ស្ត្រីជនជាតិខ្មែរមួយរូបស្ថិតក្នុងមន្ទីរឃុំឃាំងនៃអាជ្ញាធរមានសមត្ថកិច្ចអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ ហៅកាត់ថា ICE នៅថ្ងៃទី៨ ខែមករា បន្ទាប់ពីចូលទៅរាយការណ៍យ៉ាងទៀងទាត់រាល់កាលកំណត់ដោយអាជ្ញាធរ ទោះជាកំពុងរង់ចាំទិដ្ឋាការ ឬវីសាក៏ដោយ។
តាមការចុះផ្សាយពីសារព័ត៌មាន LAist នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រនីញ៉ា កាលពីថ្ងៃទី២ ខែកុម្ភៈ កន្លងទៅនេះ យី សិទ្ធី បានចេញពីជំរំ កំពុងទៅរស់នៅជាមួយក្រុមគ្រួសារនៅរដ្ឋកាលីហ្វ័រនីញ៉ា ឆ្នាំ១៩៨១ ហើយកាន់បណ្ណមានសិទ្ធិរស់នៅអចិន្ត្រៃយ៍ ហៅថា Permanent Residence Card ឬ Green Card ប៉ុន្តែមិនទាន់បានចូលសញ្ជាតិអាមេរិកាំង។
ក្នុងរយៈកាលនោះ អាជ្ញាធរបានចាប់ស្ត្រីរូបនោះផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារអំពីបទ «មានគ្រឿងញៀនជាប់នឹងខ្លួន ក្នុងចេតនាចែកចាយ» ហើយតុលាការបានដកបណ្ណផ្តល់សិទ្ធិរស់នៅអចិន្ត្រៃយ៍ ព្រមទាំងត្រូវរាយការណ៍ទៅនាយកដ្ឋានអន្តោប្រវេសន៍ជាប្រចាំតាមកាលកំណត់អស់រយៈពេល ១០ឆ្នាំមកហើយ។
មេធាវី គិម លូអ៊ិង តំណាងឲ្យអ្នកស្រី យី សិទ្ធី បានដាក់ពាក្យប្តឹងសុំឲ្យដោះលែងអ្នកស្រី យី សិទ្ធី ដោយសំអាងថា អ្នកស្រីបានបំពេញកាតព្វកិច្ចតាមបទបញ្ជាតុលាការគ្រប់សព្វ ហើយក៏មិនបានប្រព្រឹត្តអ្វីគំរាមកំហែងដល់សហគមន៍នៃក្រុងសាន់តាអាណា ដែរ។
តាមឯកសារ នាយកដ្ឋានអន្តោប្រវេសន៍ ស្នើតុលាការឲ្យបញ្ជូនចេញពីសហរដ្ឋអាមេរិកតាំងពីឆ្នាំ២០១៦។ យី សិទ្ធី រង់ចាំទិដ្ឋាការដែលធានាការពារជនរងគ្រោះពីឧក្រិដ្ឋកម្ម និងការរត់ពន្ធមនុស្ស ដែលប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជាឲ្យព្យួរចោលមិនយកទៅអនុវត្ត៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

