អង្គការសង្គមស៊ីវិលជាង ២០ ទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជា ដោះលែងចាងហ្វាងកាសែតអនឡាញ HVNN លោក ហែម វណ្ណា ជាបន្ទាន់ និងត្រូវទម្លាក់ចោលបទចោទទាំងអស់។
អង្គការក្រៅរដ្ឋាភិបាលចំនួន ២២ស្ថាប័ន មានទាំងសម្ព័ន្ធអ្នកសារព័ត៌មានខ្មែរ (CamboJA) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) និងអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (RSF) ជាដើម បានចេញសេចក្ដីថ្លែងការណ៍រួមគ្នានៅថ្ងៃទី១០ កុម្ភៈ នេះ ដោយទាមទារឱ្យរដ្ឋាភិបាលកម្ពុជា ដោះលែងលោក ហែម វណ្ណា ជាបន្ទាន់ ដោយឥតលក្ខខណ្ឌ និងទម្លាក់ចោលបទចោទព្រហ្មទណ្ឌទាំងអស់។
អង្គការសមាគមទាំងនេះលើកឡើងថា រដ្ឋាភិបាលត្រូវប្រើច្បាប់សារព័ត៌មានដើម្បីដោះស្រាយវិវាទពាក់ព័ន្ធនឹងការងារសារព័ត៌មាន ជំនួសច្បាប់ព្រហ្មទណ្ឌ ព្រោះការធ្វើបែបនេះ គឺជាការបង្ហាញពីការគោរព និងការពារសេរីភាពសារព័ត៌មាន ដោយធានាថាអ្នកសារព័ត៌មានអាចបំពេញភារកិច្ចដោយគ្មានការគំរាមកំហែង ការរឹតត្បិត ឬការប្តឹងផ្តល់ និងការចោទប្រកាន់ ជាដើម។
សេចក្តីថ្លែងការណ៍ដដែល អះអាងថា ការចាប់ខ្លួន និងចោទប្រកាន់អ្នកសារព័ត៌មានរូបនេះ គឺជាឧទាហរណ៍មួយទៀតដែលបង្ហាញពីនិន្នាការរបស់រដ្ឋាភិបាលក្នុងការប្រើច្បាប់ព្រហ្មទណ្ឌ ដើម្បីបិទសំឡេងសារព័ត៌មានដែលអាចមានមូលហេតុផ្សេងក្រៅពីផ្លូវច្បាប់ ព្រោះអាជ្ញាធរមិនបានប្រើយន្តការក្រោមច្បាប់សារព័ត៌មាន ដូចជា ការស្នើសុំកែតម្រូវ ឬផ្តល់សិទ្ធិឆ្លើយតប ជាដើមនោះឡើយ។
កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ចាងហ្វាងកាសែតអនឡាញ (HVNN TV Online) លោក ហែម វណ្ណា បានផ្សាយវីដេអូរាយការណ៍អំពីហិង្សាលើជនជាតិចិន មួយក្រុម នៅទីតាំងមួយកន្លែងដែលសង្ស័យថាជាមូលដ្ឋានឆបោកតាមអ៊ីនធឺណិតក្នុងក្រុងប៉ោយប៉ែត។ ទីតាំងនេះស្ថិតនៅប្រហែល ១០០ម៉ែត្រខាងក្រោយទីស្នាក់ការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដែលបង្ហាញថាអាជ្ញាធរអាចបានដឹងអំពីករណីទាំងនេះដែរ។
ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីចេញផ្សាយសេចក្តីរាយការណ៍នេះ លោក ហែម វណ្ណា ត្រូវបានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់ខ្លួននៅក្រុងប៉ោយប៉ែត នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ និងត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការសាកសួរ។
ក្រោយពេលសាកសួរ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ចាងហ្វាងកាសែតអនឡាញរូបនេះត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥ និងបទ «ស្តាប់ ឬថតពាក្យសម្ដីឯកជន» តាមបញ្ញត្តិមាត្រា៣០១ នៃក្រមព្រហ្មទណ្ឌ។
ពេលនេះ លោក ហែម វណ្ណា កំពុងជាប់ឃុំបណ្ដោះអាសន្ននៅក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ។
មានពលរដ្ឋខ្មែរជាច្រើនបញ្ចេញមតិតាមបណ្ដាញសង្គម ដោយចោទសួរថា តើទង្វើបែបនេះឬដែលមេដឹកនាំរាជរដ្ឋាភិបាលខំប្រឹងអំពាវនាវ និងសង្ឃឹមនឹងមានសាមគ្គីភាព និងឯកភាពជាតិរវាងខ្មែរ និងខ្មែរនោះ?
ពាក់ព័ន្ធនឹងបញ្ហានេះ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានចេញលិខិតអបអរសាទរក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក «៣ ឧសភា ឆ្នាំ២០២៥» ថា លម្ហសេរីភាពសារព័ត៌មាននៅកម្ពុជាសម្រាប់ឆ្នាំ២០២៥ កាន់តែមានសណ្ដាប់ធ្នាប់ និងបានរួមចំណែកពង្រឹងលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងតម្លាភាពសង្គមយ៉ាងច្រើន។
យ៉ាងណាក៏ដោយ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (RSF) បានចេញផ្សាយពីសន្ទស្សន៍សេរីភាពសារព័ត៌មានសម្រាប់ឆ្នាំ២០២៥ កាលពីថ្ងៃទី២ ខែឧសភា ថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៦១ ក្នុងចំណោមប្រទេសចំនួន១៧៨ នៅលើពិភពលោក៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

