កាលពីថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ព្រះមហាក្សត្រថៃ ព្រះបាទមហាវជិរ៉ាឡុងកន បានយាងទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ដែលត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលស្ដេចថៃ ជំនាន់ក្រោយនេះ យាងទៅទីក្រុងប៉េកាំង។
ទស្សនកិច្ចនេះ ត្រូវបានកត់ត្រាថាជាដំណើរទស្សនកិច្ចលើកដំបូងបំផុតរបស់ព្រះមហាក្សត្រថៃ ទៅប្រទេសចិន ចាប់តាំងពីចិន និងថៃ បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាកាលពី ៥០ឆ្នាំមុន។
ក្នុងទីក្រុងប៉េកាំង ទូរទស្សន៍រដ្ឋចិន CCTV ចុះផ្សាយថា លោកប្រធានាធិបតី ស៊ី ជីនពីង ចាត់ទុកទំនាក់ទំនងរវាងចិន និងថៃ ថាជាគ្រួសារតែមួយ។ លោក ស៊ី បានប្រាប់ព្រះមហាក្សត្រថៃ ថា ចិននឹងពង្រឹងការសម្របសម្រួលជាយុទ្ធសាស្ត្រជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។
ប្រធានាធិបតីចិន សង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិរវាងចិន និងថៃ ត្រូវពង្រីកតាមរយៈការតភ្ជាប់ផ្លូវដែកចិន-ថៃ។
តាមទូរទស្សន៍រដ្ឋចិន CCTV ការជ្រើសយកចិន ជាប្រទេសបំពេញទស្សនកិច្ចដំបូងរបស់ព្រះបាទមហាវជិរ៉ាឡុងកន ត្រូវបានកត់ត្រាជាប្រវត្តិសាស្ត្រថា មហាក្សត្រថៃ មានការវាយតម្លៃខ្ពស់ណាស់នូវទំនាក់ទំនងចិន និងរាជាណាចក្រថៃ។
ប៉ុន្តែអ្នកសង្កេតការណ៍មើលឃើញថា ព្រះមហាក្សត្រថៃ ដែលយាងទៅកាន់ទីក្រុងប៉េកាំង ពេលនេះ មិនមែនជារឿងចៃដន្យនោះទេ ព្រោះធ្វើឡើងចំពេលថៃ កំពុងបង្កព្យាយាមវាយយកទឹកដីខាងក្នុងព្រំដែនកម្ពុជា ដែលកម្ពុជា ជាមហាមិត្តដែកថែបនឹងចិន។
ជាច្រើនទសវត្សមកហើយ ស្ដេចថៃ កម្រណាស់យាងទៅជួបមេដឹកនាំចិន ជាពិសេសអតីតព្រះមហាក្សត្រ ភូមិបុលអាឌូលយ៉ាដេ ព្រះបិតារបស់មហាវជិរ៉ាឡុងកន។ អតីតព្រះមហាក្សត្រ ភូមិបុលអាឌូលយ៉ាដេ អាចមានការបារម្ភពីការកត់សម្គាល់ថារាជាណាចក្រថៃ ងាកពីសម្ពន្ធមិត្តសហរដ្ឋអាមេរិក ទៅរកចិនកុម្មុយនីស្ត ទើបព្រះអង្គកម្រណាស់យាងទៅចិន។
តែឥឡូវនេះ ប្រទេសចិន ជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសថៃ ហើយទំនាក់ទំនងរវាងទីក្រុងបាងកក និងទីក្រុងប៉េកាំង កាន់តែមានភាពកក់ក្តៅនៅប៉ុន្មានឆ្នាំថ្មីៗនេះ រហូតមេដឹកនាំថៃ ចុងក្រោយនេះ ផ្ដើមទិញអាវុធពីចិន ហើយទីបំផុត ទាំងព្រះមហាក្សត្រមហាវជិរ៉ាឡុងកន បុត្រាអតីតព្រះមហាក្សត្រ ភូមិបុលអាឌូលយ៉ាដេ និងនាយករដ្ឋមន្ត្រី អនុធីន ឆានវីរៈគុល បានអមដំណើរជាមួយគ្នាទៅចិន ជួបមេដឹកនាំចិន ស៊ី ជីនពីង បង្កើតបានជាព្រឹត្តិការណ៍ថ្មីបំផុតនៃទំនាក់ទំនងទ្វេភាគី។
មានការលើកឡើងថា តាមរយៈដំណើរយាងរបស់មហាក្សត្រមហាវជិរ៉ាឡុងកន និងនាយករដ្ឋមន្ត្រី អនុធីន ឆានវីរៈគុល ទៅទីក្រុងប៉េកាំង រាជាណាចក្រថៃ កំពុងតែងាកទៅរកចិន ចោលអាមេរិក។
ជាប្រវត្តិសាស្ត្រ ប្រទេសថៃ ជាសម្ពន្ធភាពដ៏រឹងមាំរបស់សហរដ្ឋអាមេរិក កាលពីក្នុងសង្គ្រាមត្រជាក់ និងច្រើនទសវត្សមកហើយ តែចាប់តាំងពីលោក ប្រាយុទ្ធ ចាន់អូចា ឡើងជានាយករដ្ឋមន្ត្រីតាមរយៈរដ្ឋប្រហារនៅឆ្នាំ២០១៤ មក គេសង្កេតឃើញប្រទេសថៃ ផ្ដើមធ្វើសមយុទ្ធយោធាជាមួយចិន តែថៃ នៅបន្តធ្វើសមយុទ្ធជាមួយអាមេរិក។
យ៉ាងណា រដ្ឋាភិបាលលោក ប្រាយុទ្ធ ក៏ចាប់ផ្ដើមទិញអាវុធពីចិន ដែរ ហើយនៅបន្តទិញអាវុធពីអាមេរិក ដែរ លើកលែងតែយន្តហោះ F-35 ដែលអាមេរិកមិនព្រមលក់ឱ្យថៃ ក្រៅពីនេះ យន្តហោះ F-16 កំពុងមានក្នុងដៃរបស់កងទ័ពអាកាសថៃ ដែលថៃ បានប្រើប្រាស់វាយប្រហារទៅលើប្រទេសកម្ពុជា អំឡុងសង្គ្រាមព្រំដែន ៥ថ្ងៃ កាលពីចុងខែកក្កដា ឆ្នាំ២០២៥ ថ្មីៗនេះ។
តាមរយៈសង្គ្រាម ៥ថ្ងៃ ចិនបញ្ចេញសេចក្ដីថ្លែងការណ៍អំពាវនាវឱ្យភាគីថៃ និងកម្ពុជា អត់ធ្មត់ដោយប្រាប់ឱ្យបញ្ឈប់ការវាយប្រយុទ្ធគ្នា។ ចិន ជាមហាមិត្តដែកថែបនឹងកម្ពុជា គេថាសឹងតែបងប្អូននឹងគ្នាទៅហើយ បើគិតពីទំនាក់ទំនងជិតស្និទ្ធរវាងអតីតមហាក្សត្រកម្ពុជា សម្ដេចព្រះនរោត្តម សីហនុ និងព្រះមហាក្សត្រ សីហមុនី និងមេដឹកនាំគ្រប់ជំនាន់មកហើយតាំងពីមេដឹកនាំផ្ដាច់ការចិន ម៉ៅ សេទុង មកនោះ។ ចិន មិនបានដកថយពីការអន្តរាគមន៍ក្នុងសង្គ្រាមកម្ពុជា-ថៃ នោះទេ តែអ្វីដែលជាការកត់សម្គាល់ គេថាចិន សម្លឹងឃើញថៃ ធំជាងកម្ពុជា នៅពេលនេះ ព្រោះថៃ ក៏ងាកពីអាមេរិក ទៅរកចិន តាមរយៈទំហំពាណិជ្ជកម្ម និងការប្រើប្រាស់អាវុធរបស់ចិន មួយចំនួននៅលើទឹកដីថៃ នៅពេលនេះ។
អំឡុងសង្គ្រាម ៥ថ្ងៃ ចិនត្រូវគេមើលឃើញថា មិនបានជួយពន្លត់ភ្លើងសង្គ្រាមព្រំដែនកម្ពុជា នោះទេ បែរជាសហរដ្ឋអាមេរិកនៃរដ្ឋការលោក ដូណាល់ ត្រាំ ជាអ្នកពន្លត់ភ្លើងសង្គ្រាមកម្ពុជា-ថៃ បាន។ នៅអំឡុងភាពតានតឹង ប្រទេសថៃ សឹងតែងាកចេញពីអាមេរិក ដែលមេដឹកនាំថៃ អាចគិតថាខ្លួនគេកំពុងតែមានប្រៀបក្នុងសមរភូមិ បែរជាអាមេរិកលូកដៃអន្តរាគមន៍។
ដូច្នេះ ទាំងនាយករដ្ឋមន្ត្រីថៃ ទាំងមហាក្សត្រថៃ ត្រូវគេមើលឃើញថាសម្លឹងទៅរកចិន ហើយខិតខំធ្វើខ្លួនឲ្យស្និទ្ធជាមួយចិន កាន់តែខ្លាំងឡើង ហើយចិន ក៏ខិតខំធ្វើខ្លួនឱ្យស្និទ្ធជាមួយថៃ កាន់តែខ្លាំងឡើងដែរ។
ជាក់ស្ដែង ទស្សនកិច្ចរបស់មហាក្សត្រថៃ និងនាយករដ្ឋមន្ត្រីថៃ ទៅទីក្រុងប៉េកាំង កាលពីថ្ងៃទី១៤ វិច្ឆិកា គេមើលឃើញថាមេដឹកនាំថៃ ចាប់តាំងពីលោក ប្រាយុទ្ធ ចាន់អូចា មកដល់មេដឹកនាំចុងក្រោយ អនុធីន ឆានវីរៈគុល ជាពិសេសគឺព្រះមហាក្សត្រថៃ បច្ចុប្បន្ននេះ កាន់តែងាកខ្លួនចេញពីសហរដ្ឋអាមេរិក។
អ្នកសង្កេតការណ៍មើលឃើញថា ចិនកំពុងតែចាប់បានភូមិសាស្ត្រនយោបាយនៅអាស៊ីអាគ្នេយ៍ ដោយចាប់យកប្រទេសថៃ ជាកម្លាំងសេដ្ឋកិច្ចផង និងកម្លាំងយោធាជាមួយនឹងចិន ប៉ុន្តែចិន មើលឃើញថាមិនចោលកម្ពុជា នោះទេ។
សម្រាប់អ្នកសង្កេតការណ៍មានទស្សនៈថា បើមេដឹកនាំថៃ ជំនាន់ក្រោយមានគោលនយោបាយដូចមេដឹកនាំថៃ បច្ចុប្បន្ននេះ ថៃអាចនឹងក្លាយជាសម្ពន្ធភាពជាមួយចិន ងាកចេញពីអាមេរិក ប៉ុន្តែបើតាមស្ថានភាពជាក់ស្ដែង មេដឹកនាំថៃ កំពុងកាន់អំណាចបច្ចុប្បន្ននេះ មិនអាចឈ្នះការបោះឆ្នោតនៅពេលខាងមុខបាននោះទេ ដែលគេរំពឹងថា រយៈពេល ១ខែជាងបន្តិចទៀតនេះ ថៃនឹងមានការបោះឆ្នោតសភាជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មី។
គណបក្សប្រឆាំងដែលមាននិន្នាការទៅរកអាមេរិក ហើយសុទ្ធតែជាបញ្ញវន្តមកពីសហរដ្ឋអាមេរិកនៃគណបក្សប្រជាជនថៃ កំពុងមានប្រជាប្រិយភាពខ្លាំងនៃការដណ្ដើមអំណាចតាមរយៈសន្លឹកឆ្នោតរបស់ប្រជាជនថៃ។ គេថា មេដឹកនាំគណបក្សប្រជាជនជាគណបក្សប្រឆាំងដ៏ធំបំផុត បើក្លាយជានាយករដ្ឋមន្ត្រីថៃ គឺប្រទេសថៃ អាចនឹងកាត់បន្ថយភ្លាមៗភាពស្និទ្ធស្នាល និងឥទ្ធិពលសន្តិសុខយោធាជាមួយប្រទេសចិន ហើយងាកទៅរកសហរដ្ឋអាមេរិកវិញ បើទោះជាមេដឹកនាំថ្មីនោះនៅពង្រឹងសេដ្ឋកិច្ចជាមួយនឹងចិន ក៏ដោយនោះ។
មានន័យថា មេដឹកនាំថ្មីថៃ ដែលមកពីគណបក្សប្រជាជន អាចនឹងរុះរើស្ថានភាពទំនាក់ទំនងដែលធ្វើឱ្យល្អក់កករជាមួយអាមេរិក ហើយស្ដារឡើងវិញទំនាក់ទំនងកម្រិតការទូតខ្ពស់បំផុត ដែលក្នុងនោះរាប់ទាំងវិស័យសន្តិសុខក្នុងតំបន់ផងដែរ។ និយាយទៅ ការងាកខ្លួនរបស់មេដឹកនាំថៃ បច្ចុប្បន្ន និងព្រះមហាក្សត្រថៃ នៅពេលនេះ គឺដោយសារតែផ្ដេកផ្ដួលទៅតាមកាលៈទេសៈតែប៉ុណ្ណោះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

