29.3 C
Phnom Penh

សាលា​ឧទ្ធរណ៍​បន្ត​លើក​ពេល​សវនាការ​របស់​លោក កឹម សុខា លើ​សំណុំរឿង​ក្បត់​ជាតិ​ទៅ​ដើម​ឆ្នាំ​ក្រោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ សម្រេច​លើក​ពេល​សវនាការ​សំណុំរឿង​សន្ទិដ្ឋិភាព​ជាមួយ​រដ្ឋ​បរទេស​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ទៅ​ដើម​ឆ្នាំ​ក្រោយ​វិញ។

សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ បាន​ចេញ​លិខិត​ជូនដំណឹង​កាលពី​ថ្ងៃទី​១៦ ខែ​ធ្នូ ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៧ ធ្នូ នេះ​ថា សំណុំរឿង​ព្រហ្មទណ្ឌ​របស់​លោក កឹម សុខា ដែល​គ្រោង​នឹង​បើក​សវនាការ​ជំនុំជម្រះ​នៅ​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ នឹង​ត្រូវ​លើក​ពេល​ទៅ​ដើម​ឆ្នាំ​២០២៦ វិញ។

ដីកា​ពន្យារ​ពេល​សវនាការ​សំណុំរឿង​លោក កឹម សុខា ត្រូវ​បាន​ធ្វើឡើង​ជាច្រើន​លើក​ច្រើនសា​ណាស់​មក​ហើយ​ចាប់តាំងពី​សាលាដំបូង រហូត​ដល់​សាលា​ឧទ្ធរណ៍ ក្នុង​សំណុំរឿង​ដែល​តុលាការ​បាន​ចោទ​ពី​បទ ក្បត់​ជាតិ មួយ​នេះ។

កាលពី​ថ្ងៃទី​២៧ ខែ​វិច្ឆិកា សាលា​ឧទ្ធរណ៍​បាន​ចេញ​ដីកា​កោះ​បង្គាប់​ឱ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ចូល​សវនាការ​នៅ​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២៥ ខាងមុខ​នេះ លើ​សំណុំរឿង សន្ទិដ្ឋិភាព​ជាមួយ​រដ្ឋ​បរទេស។

ដីកា​កោះ​ដដែល​បញ្ជាក់​ថា សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង «ក្បត់​ជាតិ» ដែល​បាន​ប្រព្រឹត្ត​នៅ​កម្ពុជា និង​ទីកន្លែង​ផ្សេង​ទៀត​កាលពី​អំឡុង​ឆ្នាំ​១៩៩៣ ដល់​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ជា​បទល្មើស​ដែល​មាន​ចែង​ឱ្យ​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ។

ជុំវិញ​បញ្ហា​នេះ សហ​មេធាវី​ការពារ​ក្តី​លោក កឹម សុខា គឺ​លោក ផែង ហេង បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៧ ធ្នូ នេះ​ថា កាលពី​ថ្ងៃទី​១៥ ខែ​ធ្នូ លោក​បាន​ជួប​ចៅក្រម និង​ក្រឡាបញ្ជី​ដោយ​ចៃដន្យ ក្នុង​នោះ លោក​ក៏បាន​សាកសួរ​អំពី​សវនាការ​ជំនុំជម្រះ​រឿងក្ដី​របស់​លោក កឹម សុខា នៅ​ថ្ងៃទី​១៨ ខែ​ធ្នូ នេះ​ដែរ តែ​ពួកគេ​អះអាង​ថា សវនាការ​នេះ​នឹង​មិន​លើក​ពេល​ទៀត​ទេ។

លោក ផែង ហេង បញ្ជាក់​ថា ទើប​តែ​ព្រឹក​ថ្ងៃទី​១៧ ខែ​ធ្នូ នេះ ក៏​មាន​ដីកា​ជូនដំណឹង​លើក​ពេល​សវនាការ​ដោយ​គ្មាន​បញ្ជាក់​មូលហេតុ​តែម្តង ខណៈ​រូបលោក​ផ្ទាល់​ដែល​ជា​មេធាវី​ការពារ​ក្តី​លោក កឹម សុខា ក៏​មិន​បាន​ដឹង​មុន​ពី​ការ​លើក​ពេល​សវនាការ​នេះ​ដែរ ចំណែក​ចៅក្រម និង​ក្រឡាបញ្ជី ដែល​បាន​អះអាង​ប្រាប់​លោក​កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នោះ ក៏​ប្រហែលជា​អាច​នឹង​មិន​បាន​ដឹង​មុន​ដូច​គ្នា​ដែរ។

ចំណែក​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន និង​ជា​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សួន រីដា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៧ ធ្នូ នេះ​ដែរ​ថា ប្រសិនបើ​ពន្យារ​ពេល​សវនាការ​របស់​លោក កឹម សុខា ត្រឹម​តែម្តង នោះ​វា​មិនមែន​ជា​បញ្ហា​ទេ ព្រោះ​អាច​មាន​ធុរៈ​រវល់​ប្រាកដ​មែន ប៉ុន្តែ​ការ​ពន្យារ​ពេល​នេះ​ត្រូវ​បាន​ធ្វើឡើង​ច្រើន​ដង​ណាស់​មក​ហើយ ដូច្នេះ​ថា​តើ​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា គួរ​ជា​ទី​ទុកចិត្ត​សម្រាប់​ពលរដ្ឋ​រងគ្រោះ​ទៀត​ដែរ​ឬ​ទេ ហើយ​ថា​តើ​ឯណា​ទៅ​យុត្តិធម៌​សម្រាប់​លោក កឹម សុខា នោះ។

កាលពី​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៣ លោក កឹម សុខា ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២៧​ឆ្នាំ ពី​បទ សន្ទិដ្ឋិភាព​ជាមួយ​បរទេស​ដោយ​គប់គិត​ជាមួយ​សហរដ្ឋ​អាមេរិក ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ព្រមទាំង​ដកហូត​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​អស់​មួយ​ជីវិត​ផង​ដែរ។

យ៉ាងណាក៏ដោយ លោក កឹម សុខា បាន​បង្ហាញ​មុខ​ជា​សាធារណៈ​ជា​លើកដំបូង​កាលពី​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០២៥ ដើម្បី​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​កងទ័ព ដែល​បាន​ពលី​នៅ​ក្នុង​សមរភូមិ​តាម​ព្រំដែន​កម្ពុជា-ថៃ បន្ទាប់ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ចេញ​មុខ​អន្តរាគមន៍​ឱ្យ​មាន​បទ​ឈប់​បាញ់​ជុំវិញ​សង្គ្រាម​កម្ពុជា-ថៃ កាលពី​ចុង​ខែ​កក្កដា កន្លង​ទៅ។

បទ​សន្ទិដ្ឋិភាព ឬ​អំពើ​ក្បត់​ជាតិ​របស់​លោក កឹម សុខា ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ភ្ជាប់​ជាមួយ​សហរដ្ឋ​អាមេរិក ថា​ជា​មេ​គំនិត​នៅ​ពីក្រោយ​ខ្នង ក្នុង​នោះ ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) និង​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​សម្រាប់​កិច្ចការ​អន្តរជាតិ (IRI) ក៏​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា ចោទ​ថា​បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ក្បត់​ជាតិ​នេះ​ដែរ។

យ៉ាងណាក៏ដោយ កាលពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ក្នុង​អាណត្តិ​ទី​១ របស់​លោក​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (Donald J. Trump) ធ្លាប់​បាន​សរសេរ​លិខិត​ទៅ​កាន់​លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា ដោយ​បញ្ជាក់​ថា អាមេរិក​មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​ផែនការ​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ជាមួយ​នឹង​លោក កឹម សុខា ឡើយ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស