អ្នកឃ្លាំមើល លើកឡើងថា ប្រព័ន្ធដឹកនាំរដ្ឋដែលរៀបចំឡើងដោយបក្ខពួកនិយម និងកង្វះប្រព័ន្ធត្រួតពិនិត្យអំណាច គឺជាដើមចមនៃការកើតមានអំពើពុករលួយនៅប្រទេសកម្ពុជា ខណៈពិន្ទុស្ដីពីអំពើពុករលួយដែលជាប់បាតតារាងសម្រាប់ឆ្នាំ២០២៥ ក៏បង្ហាញពីកម្សោយនៃការគ្រប់គ្រងរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
សារព័ត៌មានបរទេស POLITICO បានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជា ទី៩ ក្នុងចំនួន ១០ប្រទេសលើពិភពលោក ខណៈលោក ហ៊ុន ម៉ាណែត ទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅក្រុងដាវ៉ូស ប្រទេសស្វីស នាឆ្នាំ២០២៤។ លោក ហ៊ុន ម៉ាណែត ដែលទទួលបានការសិក្សាអប់រំពីបស្ចិមប្រទេស មានឈ្មោះជាមនុស្សកខ្វក់ម្នាក់ក្នុងចំណោមមនុស្សកខ្វក់ ១២នាក់ (Dirty Dozen) នៅប្រទេសកម្ពុជា។ គេសរសេរថា និមិត្តសញ្ញានៃការដឹកនាំរបស់លោកបែបផ្ដាច់ការដាច់មុខ (autocracy) គឺមានគាបសង្កត់មតិជំទាស់ បោះឆ្នោតទុច្ចរិត ដឹកនាំបែបពុករលួយពីលើដល់ក្រោម ដឹកនាំបែបពឹងពាក់គ្នាជាបក្ខពួកគ្រួសារនិយម។
អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១១ កុម្ភៈ នេះថា កន្លងមក ពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស រំពឹងថាកម្ពុជាដែលស្ថិតក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត និងក្រុមរដ្ឋមន្ត្រីជំនាន់ថ្មី ដែលជាបញ្ញវន្តរៀនសូត្រពីបរទេស នឹងដឹកនាំកម្ពុជាឆ្ពោះទៅរកភាពស្អាតស្អំ និងនីតិរដ្ឋរឹងមាំ ប៉ុន្តែការពិត គឺផ្ទុយស្រឡះទាំងស្រុង។
នេះជាការគិតខុស យល់ឃើញខុស (មិច្ឆាទិដ្ឋិ) ចំពោះផ្នត់គំនិតមនុស្សស្រេកឃ្លានអំណាចក្នុងសង្គមខ្មែរ។
លោក សេង វណ្ណលី លើកឡើងថា បញ្ហានេះគឺបណ្តាលមកពីកម្សោយនៃការគ្រប់គ្រង ព្រោះថាទោះបីជាមេដឹកនាំមានសញ្ញាបត្រខ្ពស់ក៏ដោយ ប៉ុន្តែបើគ្មានឆន្ទៈនយោបាយកែទម្រង់ប្រព័ន្ធបក្ខពួកនិយមទេ ជំងឺពុករលួយនៅតែបន្តស៊ីរូងដដែល។
លោកបន្តថា នៅពេលដែលជំងឺពុករលួយចាក់ឫសជ្រៅហើយនោះ ប្រព័ន្ធយុត្តិធម៌ក៏នឹងពុកផុយដែរ។ ឧទាហរណ៍ជាក់ស្តែង តុលាការនៅស្រុកខ្មែរនៅតែមហាជនមើលឃើញថាជាឧបករណ៍ការពារអ្នកមានអំណាច ជាជាងការពារច្បាប់។
អ្នកឃ្លាំមើលសង្គមរូបនេះផ្តល់យោបល់ថា វិធានការដែលលោក ហ៊ុន ម៉ាណែត ត្រូវធ្វើជាបន្ទាន់នោះ គឺត្រូវកែទម្រង់ធ្វើឱ្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងតុលាការមានឯករាជភាពពិតប្រាកដ បើកលម្ហសេរីភាពឱ្យសង្គមស៊ីវិល និងអ្នកសារព័ត៌មាន រួមទាំងត្រូវបញ្ឈប់វប្បធម៌បក្ខពួកនិយមផងដែរ។
អង្គការតម្លាភាពអន្តរជាតិ (Transparency International) ដែលមានទីតាំងនៅទីក្រុងប៊ែរឡាំង បានចេញរបាយការណ៍ស្តីអំពីអំពើពុករលួយ កាលពីថ្ងៃទី១០ ខែកុម្ភៈ នេះថា ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខរៀងទី១៦៣ ក្នុងចំណោមប្រទេសសរុប ១៨២ នៅលើពិភពលោក។
សេចក្តីរាយការណ៍ដដែល បង្ហាញថា ក្នុងចំណោមប្រទេសអាស៊ានទាំង១០ កម្ពុជានៅពីលើតែប្រទេសភូមា មួយប៉ុណ្ណោះ គឺបានពិន្ទុ ២០ ក្នុងពិន្ទុ ១០០។ ប្រទេសសិង្ហបុរី ជាប់លេខរៀងទី៣ដែលមានពិន្ទុ ៨៤ ម៉ាឡេស៊ី ជាប់លេខរៀងទី៥៤ ដែលមានពិន្ទុ ៥២ ទីម័រឡេស្ត ជាប់លេខរៀងទី៧៣ ដែលមានពិន្ទុ ៤៤។
ចំណែកឯវៀតណាម ជាប់លេខរៀងទី៨១ ដែលមានពិន្ទុ ៤១ ឥណ្ឌូនេស៊ី និងឡាវ ជាប់លេខរៀងទី១០៩ ដែលមានពិន្ទុ ៣៤ ថៃ ជាប់លេខរៀងទី១១៦ ដែលមានពិន្ទុ ៣៣ ហ្វីលីពីន ជាប់លេខរៀងទី១២០ ដែលមានពិន្ទុ ៣២ និងភូមា ជាប់លេខរៀងទី១៦៩ ដែលមានពិន្ទុត្រឹមតែ ១៦ ប៉ុណ្ណោះ។
ដោយឡែកប្រទេសប្រ៊ុយណេ មិនមានឈ្មោះក្នុងការស្រាវជ្រាវដាក់បញ្ចូលក្នុងសេចក្តីរាយការណ៍នេះទេ។
ពាក់ព័ន្ធបញ្ហានេះ អង្គការតម្លាភាពអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ព័ត៌មានស្ដីពីសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយប្រចាំឆ្នាំ២០២៤ កាលពីខែកុម្ភៈ ឆ្នាំ២០២៥ ថា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើពុករលួយ ប្រទេសកម្ពុជាទទួលបានត្រឹមតែ ២១ពិន្ទុប៉ុណ្ណោះក្នុងចំណោមពិន្ទុសរុបចំនួន១០០។
យោងតាមសេចក្តីរាយការណ៍នេះ វាបង្ហាញថាការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ បានថយ ៥លេខ គឺពីលេខរៀងទី១៥៨ ទៅនៅលេខរៀងទី១៦៣ ខណៈពិន្ទុក៏បានថយចុះមួយលេខដែរ គឺពីពិន្ទុ ២១ នៅឆ្នាំ២០២៤ ថយមកពិន្ទុ ២០ នៅឆ្នាំ២០២៥។
កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៤ ថ្លែងក្នុងឱកាសអបអរសាទរទិវាជាតិ និងអន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានអះអាងថា ទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយក្នុងឆ្នាំ២០២៥ គឺផ្ដោតលើការផ្តល់សេវាសាធារណៈល្អ សំដៅលើកកម្ពស់ស្មារតី ពង្រឹងយន្តការគ្រប់គ្រង និងផ្តល់សេវាសាធារណៈប្រកបដោយលក្ខណៈទំនើប និងតម្លាភាព ចៀសវាងនូវអំពើពុករលួយ ការបំពានក្រមសីលធម៌វិជ្ជាជីវៈ ឬបំពានអំណាចក្នុងការអនុវត្តតួនាទី និងភារកិច្ច៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

