28.8 C
Phnom Penh

អាជ្ញាធរ​កម្ពុជា បណ្ដេញ​ជនជាតិ​ចិន ៣១៩​នាក់​ទៀត​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​ទៅ​ប្រទេស​កំណើត​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ឱ្យ​ដឹង​ថា ជនជាតិ​ចិន ៣១៩​នាក់​ទៀត​ដែល​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ ត្រូវ​បាន​បណ្ដេញ​ចេញពី​ប្រទេស​កម្ពុជា តាមរយៈ​យន្តហោះ​ពិសេស ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរ​កម្ពុជា ជាមួយ​ស្ថានទូត​ចិន​នៅ​កម្ពុជា។

សាធារណជន​សង្កេត​ឃើញ​ថា ការ​ចាប់​ខ្លួន​ក៏​ច្រើន ការ​បញ្ជូន​ខ្លួន​បណ្តេញ​ចេញ​ក៏​ច្រើន ប៉ុន្តែ​ឧក្រិដ្ឋជន​ឆបោក​នៅតែ​មាន​ក្នុង​ស្រុក​ខ្មែរ​មិន​ចេះ​អស់។ គេ​សួរ​ថា តើ​មាន​ប៉ុន្មាន​សែន​នាក់​ទៅ​ចាប់តាំងពី​ឆ្នាំ​២០១៥ មក​នោះ?

អគ្គនាយក​អន្តោប្រវេសន៍ បាន​ឲ្យ​ដឹង​ថា ការ​បណ្ដេញ​ចេញ​ជនជាតិ​ចិន ទាំងនេះ គឺ​បញ្ជាក់​ពី​កិច្ចខិតខំ​ប្រឹងប្រែង​បោស​សំអាត និង​លុបបំបាត់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដាក់​ចេញ​នូវ​វិធានការ និង​យុទ្ធនាការ​យ៉ាង​ម៉ឺងម៉ាត់ ធ្វើ​យ៉ាងណា ធានា និង​ការពារ​សុវត្ថិភាព​ជូន​ពលរដ្ឋ និង​ប្រឆាំង​ដាច់ខាត​ដោយ​គ្មាន​ការ​លើកលែង​ឡើយ​ចំពោះ​មេខ្លោង​ដែល​នៅ​ពីក្រោយ។

ប្រភព​ខាងលើ​អះអាង​ថា យុទ្ធនាការ​បោស​សំអាត និង​លុបបំបាត់​ឧក្រិដ្ឋកម្ម​តាម​អនឡាញ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏​នឹង​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ដែល​ត្រូវ​បាន​បោក​បញ្ឆោត​ឱ្យ​មក​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​នេះ ឱ្យ​មាន​សេរីភាព និង​អាច​វិលត្រឡប់​ទៅ​ប្រទេស​ពួកគេ​វិញ។

នៅ​ក្នុង​ឆ្នាំ​២០២៦ ចាប់តាំងពី​ដើម​ឆ្នាំ​មក​ដល់​ដើម​ខែ​កុម្ភៈ សមត្ថកិច្ច​កម្ពុជា បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ឆបោក​តាម​អនឡាញ​នៅ ១៩០​ទីតាំង ក្នុង​រាជធានី-ខេត្ត​ចំនួន ៨ ផ្សេង​ទៀត ដោយ​ឃាត់​ខ្លួន​ជនសង្ស័យ​ជា​ជនបរទេស​បាន​ជាង ២៥០០​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ចិន នេប៉ាល់ ម៉ាឡេស៊ី ឡាវ ឥណ្ឌា ប៉ាគីស្ថាន និង​បង់ក្លាដេស។

ប្រតិបត្តិការ​បង្ក្រាប​ជាបន្តបន្ទាប់​នៅ​ដើម​ឆ្នាំ​នេះ បាន​ធ្វើ​ឱ្យ​ជនបរទេស​ជាង ១១​ម៉ឺន​នាក់ មាន​ចិន វៀតណាម ឥណ្ឌូនេស៊ី ឥណ្ឌា បង់ក្លាដេស និង​ប៉ាគីស្ថាន ចាកចេញ​ពី​កម្ពុជា ផង​ដែរ។

តាម​ការ​ចុះផ្សាយ​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ឲ្យ​ដឹង​ថា នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ មាន​ជនជាតិ​ចិន ប្រមាណ​ជិត ១០០០​នាក់​ដែល​ពាក់ព័ន្ធ​ក្នុង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ត្រូវ​បាន​បណ្តេញ​ចេញពី​កម្ពុជា ក្នុង​នោះ​ចំនួន ២៤១​នាក់ ត្រូវ​បាន​បណ្តេញ​កាលពី​ថ្ងៃទី​៥ ខែ​កុម្ភៈ ហើយ ១១០​នាក់ ត្រូវ​បាន​បណ្តេញ​ចេញ​នៅ​ថ្ងៃទី​៧ ខែ​កុម្ភៈ និង​ចំនួន ៣១២​នាក់ ត្រូវ​បាន​បណ្តេញ​ចេញ​កាលពី​ថ្ងៃទី​៨ ខែ​កុម្ភៈ។

អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ លោក ទូច សុឃៈ បាន​ឲ្យ​ដឹង​កន្លង​មក​ថា ប្រតិបត្តិការ​បោស​សំអាត​ខ្នាត​ធំ (XXL) រដ្ឋាភិបាល​បាន​កំណត់​យក​ខែ​មេសា ឆ្នាំ​២០២៦ ជា​ពេលវេលា​ចុងក្រោយ​ដើម្បី​បោស​សំអាត​ទីតាំង​ប្រព្រឹត្ត​បទល្មើស​ឆបោក​អនឡាញ​ឱ្យ​អស់​ពី​ទឹកដី​កម្ពុជា។ បើសិនជា​នៅ​តាម​បណ្តា​រាជធានី-ខេត្ត​ណា​ត្រូវ​រក​ឃើញ​មាន​ទីតាំង​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​អនឡាញ មន្ត្រី​គ្រប់គ្រង​រាជធានី-ខេត្ត​នោះ គឺ​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​រដ្ឋាភិបាល។

នៅ​ថ្ងៃទី​១០ ខែ​កុម្ភៈ នេះ​ដែរ មេបញ្ជាការ​យោធភូមិភាគ​ទី​២ ថៃ ឧត្ដមសេនីយ៍ វីរយុទ្ធ សីល្ប៍ បាន​អមដំណើរ​មេបញ្ជាការ​កងកម្លាំង​ប្រដាប់​អាវុធ​ហ្វីលីពីន ឧត្ដមសេនីយ៍ Romeo S. Brawner ទៅ​ពិនិត្យ​អគារ ៦​ជាន់ ជា​ទីតាំង​ឆបោក​នៅ​បញ្ឆិត​ច្រក​អន្តរជាតិ​អូស្មាច់ ខាង​ដី​ថៃ ហៅថា​ចងឆម ស្រុក​កាប់ឈើង ក្រោយពី​បាន​នាំ​ក្រុម​មន្ត្រី​មាន​សមត្ថកិច្ច​អាមេរិកាំង រួម​ទាំង​អ្នកកាសែត​បរទេស​ផង​ទៅ​ពិនិត្យ​ទីនោះ។

ក្រសួង​មហាផ្ទៃ បាន​អះអាង​ថា ក្នុង​រយៈពេល ៩​ខែ​ឆ្នាំ​២០២៥ សមត្ថកិច្ច​នគរបាល​ជាតិ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​បាន​ចំនួន ៤៨​លើក ឃាត់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​ចំនួន ១៦៨​នាក់ និង​បណ្ដេញ​ចេញពី​កម្ពុជា ទៅ​ប្រទេស​កំណើត ចំនួន ២៧២២​នាក់៕

ជនបរទេស​សរុប​ចំនួន ៤៨៥​នាក់ (ស្រី ១​នាក់) មាន ៥​សញ្ជាតិ ត្រូវ​បាន​អាជ្ញាធរ​បណ្ដេញ​ចេញ​តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ កាលពី​ថ្ងៃទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២៦។
ជនបរទេស​សរុប​ចំនួន ៤៨៥​នាក់ (ស្រី ១​នាក់) មាន ៥​សញ្ជាតិ ត្រូវ​បាន​អាជ្ញាធរ​បណ្ដេញ​ចេញ​តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ កាលពី​ថ្ងៃទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២៦។

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស