អ្នកស្រី Diane Francis គឺជាអ្នកវិភាគសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយជនជាតិអាមេរិក សញ្ជាតិកាណាដា។ អ្នកស្រីបានចងក្រងអត្ថបទវិភាគស្រាវជ្រាវមួយទាក់ទងនឹងការធ្លាក់ចុះយ៉ាងខ្លាំងនៃកម្លាំងសេដ្ឋកិច្ចរបស់រុស្ស៊ី ខណៈមហាអំណាចមួយនេះកំពុងប្រឈមនឹងទណ្ឌកម្មអន្តរជាតិ និងការចំណាយធនធានដើម្បីផ្គត់ផ្គង់សង្គ្រាមរបស់ខ្លួននៅលើទឹកដីអ៊ុយក្រែន កាន់តែកើនឡើង។
អត្ថបទរបស់អ្នកវិភាគរូបនេះត្រូវបានចុះផ្សាយដោយសារព័ត៌មានអ៊ុយក្រែន Kyiv Post។ អ្នកវិភាគ Diane Francis បានបង្ហាញថា ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ គេសង្កេតឃើញក្រុងមូស្គូ បានទាញ និងកំពុងតែទាញសេដ្ឋកិច្ចរបស់ខ្លួនឱ្យមានស្ថិរភាពឡើងវិញយ៉ាងលំបាក ព្រោះតែកំពុងដាំក្បាលចុះទៅរកទីកន្លែងមួយ គឺក្រឡាប់។
អ្នកវិភាគ Diane Francis បានលើកឡើងថា វិបត្តិសេដ្ឋកិច្ច ការដែលកំពុងដួលរលំនៃប្រាក់ចំណូលពីប្រេង និងការវាយប្រហារក្រោមយុទ្ធសាស្ត្រថ្មីពីអ៊ុយក្រែន ទៅលើរោងចក្រចម្រាញ់ប្រេង បានធ្វើឲ្យគោលដៅយុទ្ធសាស្ត្ររបស់រុស្ស៊ី កាន់តែច្របូកច្របល់។
អ្នកស្រី Diane Francis បានសង្កត់ធ្ងន់ថា កត្តាសេដ្ឋកិច្ច មិនមែនជារឿងខាងក្រៅដែលគួរប្រុងប្រយ័ត្ននោះទេ ប៉ុន្តែជាចំណុចស្នូលដែលកំណត់សមត្ថភាពរបស់រុស្ស៊ី ក្នុងការបន្តធ្វើសង្គ្រាម។
អត្ថបទវិភាគរបស់អ្នកស្រី Diane Francis បានឱ្យដឹងថា ប្រាក់ចំណូលប្រេងរបស់រុស្ស៊ី ធ្លាក់ចុះ ២៧% ដោយសារតែប្រសិទ្ធភាពនៃទណ្ឌកម្ម និងការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំពីសំណាក់អ៊ុយក្រែន ទៅលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី បង្ហាញថាការនាំចេញប្រេងរបស់រុស្ស៊ី ដែលជាប្រភពផ្តល់នូវហិរញ្ញប្បទានសម្រាប់សង្គ្រាមនៅអ៊ុយក្រែន កំពុងតែចុះខ្សោយយ៉ាងខ្លាំង។
ការដែលអ៊ុយក្រែន ចាប់ផ្តើមសងសឹកដោយបើកការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ ដោយផ្ដោតលើគោលដៅរោងចក្រចម្រាញ់ប្រេងរុស្ស៊ី គេឃើញអ៊ុយក្រែន កំពុងមានប្រៀបជាងរុស្ស៊ី ក្នុងសង្គ្រាមបំផ្លាញចង្វាក់ផលិតកម្មប្រេងរបស់មហាអំណាចនេះ។
ដោយសារតែដូចនេះ រដ្ឋាភិបាលរុស្ស៊ី បានបង្ខំដកយកថវិកាមូលនិធិសុខុមាលភាពជាតិរបស់ខ្លួនរាប់ពាន់លានដុល្លារ ដោយយកទៅផ្គត់ផ្គង់ការធ្វើសង្គ្រាមឈ្លានពានលើប្រទេសអ៊ុយក្រែន។ ក្នុងឆ្នាំ២០២២ ទុនបម្រុង ១០០ពាន់លានដុល្លារក្នុងធនាគារជាតិ ក៏ទីក្រុងមូស្គូ បានយកទៅចំណាយលើសង្គ្រាមដែរ។
ជាមួយនឹងការបាត់បង់ទុនជាតិបម្រុង រុស្ស៊ីក៏បានបាត់សិទ្ធិលើទុនបំណុលបរទេសរបស់ខ្លួនជាង ៣០០ពាន់លានដុល្លារ ដោយសារត្រូវបានបង្ខាំងព្រោះតែប្រឆាំងនឹងក្រុងមូស្គូ ដែលបង្កសង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែន។ បន្ថែមលើវិបត្តិដ៏ធំមួយនេះ សម្ពន្ធភាពអ៊ុយក្រែន ក៏ដាក់ចេញផែនការផ្ទេរទុនបម្រុងបរទេសទាំង ៣០០ពាន់លានដុល្លារទៅអ៊ុយក្រែន សម្រាប់ការស្ដារប្រទេសអ៊ុយក្រែន ឡើងវិញក្រោយសង្គ្រាម។
នៅពេលដែលសង្គ្រាមតម្រូវឱ្យមានការចំណាយខ្លាំងឡើង អ្នកផ្គត់ផ្គង់របស់រុស្ស៊ី ទាំងក្នុងប្រទេស និងក្រៅប្រទេស កំពុងចាប់ផ្តើមបង្ហាញការទាមទារឱ្យដំឡើងតម្លៃមុខទំនិញឱ្យកាន់តែខ្ពស់ជាងមុន ទាំងការប្រើប្រាស់ក្នុងប្រទេស និងក្រៅប្រទេស។ នេះក៏ជាវិបត្តិមួយដ៏ធ្ងន់ប៉ះពាល់ខ្លាំងដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន។
សេចក្តីរាយការណ៍បញ្ជាក់ថា តម្លៃសម្ភារៈ និងគ្រឿងបន្លាស់យោធាបានកើនតម្លៃពី ៣០% ទៅ ៨០%។ ជាមួយគ្នានេះ អតិថិជនទិញប្រេងពីប្រទេសរុស្ស៊ី ដែលកំពុងរងសម្ពាធក្រោមទណ្ឌកម្មរបស់អឺរ៉ុប និងសហរដ្ឋអាមេរិក ពួកគេបានបន្ថយយ៉ាងខ្លាំងការទិញប្រេងពីរុស្ស៊ី ដល់ទៅជិត ៤០ភាគរយ។
ដើម្បីពង្រឹងចំណូលប្រេងរបស់ខ្លួន រុស្ស៊ីស្នើសុំការបង់ប្រាក់ជាមុនពីប្រទេសចិន ព្រោះចិន នៅតែជាប្រទេសនាំប្រេងចូលពីរុស្ស៊ី ធំជាងគេ។ ក្នុងពេលតែមួយនេះ រដ្ឋាភិបាលក្រុងមូស្គូ ក៏បានបង្កើនពន្ធលើតម្លៃទំនិញឧស្សាហកម្ម និងកសិកម្មបន្ថែមដល់ទៅ ២២%។
ចំពោះវិស័យដឹកជញ្ជូនផ្លូវដែក និងបំពង់បង្ហូរប្រេងដែលត្រូវបានចាត់ទុកជាហេដ្ឋារចនាសម្ពន្ធផលិតកម្មប្រេងដ៏សំខាន់ ក៏បានចាប់ផ្តើមដួលរលំដែរ ព្រោះត្រូវបានបំផ្លាញ និងកាត់ផ្ដាច់ដោយការវាយប្រហាររបស់អ៊ុយក្រែន។
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា រោងចក្រឧស្សាហកម្មធំៗមួយចំនួនបានកាត់បន្ថយកម្លាំងពលកម្មពី ២០-២៥% នៅតាមក្រុមហ៊ុនមួយចំនួន ព្រោះដើម្បីសន្សំលើចំណាយប្រាក់ខែរបស់កម្មករដែលនៅធ្វើការងារឱ្យមានស្ថិរភាព។
អត្ថបទស្រាវជ្រាវពីអ្នកស្រី Diane Francis អ្នកវិភាគសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយជនជាតិអាមេរិកាំង សញ្ជាតិកាណាដា បង្ហាញថា ឧស្សាហកម្មប្រេងរបស់រុស្ស៊ី ដែលជាកម្លាំងស្នូលក្នុងការពង្រឹងសង្គ្រាមនៅសមរភូមិ កំពុងចាប់ផ្ដើមលែងមានភាពរឹងមាំទៀតហើយ។
ជាមួយគ្នានេះ អ្នកវិភាគជាច្រើនរកឃើញថាចំណូលនៃ GDP សម្រាប់ប្រជាជន បានធ្លាក់ចុះ ជាទូទៅពី ២០ភាគរយ ខណៈការចំណាយយោធាកើនឡើងយ៉ាងខ្លាំង ហើយតម្លៃសម្ភារៈគ្រឿងចក្រប្រទេសរុស្ស៊ី កំពុងប្រឈមមុខនឹងវិបត្តិធ្ងន់ធ្ងរខ្លាំង។
កាលពីថ្ងៃទី១៤ តុលា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក៏បានព្យាករថា សេដ្ឋកិច្ចរុស្ស៊ី អាចដួលរលំនៅដើមឆ្នាំ២០២៦ ឬចុងឆ្នាំ២០២៦ ប្រសិនបើសម្ពាធអន្តរជាតិ និងសង្គ្រាមនៅតែបន្តអត់ឈប់។
អ្នកប្រឆាំងរដ្ឋាភិបាលលោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន និងជាអតីតអ្នកល្បីដ៏កំពូលក្នុង Game អុករុស្ស៊ី លោក Garry Kasparov អះអាងថា GDP ឬផលទុនក្នុងស្រុកសរុបនៃប្រជាជនរុស្ស៊ី មានតែតួលេខខ្ពស់ តែធាតុពិតធ្លាក់ចុះយ៉ាងខ្លាំង។
លោក Kasparov បានហៅទីក្រុងមូស្គូ ថា “Potemkin Powerhouse” ឬកម្លាំងក្លែងក្លាយ មានន័យថា បើមើលពីខាងក្រៅ សេដ្ឋកិច្ចរុស្ស៊ី នៅបន្តមានភាពរឹងមាំ ប៉ុន្តែខាងក្នុងមានស្ថានភាពទន់ខ្សោយខ្លាំងណាស់ហើយ។
លោកព្រមានថា បើប្រាក់ចំណូលសម្រាប់ប្រជាជនធ្លាក់កាន់តែខ្លាំង ខណៈអត្រាបាត់បង់ការងារកាន់តែកើនឡើង ទោះជាកងទ័ពជួរមុខនៅបន្តទទួលបានប្រាក់ឧបត្ថម្ភនៅមានស្ថិរភាព ក៏មិនអាចបិទបាំងបានយូរដែរ។
លោកយល់ថា វិបត្តិផ្ទៃក្នុងប្រទេសរុស្ស៊ី នឹងផ្ដើមផ្ទុះខ្លាំងក្លា កងទ័ពនៅសមរភូមិអាចគិតថាធ្វើសង្គ្រាមដើម្បីតែចាញ់ប៉ុណ្ណោះ។ ប្រជាជនបះបោរ កងទ័ពក៏នឹងបះបោរដែរ វិមានក្រឹមឡាំងនឹងធ្លាក់ក្នុងភាពចលាចលដ៏គ្រោះថ្នាក់៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

