ពលរដ្ឋខ្មែរតាមមជ្ឈដ្ឋានផ្សេងៗ បានបន្ទរតាមគ្នានូវការកើតទុក្ខមិនសុខចិត្តចំពោះការប្រើពាក្យមិនផ្លូវការកន្ត្រាក់អារម្មណ៍ក្នុងអត្ថបទកាសែតថា Scambodia សំដៅហៅរាជាណាចក្រកម្ពុជា ទាក់ទងនឹងរាជរដ្ឋាភិបាលបណ្តែតបណ្តោយឲ្យមានប្រតិបត្តិការក្នុងមណ្ឌលឆបោក ក្នុងបនល្បែងកាស៊ីណូតាមបច្ចេកវិទ្យារាប់ឆ្នាំ ដែលពិភពលោកបានដឹងឮគ្រប់ទិសទី។
ភាសិតខ្មែរពោលថា ដំរីប៉ុនដំរីងាប់ យកចង្អេរទៅបាំង។
គណបក្សជំនាន់ថ្មី ទើបនឹងចេញមុខថ្កោលទោសកាសែត The Wall Street Journal (WSJ) ដែលបានប្រើប្រាស់ពាក្យ “Scambodia” ជំនួសឱ្យឈ្មោះប្រទេសកម្ពុជា Cambodia និងចាត់ទុកការប្រើពាក្យបែបនេះថាគ្មានវិជ្ជាជីវៈ និងជាការប្រមាថយ៉ាងធ្ងន់ធ្ងរលើកិត្តិយស និងសេចក្តីថ្លៃថ្នូរដល់ជាតិសាសន៍ខ្មែរទាំងមូល។
គណបក្សជំនាន់ថ្មី បានចេញថ្លែងការណ៍នៅថ្ងៃទី២២ មេសា នេះថា ទោះបីកម្ពុជាកំពុងប្រឈមនឹងបញ្ហាឧក្រិដ្ឋកម្មអនឡាញ ដែលជាបញ្ហាសកលក៏ដោយ ក៏ពុំមានបុគ្គល ឬស្ថាប័នព័ត៌មានណាមួយមានសិទ្ធិមកបង្អាប់បង្អោនឈ្មោះប្រទេសដែលជារដ្ឋអធិបតេយ្យមួយ ទៅជាឈ្មោះមជ្ឈមណ្ឌលបោកប្រាស់ គឺពី Cambodia ទៅជា Scambodia ដែលខុសពីឈ្មោះផ្លូវការឡើយ។
ទាក់ទងនឹងឧស្សាហកម្មឆបោកចេញពីស្រុកខ្មែរ កាសែតកូរ៉េខាងត្បូង ឈ្មោះ The Chosun Daily ផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ដើមឆ្នាំ២០២៦ នេះ ប្រើពាក្យទាក់ទាញអារម្មណ៍អ្នកអាន Scambodia នេះមុនគេ។
កាសែតនោះសរសេរថា៖ ប្រទេសកម្ពុជា ងាកទៅរកសហរដ្ឋអាមេរិក ខណៈមានការដូរទិសរឿងសន្តិសុខ និងការបង្ក្រាបឧក្រិដ្ឋកម្មតាមបច្ចេកវិទ្យា បញ្ហាព្រំដែនជាមួយប្រទេសថៃឡង់ដ៍ និងទណ្ឌកម្មសហរដ្ឋអាមេរិក ជុំវិញរឿងឧក្រិដ្ឋកម្មឆបោក ដែលជំរុញក្រុងភ្នំពេញឲ្យតម្រង់គោលនយោបាយយុទ្ធសាស្ត្ររវាងក្រុងវ៉ាស៊ីនតុន និងក្រុងប៉េកាំង (Cambodia Turns to U.S. Amid Security Shifts and Cybercrime Crackdown: Border conflict with Thailand and U.S. sanctions over ‘Scambodia’ scams drive Phnom Penh’s strategic realignment between Washington and Beijing)។
កាសែត The Chosun Daily សរសេរទៀតថា ចំណូលផលទុនក្នុងស្រុកសរុប GDP ប្រទេសកម្ពុជាប្រមាណពាក់កណ្តាលបានមកពីឧស្សាហកម្មឆបោក។
គេមិនដឹងថា តើពេលនោះ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន មិនបានអានអត្ថបទនោះ ឬក៏មិនហ៊ានឆ្លងឆ្លើយជាមួយប្រទេសវិនិយោគិន និងប្រទេសម្ចាស់បំណុលជិត ៧០០លានដុល្លារ ឬយ៉ាងណានោះទេ។
ក្រៅពីកាសែតអាមេរិកាំង The Wall Street Journal (WSJ) ព័ត៌មានពីប្រភពផ្សេងៗទៀតក៏មានផ្សាយអត្ថបទស្រាវជ្រាវយ៉ាងស៊ីជម្រៅ រហូតដល់ភ្ជាប់មុខរបរឧក្រិដ្ឋនេះទៅនឹងសមាជិកក្រុមគ្រួសារមេដឹកនាំ មន្ត្រីរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា និងឧកញ៉ាខ្លះទៀតផង។
វិទ្យាស្ថានស្រាវជ្រាវអាមេរិកាំងមួយឈ្មោះ AICPA-SOC ផ្សាយអត្ថបទនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នេះ ដោយហៅឧកញ៉ា ភូ កុកអាន ដែលជិតស្និទ្ធនឹងលោក ហ៊ុន សែន ថាសមាជិកព្រឹទ្ធសភាកាស៊ីណូប្រទេសកម្ពុជា។
