36.7 C
Phnom Penh

ក្រសួង​ព័ត៌មាន​ថា​កម្ពុជា​មាន​សេរីភាព​សារព័ត៌មាន​កើន​ជិត ៩០% ខណៈ​លែង​មាន​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​ចាត់ទុក​សន្ទស្សន៍​ស្ដីពី​សេរីភាព​សារព័ត៌មាន​ដែល​ចេញ​ដោយ​ក្រសួង​ព័ត៌មាន សម្រាប់​ឆ្នាំ​២០២៥ គឺជា​លទ្ធផល​មួយ​ជ្រុង​សម្រាប់​ប្រទេស​កម្ពុជា ខ្លួនឯង​ប៉ុណ្ណោះ ព្រោះ​សេចក្តី​រាយការណ៍​នេះ​នៅ​មាន​ចន្លោះ​ប្រហោង និង​មាន​លក្ខណៈ​ផ្ទុយ​គ្នា​ពី​សេចក្តី​រាយការណ៍​អន្តរជាតិ​ឯករាជ្យ​ដែល​គេ​បាន​រក​ឃើញ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣ វិច្ឆិកា ថា ការ​វាយតម្លៃ​លើ​សេរីភាព​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា មិន​ត្រូវ​ធ្វើឡើង​សម្រាប់​តែ​ខ្លួនឯង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវតែ​ជា​សេចក្តី​រាយការណ៍​ដែល​ផ្តល់​ជា​មូលដ្ឋាន​ពេញលេញ​សម្រាប់​អន្តរជាតិ​ផង​ដែរ។

លោក សេក សុជាតិ លើកឡើង​ថា សម្រាប់​ក្រសែភ្នែក​អន្តរជាតិ​ក្នុង​ពេលនេះ ប្រទេស​កម្ពុជា​បាន​បាត់បង់​នូវ​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ​ទាំងស្រុង​ទៅ​ហើយ ដូច្នេះ​ទោះបីជា​រាជរដ្ឋាភិបាល​អះអាង​ថា​សន្ទស្សន៍​ស្ដីពី​សេរីភាព​សារព័ត៌មាន​របស់​ខ្លួន​មាន​ភាព​ល្អ​ប្រសើរ​អស្ចារ្យ​ក៏ដោយ ក៏​មជ្ឈដ្ឋាន​អន្តរជាតិ​មិន​អាច​ទទួលយក​បាន​ដែរ។

អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ​បញ្ជាក់​ថា មុន​នឹង​ក្រសួង​សាមី​ចេញ​ផ្សាយ​សន្ទស្សន៍​ស្ដីពី​សេរីភាព​សារព័ត៌មាន គួរតែ​ពិនិត្យ​ផ្ទៀងផ្ទាត់​ជាមួយ​សេចក្តី​រាយការណ៍​ពី​មជ្ឈដ្ឋាន​អន្តរជាតិ​ជា​មុន​សិន ដើម្បី​ឱ្យ​សេចក្តី​រាយការណ៍​របស់​ខ្លួន​អាច​ទទួលយក​បាន​ពី​មជ្ឈដ្ឋាន​ទូទៅ ព្រោះ​ការ​ធ្វើ​បែប​នេះ ក៏​ដើម្បី​លុបបំបាត់​នូវ​ការ​ចោទប្រកាន់​ជុំវិញ​ការ​រឹតត្បិត​សេរីភាព​សារព័ត៌មាន​មក​លើ​ប្រទេស​កម្ពុជា​ខ្លួនឯង​ពី​សំណាក់​រដ្ឋាភិបាល​ដែរ។

អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន លោក ទេព អស្នារិទ្ធ បាន​អះអាង​កាលពី​ថ្ងៃទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ នេះ​ថា ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ឆ្នាំ​២០២៥ មាន​ភាព​ល្អ​ប្រសើរ​ដែល​កើន​ឡើង​ដល់ ៨៦% ខណៈ​ឆ្នាំ​២០២៤ កន្លង​ទៅ គឺ​កើន​ឡើង​ត្រឹមតែ ៧៩,៨% ប៉ុណ្ណោះ។

