អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា ត្អូញត្អែរថា ការប្រកាសឈប់នាំចូលហ្គាស៍របស់ក្រុមហ៊ុនសូគីម៉ិច ស្របពេលដែលចិន និងវៀតណាម បញ្ឈប់ការនាំចេញប្រេងមកឲ្យប្រទេសកម្ពុជាដែរនោះ វានឹងប៉ះពាល់មិនត្រឹមអ្នកប្រើប្រាស់យានយន្តទេ តែក៏នឹងរាលដាលដល់អ្នកប្រកបអាជីវកម្មផ្សេងៗ និងសេដ្ឋកិច្ចពលរដ្ឋខ្មែរទាំងមូល។
អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គម បណ្ឌិត មាស នី សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៤ មីនា នេះថា មកទល់ពេលនេះ ក្រៅពីចិន និងវៀតណាម បញ្ឈប់ការនាំចេញប្រេងមកឲ្យប្រទេសកម្ពុជា ក្រុមហ៊ុនសូគីម៉ិច ក៏បានប្រកាសបញ្ឈប់ការនាំហ្គាស៍ចូលមកកម្ពុជា ផងដែរ។ ដោយសារតែបែបនេះ ចាប់ពីថ្ងៃទី២៣ មីនា មក តម្លៃហ្គាស៍នៅកម្ពុជា បានកើនជិតពីរដង បើប្រៀបធៀបនឹងពេលមុនសង្គ្រាមនៅមជ្ឈិមបូព៌ា គឺមានតម្លៃត្រឹម ១៧៥០រៀលក្នុង ១លីត្រ ប៉ុន្តែពេលនេះ ហ្គាស៍មានតម្លៃរហូតដល់ ៣២០០រៀលឯណោះក្នុង ១លីត្រ ហើយការឡើងថ្លៃហ្គាស៍នេះ មិនមែនប៉ះពាល់ត្រឹមអ្នកប្រើប្រាស់យានយន្តទេ សូម្បីអ្នកប្រកបអាជីវកម្មផ្សេងៗ និងសេដ្ឋកិច្ចពលរដ្ឋទាំងមូល ក៏រងផលប៉ះពាល់ដែរ។
បណ្ឌិត មាស នី លើកឡើងថា ក្នុងស្ថានភាពដែលតម្លៃ និងការផ្គត់ផ្គង់ប្រេងមានការប្រែប្រួលលឿនបែបនេះ រាជរដ្ឋាភិបាលគួរដាក់ចេញនូវដំណោះស្រាយ ៣កម្រិត តែតម្រូវឲ្យមានតម្លាភាព និងការចូលរួមរវាងរដ្ឋ និងរាស្ត្រ ក្នុងនោះរួមមាន ការតាមដានតម្លៃប្រេងប្រចាំថ្ងៃ និងផ្តល់ដំណោះស្រាយសមស្រប។ ជាងនេះទៀត ត្រូវតាមដានការប្រែប្រួលនៃចរន្តផ្គត់ផ្គង់ប្រេង ទាំងនៅក្នុងតំបន់ និងអន្តរជាតិ ក្នុងនោះក៏ត្រូវការឱ្យមានដំណោះស្រាយរយៈពេលមធ្យម និងវិធានការត្រៀមបង្ការផងដែរ ជៀសវាងពេលបញ្ហាគ្មានអ្នកទទួលខុសត្រូវដោយការទម្លាក់កំហុសឱ្យគ្នាទៅវិញទៅមក ក្រោមលេសវិបត្តិអន្តជាតិ។
លោកបន្តថា លើសពីនេះ រដ្ឋាភិបាលក៏ត្រូវតាមដានការវិវត្តអំពីវិបត្តិនៃសង្គ្រាមនៅមជ្ឈិមបូព៌ាថែមទៀតដែរ ដែលតម្រូវឲ្យមានការគិតទៅលើវិធានការសម្រាប់រយៈពេលវែង ដើម្បីទុកជាមេរៀនសម្រាប់ការពារវិបត្តិទាំងនេះដែលអាចនឹងកើតឡើងនាពេលអនាគត ព្រោះថាពិតមែនតែវិបត្តិប្រេងជាវិបត្តិសកល ប៉ុន្តែវាក៏អាចនឹងរាលដាលដល់វិស័យដទៃទៀតដែរ។
អ្នកឃ្លាំមើលសង្គមរូបនេះ ស្នើកុំឱ្យមេដឹកនាំនយោបាយយកវិបត្តិប្រេងមកលេងជាល្បែងនយោបាយ ព្រោះការធ្វើបែបនេះនឹងបង្កឱ្យមានបញ្ហាសេដ្ឋកិច្ច និងសង្គមដល់កម្ពុជាកាន់តែធ្ងន់ធ្ងរ ដ្បិតការលាក់លៀមបញ្ហា និងខ្វះនូវការចូលរួមរបស់ពលរដ្ឋ អាចនឹងនាំមកនូវអស្ថិរភាពសង្គម ដោយសារតែការបាត់បង់ទំនុកចិត្តរវាងរាស្ត្រ និងរដ្ឋ។
សារព័ត៌មាន Aljazeera បានរាយការណ៍កាលពីថ្ងៃទី១១ ខែមីនា ថា តម្លៃប្រេងក្នុងប្រទេសកម្ពុជាដែលត្រូវបានកំណត់សម្រាប់ស្ថានីយលក់រាយ បាននាំមុខគេក្នុងចំណោម ៩៥ប្រទេសនៅលើពិភពលោក ហើយក៏ខ្ពស់ជាងគេក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ានដែរ។
ប្រភពដដែល បង្ហាញថា កម្ពុជាបានជាប់កំណត់ត្រាការកើនឡើងតម្លៃប្រេងឥន្ធនៈខ្ពស់បំផុតជិត ៧០% (៦៧,៨១%) ដោយកើនឡើងពី ១,១១ដុល្លារក្នុងមួយលីត្រកាលពីចុងខែកុម្ភៈ ដល់ ១,៣២ដុល្លារនៅដើមខែមីនា នេះ ខណៈប្រទេសវៀតណាម កើនឡើងជិត ៥០% (៤៩,៧៣%) ក្នុងពេលដែលប្រទេសឡាវ កើនឡើងជិត ៣៣% (៣១,៩៤%) ដោយឡែកប្រទេសសិង្ហបុរី កើនឡើងតែជាង ១៥% (១៥,៦៩%) ប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីណែនាំនៅថ្ងៃទី២៤ មីនា នេះថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែមសម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកត្រឹមអត្រា ៤% ដោយរដ្ឋទទួលបន្ទុកជំនួសចំនួន ៦% គិតចាប់ពីថ្ងៃទី២០ ខែមីនា រហូតដល់មានសេចក្តីណែនាំថ្មី។
ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានអះអាងកាលពីថ្ងៃទី២៣ មីនា ថា ក្រុមហ៊ុន សូគីម៉ិច ផ្គត់ផ្គង់ហ្គាស៍ក្នុងទីផ្សារប្រមាណជា ៣% ប៉ុណ្ណោះក្នុងទីផ្សារសរុបនៅកម្ពុជា នាពេលកន្លងមក ដូច្នេះបើក្រុមហ៊ុននេះផ្អាកការនាំចូលនៅដើមខែមេសា ខាងមុខនេះ នោះរដ្ឋាភិបាលនឹងស្វែងរកប្រភពផ្គត់ផ្គង់ផ្សេងទៀត។
លោក កែវ រតនៈ បញ្ជាក់ថា ពលរដ្ឋមិនគួរមានការស្លន់ស្លោពីបញ្ហានេះទេ ព្រោះរដ្ឋាភិបាលនៅមានប្រភពធំៗមួយចំនួនដែលអាចផ្គត់ផ្គង់ទីផ្សាររបស់កម្ពុជាបាន៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