អត្ថបទនោះសរសេរទៀតថា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសាធារណរដ្ឋកូរ៉េខាងត្បូង បានបង្កើនសកម្មភាពបង្ក្រាបបណ្ដាញឧក្រិដ្ឋកម្មឆបោកតាមបច្ចេកវិទ្យា ពីព្រោះឧក្រិដ្ឋជនបានបោកប្រាស់ពីពលរដ្ឋប្រទេសគេមានទឹកប្រាក់ចំនួន ៦០ពាន់លានដុល្លារតាំងពីឆ្នាំ២០២០ មក។
គណបក្សក្រៅរដ្ឋាភិបាលដដែលនេះ ប្រកាសគាំទ្រពេញទំហឹងដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងបំផុត ដើម្បីបង្ក្រាប និងលុបបំបាត់មជ្ឈមណ្ឌលឆបោកតាមអនឡាញឱ្យអស់ពីទឹកដីកម្ពុជា និងកម្ចាត់ចោលនូវរាល់បណ្ដាញឧក្រិដ្ឋកម្មឆ្លងដែនទាំងអស់ រួមទាំងផ្ដន្ទាទោសដល់មន្ត្រីពាក់ព័ន្ធដែលផ្តល់ជម្រកដល់បទល្មើសទាំងនេះផងដែរ។
គណបក្សជំនាន់ថ្មី អំពាវនាវឱ្យសហគមន៍អន្តរជាតិ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈដោយជៀសវាងការប្រើប្រាស់ភាសាបំបែកបំបាក់ និងការមាក់ងាយជាតិសាសន៍ខ្មែរ ព្រោះកម្ពុជាគឺជារដ្ឋឯករាជ្យមួយ ដែលមានកិត្តិយស សេចក្តីថ្លៃថ្នូរ ស្មើមុខមាត់នៅលើឆាកអន្តរជាតិ និងមិនមែនជាទឹកដីនៃអន្ទាក់ឆបោក ឬ Scambodia ដូចការចុះផ្សាយនៅក្នុងកាសែត The Wall Street Journal ឡើយ។
កាលពីថ្ងៃទី១៩ ខែមេសា កាសែតអាមេរិកាំង The Wall Street Journal បានចុះផ្សាយអត្ថបទពីប្រទេសកម្ពុជា ដោយដាក់ចំណងជើងថា របៀបដែលឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតក្លាយជាឧស្សាហកម្មឈានមុខនៅក្នុងទឹកដីនៃអន្ទាក់ ឬ Scambodia។
កាសែតអន្តរជាតិដដែលនេះ បញ្ជាក់ថា ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា បាននាំឱ្យមានអំពើពុករលួយដល់មន្ត្រីរាជការ រហូតមានការលួចលុយរាប់ពាន់លានដុល្លារ និងបានសាងសង់កន្លែងឆបោកគ្រប់ខ្នាតនៅតាមទីក្រុងនានា ដូច្នេះមិនមានអ្វីដែលគួរឱ្យឆ្ងល់ទេ ដែលគេហៅកម្ពុជាថាជាទឹកដីនៃអន្ទាក់ ឬ Scambodia នោះ។
ជុំវិញបញ្ហានេះ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានចាត់ទុកការហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ «Scambodia» ថាជាការកង្វះវិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មាន ដែលអាចនាំឱ្យមានការយល់ច្រឡំ ការរើសអើង ព្រមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ សេចក្តីថ្លៃថ្នូរ និងកិត្តិយសប្រទេស និងប្រជាជនកម្ពុជា ជិត ១៨លាននាក់។
លោក កែវ រ៉េមី ទាមទារឱ្យកាសែតនេះលុបពាក្យ «Scambodia» ចេញពីអត្ថបទរបស់ខ្លួនជាបន្ទាន់ និងចេញការកែតម្រូវ ឬបំភ្លឺ ព្រមទាំងធ្វើការសុំទោសជាផ្លូវការ និងត្រូវកែសម្រួលចំណងជើងឡើងវិញថែមទៀត។
ក្រៅពីចំណូលបានពីឧក្រិដ្ឋកម្មឆបោក ព័ត៌មានទាក់ទងនឹងពាណិជ្ជកម្មអាហរ័ណ-នីហរ័ណរវាងប្រទេសកម្ពុជា និងប្រទេសក្នុងសហគមន៍ ដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ដែលមាន ១៥ប្រទេស (RCEP) ក្រសួងពាណិជ្ជកម្ម ផ្សាយសេចក្តីរាយការណ៍នៅថ្ងៃពុធ ទី២២ ខែមេសា នេះថា ចំណុះទំនិញនាំចេញពីប្រទេសកម្ពុជា ទៅប្រទេសក្នុងក្រុមដៃគូមួយចំនួន ជាពិសេសប្រទេសចិន និងយៀកណាម មានទឹកប្រាក់ចំណូលជិត ៣ពាន់លានដុល្លារ ពីខែមករា ដល់ខែមីនា ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ រីឯការនាំទំនិញចូលពីប្រទេសដៃគូមកវិញ មានទឹកប្រាក់ជាង ៨ពាន់លានដុល្លារក្នុងត្រីមាសដដែល។ សរុបទឹកប្រាក់ក្នុងជំនួញជាមួយគ្នា មានចំនួនជាង ១១ពាន់លានដុល្លារ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