អ្នក​នាំពាក្យ​រូប​នេះ​អះអាង​ថា អ្នក​សារព័ត៌មាន​ជាង ៨៦% បាន​អះអាង​ថា​ខ្លួន​មាន​សេរីភាព​ពេញលេញ​ក្នុង​ការ​ប្រកប​អាជីព​ជា​អ្នក​សារព័ត៌មាន​ដោយ​មាន​សុវត្ថិភាព គ្មាន​ការ​យាយី និង​មាន​បរិយាកាស​ងាយស្រួល​ក្នុង​ការ​ប្រមូល​ព័ត៌មាន​ពី​ប្រភព​ផ្សេងៗ​សម្រាប់​ការ​ផ្សព្វផ្សាយ​របស់​ខ្លួន។

លោក ទេព អស្នារិទ្ធ បញ្ជាក់​ថា រយៈពេល ៨​ឆ្នាំ​ចុងក្រោយ​នេះ មិន​មាន​អ្នក​សារព័ត៌មាន​ណា​ម្នាក់​ត្រូវ​គេ​សម្លាប់​ក្នុង​ពេល​បំពេញ​ការងារ​ប្រកប​ដោយ​វិជ្ជាជីវៈ​ក្រមសីលធម៌​ជា​អ្នក​សារព័ត៌មាន​នោះ​ទេ។

ទោះជា​យ៉ាងណាក៏ដោយ ក្នុង​ទិវា​បញ្ចប់​និទណ្ឌភាព​លើ​អ្នក​សារព័ត៌មាន​ថ្ងៃទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ នេះ អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ចំនួន ១១​ស្ថាប័ន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ដោយ​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​ចាត់​វិធានការ​ជាបន្ទាន់​លើ​ឧក្រិដ្ឋកម្ម​ទាំងអស់​ដែល​ប្រឆាំង​អ្នក​សារព័ត៌មាន និង​អ្នក​ការពារ​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា។

សារព័ត៌មាន The Diplomat កាលពី​សប្តាហ៍​មុន ផ្សាយ​អំពី​ការ​ដាក់​ទណ្ឌកម្ម​លើ​ឧក្រិដ្ឋជន​ធ្វើ​សកម្មភាព​ឆបោក​ក្នុង​ប្រទេស​កម្ពុជា ថា​រាជរដ្ឋាភិបាល​ដឹង​ច្បាស់​អំពី​មុខរបរ​ខ្មៅ​ងងឹត​នេះ​តាំងពី​ឆ្នាំ​២០២២ តាមរយៈ​សេចក្តី​រាយការណ៍​ពី​សារព័ត៌មាន​ជាតិ និង​បរទេស ប៉ុន្តែ​អ្នកកាសែត​ខ្មែរ​ណា​ហ៊ាន​សរសេរ​ផ្សាយ​ការពិត​ទាំងនោះ នឹង​ត្រូវ​រដ្ឋអំណាច​តាម​ប្រមាញ់ ចាប់​ដាក់​គុក ឬ​បង្ខំ​ឲ្យ​សារភាព​ទទួល​កំហុស​ឆ្គង និង​ឈប់​និយាយ​ឈប់​ផ្សាយ​តទៅទៀត។

ប្រភព​ដដែល អះអាង​ថា គិត​តាំងពី​ឆ្នាំ​១៩៩៤ មក អ្នក​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា យ៉ាងហោចណាស់ ១៥​នាក់​ត្រូវ​បាន​សម្លាប់​ជុំវិញ​ការ​រាយការណ៍​អំពី​បញ្ហា​នយោបាយ និង​បញ្ហា​រសើប​ស្រៀវ​នានា​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​មាន​អំណាច៕

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក នេត្រ ភក្ដ្រា ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ដើម្បី​ផ្សព្វផ្សាយ​របាយការណ៍​ស្ដីពី «ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ឆ្នាំ​២០២៥» នៅ​រសៀល​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០២៥។
រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក នេត្រ ភក្ដ្រា ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ដើម្បី​ផ្សព្វផ្សាយ​របាយការណ៍​ស្ដីពី «ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ឆ្នាំ​២០២៥» នៅ​រសៀល​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០២៥។

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស