30.8 C
Phnom Penh

តើ​ពលរដ្ឋ​ខ្មែរ​គួរ​ខឹង​អ្នក​ហៅ​ស្រុកទេស​ខ្លួន​ថា Scambodia ឬ​អ្នក​ដែល​អនុញ្ញាត​ឱ្យ​ឧក្រិដ្ឋកម្ម​នេះ​រីក​ដូច​ផ្សិត​នៅ​កម្ពុជា?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​សួរ​ថា តើ​ខ្មែរ​គួរ​ខឹង​នឹង​អ្នក​ដែល​ដាក់​ឈ្មោះ​ឱ្យ​ប្រទេស​របស់​ខ្លួន​ថា​ជា​ទឹកដី​នៃ​អន្ទាក់​ឆបោក «Scambodia» ឬ​គួរ​ពិនិត្យ​មើល​ចន្លោះ​ប្រហោង​នៃ​ប្រព័ន្ធ​គ្រប់គ្រង​ដែល​បណ្តោយ​ឱ្យ​មាន​ឧស្សាហកម្ម​ឆបោក​ទាំងនេះ​រីក​ដុះដាល​ដូច​ផ្សិត​កន្លង​មក​នោះ។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២១ មេសា នេះ​ថា រវាង​អ្នក​ដែល​ហៅ​ស្រុក​ខ្មែរ​ថា «Scambodia» និង​អ្នក​ដែល​អនុញ្ញាត​ឱ្យ​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​រីក​សាយភាយ​ពេញ​ផ្ទៃ​ប្រទេស តើ​នរណា​ជា​អ្នក​ខុស​ពិតប្រាកដ​ចំពោះ​បញ្ហា​ទាំងនេះ ព្រោះ​ថា​បើ​យន្តការ​រដ្ឋ​រឹងមាំ ឧក្រិដ្ឋជន​ក៏​មិន​អាច​មក​តាំង​មូលដ្ឋាន​នៅ​កណ្តាល​ក្រុង ឬ​តាម​ព្រំដែន​បាន​យ៉ាង​ងាយស្រួល​ដូច​ផ្សិត​បែប​នេះ​ដែរ។

អ្នក​ឃ្លាំមើល​រូប​នេះ​អះអាង​ថា ការ​ខឹង​អ្នក​ដែល​ដាក់​ឈ្មោះ​ឱ្យ​កម្ពុជា​ថា​ជា «Scambodia» មិន​ខុស​ពី​ការ​ខឹង «កញ្ចក់» ដែល​បង្ហាញ​ស្នាម​ប្រឡាក់​លើ​ផ្ទៃមុខ​របស់​ខ្លួន​ឡើយ ដូច្នេះ​បើ​ចង់​ឱ្យ​ឈ្មោះ​នេះ​រលាយ​បាត់ លុះត្រាតែ​ប្រភព​នៃ​បញ្ហា​ត្រូវ​បាន​លុបបំបាត់​ជា​មុន​សិន ខណៈ​រដ្ឋាភិបាល​គឺជា​អ្នក​ទទួល​ខុសត្រូវ​ក្នុង​ការ​លុបបំបាត់​បញ្ហា​នេះ​ទាំងស្រុង។

លោក​សួរ​ថា តើ​ការ​លុបបំបាត់​ឈ្មោះ​នេះ ត្រូវ​ចាប់ផ្តើម​ពី​ការ​បិទ​មាត់​អ្នក​ដទៃ ឬ​ចាប់ផ្តើម​ពី​ការ​បោសសម្អាត​ផ្ទះ​ខ្លួនឯង​ជា​មុន? ដូច្នេះ ពលរដ្ឋ​ខ្មែរ​ត្រូវតែ​បំប្លែង​កំហឹង​ពី​ការ​ប្រមាថ​ពី​បរទេស ឱ្យ​ទៅ​ជា «សម្ពាធ​វិជ្ជមាន» ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ធ្វើការ​បោសសម្អាត​បញ្ហា​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព និង​តម្លាភាព​ពិតប្រាកដ នោះ​ទើប​ជា​រឿង​ល្អ​សម្រាប់​ជាតិ​ទៅ​ថ្ងៃ​មុខ។

លោក សេង វណ្ណលី បញ្ជាក់​ថា ក្នុង​ស្ថានភាព​នេះ នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត មាន​ជម្រើស​ពីរ គឺ​ទី​១ ត្រូវ​បន្ត​ការពារ​បុគ្គល​ពាក់ព័ន្ធ​នឹង​បណ្ដាញ​ឆបោក​ដើម្បី​រក្សា​ផ្ទៃក្នុង ឬ​ក៏​ទី​២ គឺ​ត្រូវ​ប្រើ​វិធានការ​កម្ចាត់​មន្ត្រី​ខិលខូច​ដើម្បី​ស្រោចស្រង់​មុខមាត់​ប្រទេស​ជាតិ​មាតុភូមិ និង​ការពារ​ទឹកដី​ពី​ការ​ឈ្លានពាន​ពី​ប្រទេស​ជិតខាង ខណៈ​ការ​សម្រេច​ចិត្ត​នេះ ក៏​ជា​ការ​វាស់​ស្ទង់​លើ​ជោគវាសនា​ប្រទេស​កម្ពុជា​ទាំងមូល​ទៅ​ថ្ងៃ​អនាគត​ដែរ។

នៅ​ឆ្នាំ​២០២២ សហរដ្ឋ​អាមេរិក ប្រទេស​ចិន ឥណ្ឌូនេស៊ី និង​ប្រទេស​យៀកណាម បាន​ផ្តល់​ព័ត៌មាន​ដល់​រាជរដ្ឋាភិបាល​ថា ឧក្រិដ្ឋជន​រកស៊ី​ឆបោក​តាម​បច្ចេកវិទ្យា (online scammers) បាន​ចូល​បោះ​ទីតាំង​ក្នុង​រាជាណាចក្រ​កម្ពុជា ហើយ។ សហរដ្ឋ​អាមេរិក ក៏បាន​ដាក់​ទណ្ឌកម្ម​លើ​អាជីវករ​ចិន និង​មន្ត្រី​ខ្មែរ​ជាច្រើន​នាក់។

កាលពី​ថ្ងៃទី​១៩ ខែ​មេសា កាសែត​អាមេរិកាំង The Wall Street Journal បាន​ចុះផ្សាយ​អត្ថបទ​ពី​ប្រទេស​កម្ពុជា ដោយ​ដាក់​ចំណងជើង​ថា «របៀប​ដែល​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​ក្លាយ​ជា​ឧស្សាហកម្ម​ឈានមុខ​នៅ​ក្នុង​ទឹកដី​នៃ​អន្ទាក់ ឬ Scambodia» ដែល​កំពុង​ប្រតិបត្តិការ​ជាច្រើន​ទីតាំង​ផ្សេងៗ​ពិបាក​នឹង​លុបបំបាត់។

ប្រភព​ដដែល រាយការណ៍​ថា ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​ដែល​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​នាំ​ឱ្យ​មាន​អំពើពុករលួយ​ដល់​មន្ត្រី​រាជការ រហូត​មាន​ការ​លួច​លុយ​រាប់​ពាន់​លាន និង​បាន​សាងសង់​កន្លែង​ឆបោក​គ្រប់​ខ្នាត​នៅ​តាម​ទីក្រុង​នានា ដូច្នេះ​មិន​មាន​អ្វី​ដែល​គួរ​ឱ្យ​ឆ្ងល់​ទេ​ដែល​គេ​ហៅ​កម្ពុជា ថា​ជា​ទឹកដី​នៃ​អន្ទាក់ ឬ Scambodia នោះ។

កាសែត​អន្តរជាតិ​ដដែល​នេះ បញ្ជាក់​ថា កម្ពុជា​បាន​ក្លាយ​ជា​គោលដៅ​សំខាន់​មួយ​សម្រាប់​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​នៅ​លើ​ពិភពលោក ដោយ​មាន​បណ្ដាញ​បោកប្រាស់​ធំៗ​ដែល​ដំណើរការ​ដោយ​ក្រុម​ឧក្រិដ្ឋជន​អន្តរជាតិ​ជាច្រើន និង​ការ​តភ្ជាប់​ជាមួយ​ជនជាតិ​ចិន ដែល​ប្រើ​កម្មករ​ជា​ការ​ជួញដូរ​ដើម្បី​បោកប្រាស់​ជនរងគ្រោះ​នៅ​ទូទាំង​ពិភពលោក។

គួរ​រំឭក​ថា សារព័ត៌មាន​បរទេស​ដែល​ហៅ​រាជាណាចក្រ​កម្ពុជា ថា Scambodia មុន​គេ គឺ​កាសែត​កូរ៉េខាងត្បូង ឈ្មោះ The Chosun Daily ផ្សាយ​នៅ​ថ្ងៃទី​១៦ ខែ​កុម្ភៈ ដើម​ឆ្នាំ​២០២៦ នេះ ដែល​សរសេរ​ថា៖ ប្រទេស​កម្ពុជា ងាក​ទៅ​រក​សហរដ្ឋ​អាមេរិក ខណៈ​មាន​ការ​ដូរ​ទិស​រឿង​សន្តិសុខ និង​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​តាម​បច្ចេកវិទ្យា បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ថៃឡង់ដ៍ និង​ទណ្ឌកម្ម​សហរដ្ឋ​អាមេរិក ជុំវិញ​រឿង​ឧក្រិដ្ឋកម្ម​ឆបោក ដែល​ជំរុញ​ក្រុង​ភ្នំពេញ​ឲ្យ​តម្រង់​គោលនយោបាយ​យុទ្ធសាស្ត្រ​រវាង​ក្រុង​វ៉ាស៊ីនតុន និង​ក្រុង​ប៉េកាំង (Cambodia Turns to U.S. Amid Security Shifts and Cybercrime Crackdown: Border conflict with Thailand and U.S. sanctions over ‘Scambodia‘ scams drive Phnom Penh’s strategic realignment between Washington and Beijing)។

កាសែត The Chosun Daily សរសេរ​ទៀត​ថា ចំណូល​ផលទុន​ក្នុង​ស្រុក​សរុប GDP ប្រទេស​កម្ពុជា​ប្រមាណ​ពាក់កណ្តាល​បាន​មកពី​ឧស្សាហកម្ម​ឆបោក។

គេ​មិន​ដឹង​ថា តើ​ពេល​នោះ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន មិន​បាន​អាន​អត្ថបទ​នោះ ឬ​ក៏​មិន​ហ៊ាន​ឆ្លងឆ្លើយ​ជាមួយ​ប្រទេស​វិនិយោគិន និង​ប្រទេស​ម្ចាស់បំណុល​ជិត ៧០០​លាន​ដុល្លារ ឬ​យ៉ាងណា​នោះ​ទេ។

ដោយឡែក​ពី​នេះ​ទៀត សក្ខីកម្ម​ពី​កម្មករ​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ បាន​ពិពណ៌នា​អំពី​ការ​បង្ខំ​ឱ្យ​ធ្វើ​ការងារ ការ​បំពាន និង​ការ​ឃុំ​ខ្លួន​ក្នុង​បរិវេណ​បោកប្រាស់​ទាំងនេះ ខណៈ​អង្គការ​អន្តរជាតិ​បាន​ចាត់ទុក​សកម្មភាព​បោកប្រាស់​ទាំងនោះ​ថា​ជា​ទម្រង់ «ទាសភាព​សម័យ​ថ្មី» ដោយសារ​ការ​អនុវត្ត​ច្បាប់​មាន​សភាព​ទន់ខ្សោយ។

យ៉ាងណាក៏ដោយ ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន កាលពី​ដើម​ខែ​មេសា នេះ​ថា កម្ពុជា​គ្មាន​កន្លែង​សុវត្ថិភាព​សម្រាប់​ពួក​ឧក្រិដ្ឋជន​ឡើយ បន្ទាប់ពី​ក្រសួង​បាន​ប្រកាស​ដាក់​ចំណាត់ការ​កាលពី​ថ្ងៃទី​៥ ខែ​កុម្ភៈ ក្នុង​ការ​បោសសម្អាត​បទល្មើស​អនឡាញ​ឱ្យ​អស់​ត្រឹម​ខែ​មេសា ឆ្នាំ​២០២៦ នេះ។

ចំណែក​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ធ្លាប់​បាន​អះអាង​កាលពី​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៦ នេះ​ដែរ​ថា បណ្ដាញ​បោកប្រាស់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ឬ​ហៅថា​សេដ្ឋកិច្ច​ខ្មៅ កំពុង​បំផ្លាញ​សេដ្ឋកិច្ច​ដ៏​ស្មោះត្រង់​ប្រទេស​កម្ពុជា និង​ធ្វើ​ឱ្យ​ខូច​កេរ្តិ៍ឈ្មោះ​ប្រទេស​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ​សព្វថ្ងៃ​នេះ។

សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចុះផ្សាយ​របស់​កាសែត​បរទេស​អំពី​កម្ពុជា ចំពោះ​បញ្ហា​នេះ​បាន​នៅឡើយ​ទេ រហូត​ដល់​ម៉ោង​ផ្សាយ​នេះ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស