ចេញពី​តំណែង​របស់​ប្រធានាធិបតី Andry Rajoelina។

ការិយាល័យ​អ្នក​នាំពាក្យ​ប្រធានាធិបតី បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថា លោក​ប្រធានាធិបតី Andry Rajoelina នៅតែ​ទទូច​ឱ្យ​បាតុករ​នៃ​ចលនា GenZ សម្រួល​អារម្មណ៍ និង​បន្ថយ​កំហឹង ទើប​អាច​រក​ឃើញ​ដំណោះស្រាយ។

តាម​ការិយាល័យ​អ្នក​នាំពាក្យ​ប្រធានាធិបតី អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​បាន​ជួប​លោក​ប្រធានាធិបតី Andry Rajoelina ដោយ​បាន​ប្រឹក្សា​គ្នា​ជាច្រើន​ម៉ោង តែ​មិន​បាន​បង្ហាញ​ថា​តើ​ដំណោះស្រាយ​ដូចម្ដេច ទើប​ក្រុម​ចលនា GenZ អាច​ទទួលយក​បាន​នោះ​ទេ។

តែ​បើ​តាម​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល ការ​ដោះលែង​បាតុករ​ទាំងអស់​ដែល​អាជ្ញាធរ​ចាប់​ខ្លួន គឺជា​ជម្រើស​មួយ​ដែល​ក្រុម​ចលនា GenZ អាច​សម្រួល​ជំហរ​ព្រម​ចរចា។

ក្នុង​ស្ថានភាព​នេះ អ្នក​សង្កេតការណ៍​យល់​ថា ដែន​កោះ Madagasca កំពុង​ទាល់ច្រក ព្រោះ​បាតុករ​ឈាន​ដល់​ការ​ទាមទារ​ទម្លាក់​ប្រធានាធិបតី​ពី​អំណាច ក្រោយពី​ទម្លាក់​នាយករដ្ឋមន្ត្រី​បាន​ជោគជ័យ ព្រោះ​ថា​នាយករដ្ឋមន្ត្រី​ស្ដីទី ឧត្ដមសេនីយ៍ Ruphin Fortunat Zafisambo ដែល​ទើប​ត្រូវ​បាន​តែងតាំង​ដោយ​ប្រធានាធិបតី Andry Rajoelina ពុំ​មាន​គណៈរដ្ឋមន្ត្រី​របស់​ខ្លួន​នៅឡើយ​ទេ។

តើ​គណៈរដ្ឋមន្ត្រី​ថ្មី នឹង​បង្កើត​បាន​រូបរាង​ដូចម្ដេច​នឹង​កើត បើ​ប្រធានាធិបតី​កំពុងតែ​ស្ថិត​ក្នុង​គំនាប​ឱ្យ​ចុះ​ចេញពី​តំណែង?

ផ្លូវ​ដើរ​តែ​មួយ​គត់ គឺ​នាយករដ្ឋមន្ត្រី​ស្ដីទី​ត្រូវ​ពិនិត្យ​ឡើងវិញ​អំណាច​នៃ​រដ្ឋធម្មនុញ្ញ ថា​តើ​បាន​ចែង​ឬ​ទេ​ឱ្យ​នាយករដ្ឋមន្ត្រី​ស្ដីទី​រំលាយ​សភា ហើយ​ប្រកាស​ថ្ងៃ​បោះឆ្នោត​សភា​ឡើងវិញ ដែល​ជា​ការ​លើក​ទឹកចិត្ត​បាតុករ​នៃ​ចលនា GenZ អាច​ព្រម​បញ្ចប់​បាតុកម្ម​របស់​ខ្លួន ជាមួយ​នឹង​ការ​ដោះលែង​បាតុករ​ទាំងអស់​ដែល​អាជ្ញាធរ​ចាប់​ខ្លួន។

ប៉ុន្តែ​បើ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC ក្រុម​បាតុករ​នៃ​ចលនា GenZ បាន​កំពុង​ពង្រីក​ការ​តវ៉ា​របស់​ខ្លួន​ដោយ​មិន​ទទួលស្គាល់​ឧត្ដមសេនីយ៍ Ruphin Fortunat Zafisambo ជា​នាយករដ្ឋមន្ត្រី​ស្ដីទី​នោះ​ទេ។

អ្វី​ជា​ការ​កត់សម្គាល់ ការ​ធ្វើ​បាតុកម្ម​របស់​ចលនា GenZ ដែល​កំពុង​ផ្ទុះ​នៅ​លើ​ដែន​កោះ Madagasca និង​បាតុកម្ម​របស់​ចលនា GenZ ២១២ ដែល​កំពុង​ផ្ទុះ​នៅ​ពាសពេញ​ប្រទេស​ម៉ារ៉ុក នៃ​ទ្វីប​អាហ្វ្រិក​ខាងជើង សុទ្ធតែ​ជា​ចំហាយ​នៃ​ឥទ្ធិពល​នៃ​ចលនា GenZ នេប៉ាល់ ដែល​បាន​ទាញ​ទម្លាក់​រដ្ឋាភិបាល​ពុករលួយ​របស់​នាយករដ្ឋមន្ត្រី Khadga Prasad Sharma Oli ពី​អំណាច​កាលពី​ថ្ងៃទី​៩ ខែ​កញ្ញា កន្លង​ទៅ​នេះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស