39 C
Phnom Penh

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ក្នុង​រដ្ឋ Maryland ដំបូង​គេ​បង្អស់​ដែល​ចូល​ប្រឡូក​នយោបាយ​អាមេរិកាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បេក្ខជន​ខ្មែរ-អាមេរិកាំង​មួយ​រូប​ទៀត​ហើយ​បាន​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​អាមេរិកាំង​ថ្នាក់​ក្រុង ដើម្បី​ឈរឈ្មោះ​ឲ្យ​ពលរដ្ឋ​ជ្រើសរើស​ជា​អភិបាល​ក្រុង​មួយ​នៅ​ក្នុង​រដ្ឋ​ប៉ែក​ខាងកើត​សហរដ្ឋ​អាមេរិក។

លោក អ៊ួង សុផាឌី ជា​បេក្ខជន​មួយ​រូប​ដែល​នឹង​ប្រកួត​ជាមួយ​បេក្ខជន​អាមេរិកាំង ៥​រូប​ផ្សេង​ទៀត​នៅ​ថ្ងៃទី​៧ ខែ​វិច្ឆិកា មុន​ដាច់​ឆ្នាំ​២០២៣ នេះ។ បើ​បាន​ទទួល​ជោគជ័យ លោក​ជា​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​ខ្មែរ​ទី​១ ដែល​នឹង​គ្រប់គ្រង​ទីក្រុង Laurel រដ្ឋ Maryland ដែល​មាន​ពលរដ្ឋ​ចម្រុះ​ជាតិ​សាសន៍​ប្រមាណ​ជិត ៥​ម៉ឺន​នាក់។

ក្នុង​នាម​ជា​អតីត​ជន​ភៀសខ្លួន​ពី​ប្រទេស​កម្ពុជា​នា​ដើម​ទសវត្ស​១៩៨០ លោក អ៊ួង សុផាឌី បាន​រៀបរាប់​ប្រាប់​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ប្រមាណ ៤០​នាក់​ទៀត​នៅ​ចំពោះ​ព្រះភ័ក្ត្រ​ព្រះសង្ឃ​គង់​នៅ​វត្ត​ពុទ្ធិការាម កាលពី​ថ្ងៃ​អាទិត្យ ទី​២០ ខែ​សីហា អំពី​ជីវិត​ឆ្លងកាត់​ការ​លំបាក​មុន​ចាកចេញ​ពី​មាតុភូមិ​ទៅ​កាន់​ទឹកដី​ថ្មី​នៃ​សហរដ្ឋ​អាមេរិក ដើម្បី​កសាង​ជីវិត​តាំងពី​ផ្តើម​រៀន​ភាសា រហូត​រៀន​បាន​សញ្ញាបត្រ​វិស្វកម្ម​ស៊ីវិល​ផ្នែក​សំណង់។

លោក​បន្ត​ថា បន្ទាប់ពី​បាន​រៀបចំ​ជីវិត​ប្រកប​ដោយ​ជោគជ័យ​អស់​រយៈពេល​ជាង ៤០​ឆ្នាំ លោក​ចង់​ធ្វើ​វិភាគទាន​បរិច្ចាគ​អ្វី​ដែល​លោក​មាន ដើម្បី​សង​គុណ​សហគមន៍​ដែល​លោក​រស់នៅ​នោះ​វិញ មុន​នឹង​ចូល​និវត្តន៍។

លោក អ៊ួង សុផាឌី ថ្លែង​ដោយ​ក្តី​សង្ឃឹម​យ៉ាង​មោះមុត​ថា លោក​នឹង​ឈ្នះ​ឆ្នោត​ដើម្បី​ដឹកនាំ​ទីក្រុង​នោះ ពីព្រោះ​លោក​ជា​មនុស្ស​ថ្មី មាន​បទពិសោធន៍​យល់ដឹង​អំពី​សេចក្តី​ត្រូវការ​ចាំបាច់​នៅ​ក្នុង​ទីក្រុង និង​សហគមន៍​របស់​លោក។

គម្រោង​ទី​១ របស់​លោក គឺ​បង្កើន​ថវិកា​ដល់​ស្ថាប័ន​ប្រតិបត្តិ​ច្បាប់ law enforcement ដើម្បី​រក្សា​សន្តិសុខ និង​សុវត្ថិភាព​ជូន​ពលរដ្ឋ​គ្រប់ៗ​គ្នា។

លោក អ៊ួង សុផាឌី បញ្ជាក់​ថា រឿង​ចាញ់​ឈ្នះ​ក្នុង​ការ​ប្រកួតប្រជែង​ស្មើភាព​គ្នា​រក​សន្លឹកឆ្នោត​គាំទ្រ​ពី​ពលរដ្ឋ​ជា​រឿង​ធម្មតា​ក្នុង​លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែ​លោក​ចង់​បង្ហាញ​ឲ្យ​ជាតិ​សាសន៍​ដទៃ​ដឹង​ថា ជន​ភៀសខ្លួន​ខ្មែរ​ដូច​រូបលោក និង​គ្រួសារ​លោក​ក៏​មាន​សេចក្តី​ក្លាហាន​ដែរ ឲ្យ​តែ​មាន​ជំនឿ​មុតមាំ ការ​ប្ដេជ្ញា​ចិត្ត​ឥត​ងាករេ និង​ការ​គាំទ្រ​ពី​គ្រួសារ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស