28.4 C
Phnom Penh

អ្នក​ឃ្លាំមើល​ស្នើ​ឱ្យ​តុលាការ​ផ្ដន្ទាទោស​លើ​អតីត​មន្ត្រី​នគរបាល​លោក ហ៊ុន ហេង ក្នុង​កម្រិត​ខ្ពស់​បំផុត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​សង្គម ស្នើ​ឱ្យ​តុលាការ​ផ្ដន្ទាទោស​ក្នុង​កម្រិត​ខ្ពស់​បំផុត​លើ​អតីត​មន្ត្រី​ស្នងការដ្ឋាន​នគរបាល​ជាតិ លោក ហ៊ុន ហេង ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព។

អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៥ តុលា នេះ​ថា ផ្អែក​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក បាន​ចែង​ថា ជន​ណា​ដែល​បើកបរ​បង្ក​ឱ្យ​ស្លាប់​ដល់​អ្នក​ដទៃ ត្រូវ​ផ្ដន្ទាទោស​ដល់​កម្រិត​អតិបរមា ដូចជា ក្នុង​ករណី​បើកបរ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង ជាដើម។

លោក សេក សុជាតិ លើកឡើង​ថា ច្បាប់​នេះ​បាន​កំណត់​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​មួយ (១) ឆ្នាំ ទៅ​បី (៣) ឆ្នាំ ដូច្នេះ​ករណី​លោក ហ៊ុន ហេង គួរតែ​ត្រូវ​បាន​អនុវត្ត​ទោស​កម្រិត​អតិបរមា ដោយសារតែ​គាត់​គឺជា​មន្ត្រី​អនុវត្ត​ច្បាប់ តែ​បែរជា​ប្រព្រឹត្ត​ល្មើស​ច្បាប់​ដោយ​ចេតនា​ទៅវិញ ព្រោះ​ថា​បុគ្គល​ដែល​ស្រវឹង ហើយ​កាន់​ដៃចង្កូត គឺ​ស្មើ​នឹង​ប្រព្រឹត្ត​ល្មើស​ច្បាប់​រួច​ទៅ​ហើយ។

អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ អំពាវនាវ​ឱ្យ​តុលាការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ និង​ដើម្បី​លើក​កម្ពស់​ការ​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព។ បន្ថែម​ពី​នេះ ក៏​ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​ពលរដ្ឋ​ចំពោះ​តុលាការ និង​រដ្ឋាភិបាល​លើ​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា​ឡើងវិញ​ផង​ដែរ។

សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៤ ខែ​តុលា ឆ្នាំ​២០២៥ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​លោក ហ៊ុន ហេង ដាក់​ពន្ធនាគារ​កំណត់ ៣​ឆ្នាំ តែ​តម្រូវ​ឲ្យ​អនុវត្ត​ក្នុង​ពន្ធនាគារ​ត្រឹមតែ ០១​ឆ្នាំ​ប៉ុណ្ណោះ ខណៈ​ទោស​នៅ​សល់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ព្យួរ និង​ពិន័យ​ជា​ទឹកប្រាក់​ចូល​ថវិកា​រដ្ឋ​ចំនួន ៤​លាន​រៀល​ផង​ដែរ។

ការ​ប្រកាស​សាលក្រម​នេះ ធ្វើឡើង​បន្ទាប់ពី​តុលាការ​បាន​បើក​សវនាការ​លើ​សំណុំរឿង​លោក ហ៊ុន ហេង កាលពី​ថ្ងៃទី​៨ ខែ​តុលា នេះ ពី​បទ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់ និង​របួស។

យ៉ាងណាក៏ដោយ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក តុប ឈុនសុង និង​ព្រះរាជអាជ្ញារង តំណាង​អយ្យការ លោក លឹម ប៊ុនហេង បញ្ជាក់​ថា សាលក្រម​នេះ​បាន​បើក​ផ្លូវ និង​ទុក​ពេល​តាម​ការ​កំណត់​សម្រាប់​ភាគី​ណា​មួយ​ប្តឹង​ឧទ្ធរណ៍ បើ​មិន​សុខចិត្ត​ចំពោះ​ការ​កាត់ក្តី​នេះ។

កាលពី​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៥ ប្រធាន​ការិយាល័យ​ភស្តុភារ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក ហ៊ុន ហេង បាន​បើក​រថយន្ត​ក្នុង​ល្បឿន​លឿន​ក្រោម​ស្ថានភាព​ស្រវឹង និង​បាន​បុក​រះ​ទៅ​លើ​រ៉ឺម៉ក​កង់បី (PassUp) ចំនួន ៣​គ្រឿង ម៉ូតូ ១​គ្រឿង និង​រថយន្ត ១​គ្រឿង​ពី​ខាងក្រោយ ក្នុង​ខណ្ឌ​ចំការមន ដែល​បណ្តាល​ឱ្យ​បុរស​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង ខណៈ​មនុស្ស ៥​នាក់​ផ្សេង​ទៀត​ត្រូវ​រង​របួស​ធ្ងន់ និង​ស្រាល។

ជុំវិញ​ករណី​នេះ អ្នក​នាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សំ វិច្ឆិកា បាន​អះអាង​កាលពី​ថ្ងៃទី​១៥ ខែ​ឧសភា ថា អ្នក​បើកបរ​បង្ក​គ្រោះថ្នាក់​បាន​រក​ឃើញ​ថា​មាន​កម្រិត​អាល់កុល ០,៤៥​មិល្លីក្រាម​ក្នុង ១​លីត្រ​ខ្យល់ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់ ក្រុម​ការងារ​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ជន​បង្ក​មាន​ជាតិ​អាល់កុល​ត្រឹមតែ ០,៣៥​មិល្លីក្រាម​ក្នុង ១​លីត្រ​ខ្យល់​ប៉ុណ្ណោះ មិនមែន ០,៤៥​មិល្លីក្រាម​ក្នុង ១​លីត្រ​ខ្យល់​នោះ​ទេ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស