26.3 C
Phnom Penh

អ្នក​ចាញ់បោក​អតីត​ឧកញ៉ា ឡេង ចាន់ណា ជិត ៦​ពាន់​នាក់ គ្រោង​តវ៉ា​ទ្រង់ទ្រាយ​ធំ​នៅ​ចុង​ខែ​មេសា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​ជនរងគ្រោះ​ដែល​ចាញ់បោក​អតីត​ឧកញ៉ា ឡេង ចាន់ណា ជិត ៦​ពាន់​នាក់ ព្រមាន​តវ៉ា​ទ្រង់ទ្រាយ​ធំ​នៅ​ចុង​ខែ​មេសា ឆ្នាំ​២០២៦ នេះ ដើម្បី​ស្នើសុំ​ឱ្យ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត អន្តរាគមន៍​ពន្លឿន​យុត្តិធម៌​ដល់​ជនរងគ្រោះ ក្រោយពី​យុត្តិធម៌​របស់​ពួកគេ​ត្រូវ​បាន​រដ្ឋាភិបាល​កប់​ចោល​ជាង ២​ឆ្នាំ ដែល​ធ្វើ​ឱ្យ​ពួកគេ​ជួប​វិបត្តិ​បំណុល​ធ្ងន់ធ្ងរ។

លោក អៀ សុផល ជា​ជនរងគ្រោះ​ម្នាក់ បាន​ប្រាប់​សារព័ត៌មាន The Cambodia daily ថា ក្រុម​ជនរងគ្រោះ​គ្រោង​តវ៉ា​ទ្រង់ទ្រាយ​ធំ​នៅ​ចុង​ខែ​មេសា នេះ ដើម្បី​ឱ្យ​តុលាការ​ជួយ​រក​យុត្តិធម៌ រឹបអូស​ទ្រព្យសម្បត្តិ​របស់​អតីត​ឧកញ៉ា ឡេង ចាន់ណា យក​មក​សង​ក្រុម​ជនរងគ្រោះ​វិញ។

លោក​ត្អូញត្អែរ​ថា មក​ទល់​ពេលនេះ លោក​កំពុង​ជួប​វិបត្តិ​ជីវភាព​ធ្ងន់ធ្ងរ ក្រោយ​ចាញ់បោក​អតីត​ឧកញ៉ា​រូប​នេះ​ជិត ២​ម៉ឺន​ដុល្លារ ដែល​ជា​លុយ​ខ្ចី​ពី​ធនាគារ ហើយ​ក្នុង​មួយ​ខែ លោក​ត្រូវ​បង់​សង​ទៅ​ធនាគារ​ជិត ៣០០​ដុល្លារ។

លោក អៀ សុផល អះអាង​ថា បច្ចុប្បន្ន​លោក​កំពុង​ធ្វើ​ចំណាកស្រុក​ទៅ​ថៃ ទាំង​ប្រថុយប្រថាន ដើម្បី​រក​លុយ​ដោះ​បំណុល​ធនាគារ ដោយ​ភាគី​ធនាគារ​បាន​ព្រមាន​ថា​នឹង​ប្រើ​វិធានការ​ច្បាប់ ប្រសិនបើ​លោក​មិន​មាន​លទ្ធភាព​សង​ត្រឡប់​ទៅ​ធនាគារ​វិញ​បាន​ទេ​នោះ។

ជាមួយ​គ្នា​នេះ ជនរងគ្រោះ​ម្នាក់​ទៀត អ្នកស្រី សាតី ណាស់ បាន​ស្នើ​ឱ្យ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ជួយ​អន្តរាគមន៍​ពន្លឿន​យុត្តិធម៌​ដល់​ជនរងគ្រោះ​សរុប​មាន​ចំនួន ៦​ពាន់​នាក់។

អ្នកស្រី​បាន​រិះគន់​ប្រព័ន្ធ​តុលាការ​ខេត្ត​សៀមរាប ថា​កំពុង​គេចវេះ​មិន​រក​ដំណោះស្រាយ​ឱ្យ​ជនរងគ្រោះ ដោយ​តែងតែ​សន្យា​ថា​ឱ្យ​ជនរងគ្រោះ​រង់ចាំ​យុត្តិធម៌​ជាង ២​ឆ្នាំ​ហើយ តែ​គ្មាន​ដំណោះស្រាយ ធ្វើ​ឱ្យ​អ្នកស្រី​អស់​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។

អ្នកស្រី​ថា​រឿងក្ដី​នេះ​មិន​អាច​រក​យុត្តិធម៌​បាន​ទេ ព្រោះ​វា​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​មាន​អំណាច​នៅ​ពីក្រោយ ដែល​អ្នកស្រី​ថា​តុលាការ​ហាក់​គ្មាន​ឆន្ទៈ​រក​ដំណោះស្រាយ​ឱ្យ​ជនរងគ្រោះ​ទេ មាន​តែ​លេស​ពន្យារ​ពេល​តែប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០២៤ សមត្ថកិច្ច​ខេត្ត​សៀមរាប បាន​ឃាត់​ខ្លួន​អ្នកស្រី ឡេង ចាន់ណា អគ្គនាយិកា​ក្រុមហ៊ុន «ប្រ៊ីលាន ស៊ីធី វើលដ៍» និង​បក្ខពួក ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​លុយ​ពលរដ្ឋ​រាប់​លាន​ដុល្លារ តាមរយៈ​ការ​វិនិយោគ​ទិញ​ផ្ទះ-ដីធ្លី ដោយ​សន្យា​ផ្តល់​ការប្រាក់​ខ្ពស់។

តុលាការ​ខេត្ត​សៀមរាប បាន​សម្រេច​ចោទប្រកាន់​អតីត​ឧកញ៉ា ឡេង ចាន់ណា ចំនួន ៣​បទល្មើស គឺ​បទ​ឆបោក​មាន​ស្ថាន​ទម្ងន់​ទោស មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន និង​សម្អាត​សាច់ប្រាក់​ដែល​សរុប​ជា​ទឹកប្រាក់​មាន​ទំហំ​ជាង ៣០០​លាន​ដុល្លារ​អាមេរិក។

ពាក់ព័ន្ធ​ករណី​នេះ​ដែរ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត កាលពី​ខែ​ឧសភា ឆ្នាំ​២០២៤ បាន​ប្រគល់​សិទ្ធិ​ឱ្យ​លោក គី តិច ប្រធាន​ក្រុម​មេធាវី​របស់​រដ្ឋាភិបាល ដោះស្រាយ​ករណី​បោកប្រាស់​ពលរដ្ឋ​ពី​សំណាក់​អ្នកស្រី ឡេង ចាន់ណា ម្ចាស់​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស