សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៩ នាក់ និងក្រុមហ៊ុនចំនួន ២៦ ដែលខ្លួនចោទថាមានទំនាក់ទំនងជាមួយក្រុមហ៊ុនឧក្រិដ្ឋកម្មឆ្លងដែន Prince Group គ្រប់គ្រងដោយអតីតឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) ក្នុងការបង្កើនសម្ពាធលើបណ្ដាញដែលអាជ្ញាធរអាមេរិកាំងអះអាងថា ពាក់ព័ន្ធនឹងការឆបោកអនឡាញ ការជួញដូរមនុស្ស និងការលាងលុយកខ្វក់។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃទី២៣ ខែមិថុនា ក្រសួង ហិរញ្ញវត្ថុស.រអា បានឱ្យដឹងថា វិធានការថ្មីនេះផ្តោតលើមនុស្សជំនិត និងបណ្ដាញអាជីវកម្មដែលត្រូវបានចោទថាបានជួយគ្រប់គ្រងទ្រព្យសម្បត្តិ និងហិរញ្ញវត្ថុនៃPrince Group ដែលទីក្រុងវ៉ាស៊ីនតោនបានកំណត់ថាជា «អង្គការឧក្រិដ្ឋកម្មឆ្លងដែន» កាលពីឆ្នាំ២០២៥។
ក្នុងចំណោមបុគ្គលទាំង ៩ នាក់ដែលត្រូវបានដាក់ទណ្ឌកម្ម មានលោក Hu Xiaowei ដែលក្រសួង ហិរញ្ញវត្ថុស.រ.អា ចាត់ទុកជាបុគ្គលមានឥទ្ធិពលជាបងធំទីពីរក្នុងក្រុមហ៊ុន Prince Group បន្ទាប់ពីលោក ចេន ហ្ស៊ី។
អាជ្ញាធរអាមេរិកាំងអះអាងថា លោក ហ៊ូ គ្រប់គ្រងបណ្ដាញក្រុមហ៊ុនជាច្រើននៅកោះ British Virgin Islands ហុងកុង សិង្ហបុរី និងដែនដីផ្សេងទៀត ដើម្បីគ្រប់គ្រងទ្រព្យសម្បត្តិ លំហូរហិរញ្ញវត្ថុ និង លាងលុយកខ្វក់សម្រាប់បណ្ដាញឧក្រិដ្ឋកម្មនេះ។ ហ៊ូ គ្រប់គ្រងក្រុមហ៊ុនអាជីវកម្មទុច្ចរិតចំនួន១០ ប្រើឈ្មោះ៣ គឺ ឆិន ស៊ៀវអឺ (Chen Xiao’er), ហ៊ូ ស្ហ៊ី (Hu Shi), និង អ៊ូ អានមិង (Wu An Ming)។
លោកក៏ត្រូវបានចោទថា បានជួយរៀបចំរចនាសម្ព័ន្ធអាជីវកម្មអន្តរជាតិនៃ Prince Group និងគ្រប់គ្រងការវិនិយោគក្នុងវិស័យអចលនទ្រព្យ អាកាសចរណ៍ និងបនល្បែងស៊ីសង។
ក្រសួង ហិរញ្ញវត្ថុស.រ.អា ក៏បានដាក់ទណ្ឌកម្មលើសហការីជិតស្និទ្ធរបស់លោក ហ៊ូ ចំនួន ៣ នាក់ មាន លោក Ho Ho Ming លោក Kong Ka On និងលោក Li Hui ដែលត្រូវបានចោទថា បានជួយគ្រប់គ្រងបណ្ដាញក្រុមហ៊ុនរបស់លោក។ បុរសទាំងបីនាក់នេះ គ្រប់គ្រងក្រុមហ៊ុនចំនួន១១ ពីក្រុងហុងកុង ដល់រាជធានីឡុងដ្រ៍ចក្រភពអង់គ្លេស។
បុគ្គលពីរនាក់ទៀត គឺលោក Brendon Luo និងលោក Qiu Weiren ត្រូវបានចោទថាជាវិនិយោគិនសំខាន់នៅក្នុងមជ្ឈមណ្ឌលឆបោកដែលពាក់ព័ន្ធនឹង Prince Group។
ចំណែកលោក Dai An លោក Fang Zhizhen និងលោក Chen Bo ក៏ស្ថិតក្នុងបញ្ជីទណ្ឌកម្មថ្មីនេះដែរ ដោយអាជ្ញាធរអាមេរិកាំងអះអាងថា ពួកគេបានដើរតួសំខាន់ក្នុងប្រតិបត្តិការហិរញ្ញវត្ថុ និងអាជីវកម្មរបស់បណ្ដាញនេះ។ បុរសទាំង៥នាក់ មើលការខុសត្រូវខាងធនាគារបញ្ចេញបញ្ចូលប្រាក់។ មានបុរសម្នាក់ទៀតឈ្មោះ យ៉ាង យ៉ានមិង ជាអ្នកគ្រប់គ្រងបណ្តាញសណ្ឋាគារឈ្មោះ សេះស នៅប្រទេសថៃឡង់ដ៍ និង ក្រុមហ៊ុនអចលទ្រព្យនៅ កោះប៉ាឡៅ។
រដ្ឋមន្ត្រីក្រសួង ហិរញ្ញវត្ថុ លោក ស្កុត Scott Bessent បាននិយាយថា មជ្ឈមណ្ឌលឆបោកនៅអាស៊ីអាគ្នេយ៍បានបន្លំយកប្រាក់រាប់ពាន់លានដុល្លារពីជនរងគ្រោះជនជាតិអាមេរិកាំងជារៀងរាល់ឆ្នាំ។ លោកបានបន្ថែមថា រដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ប្តេជ្ញាបង្ក្រាបបណ្ដាញឧក្រិដ្ឋកម្មដែលប្រតិបត្តិការនៅក្រៅប្រ ទេស និងបន្តប្រើប្រាស់ឧបករណ៍ផ្លូវច្បាប់ និងហិរញ្ញវត្ថុទាំងអស់ ដើម្បីផ្តាច់បណ្ដាញនៅពីក្រោយមុខរបរបោកប្រាស់ទាំងនេះ។
ក្រោមទណ្ឌកម្មនេះ ទ្រព្យសម្បត្តិ និងផលប្រយោជន៍ទាំងអស់របស់បុគ្គល និងអង្គភាពដែលត្រូវបានកំណត់ឈ្មោះនៅក្រោមយុត្តាធិការអាមេរិកាំង នឹងត្រូវបិទបង្ខាំង ហើយពលរដ្ឋ និងក្រុមហ៊ុនអាមេរិកាំងត្រូវបានហាមឃាត់មិនឱ្យធ្វើប្រតិបត្តិការជាមួយពួកគេឡើយ។
ទន្ទឹមនឹងការដាក់ទណ្ឌកម្មថ្មីនេះ ក្រសួង ហិរញ្ញវត្ថុស.រ.អា ក៏បានស្នើកែសម្រួលបទប្បញ្ញត្តិដែលពាក់ព័ន្ធនឹងក្រុមហ៊ុនសាខា Huione Group ដោយចង់បញ្ចូលក្រុមហ៊ុនទូទាត់ប្រាក់ H-Pay Service PLC និងក្រុមហ៊ុនជំនួសណាមួយរបស់ខ្លួន ទៅក្នុងវិធានការរឹតបន្តឹងដែលមានស្រាប់។
អាជ្ញាធរអាមេរិកបានអះអាងថា Huione Group គឺជាបណ្តាញហិរញ្ញវត្ថុដ៏សំខាន់មួយសម្រាប់ការលាងលុយដែលបានមកពីការលួចតាមប្រព័ន្ធអ៊ីនធឺណិត និងការឆបោកវិនិយោគលើរូបិយប័ណ្ណឌីជីថល។
ក្រសួង ហិញ្ញវត្ថុស.រ.អា ក៏បានអះអាងដែរថា Prince Group បានប្រើប្រាស់បណ្តាញរបស់ Huione ដើម្បីផ្ទេរ និងប្រមូលផ្តុំទ្រព្យសម្បត្តិដែលបានមកពីសកម្មភាពឆបោក។
Huione Group ដែលមានឧកញ៉ា ហ៊ុន តូ ជានាយកមួយរូប ធ្លាប់ស្ថិតក្រោមការត្រួតពិនិត្យពីអាជ្ញាធរអាមេរិកាំងរួចមកហើយ ជុំវិញការចោទប្រកាន់ថា បានសម្រួលប្រតិបត្តិការហិរញ្ញវត្ថុសម្រាប់បណ្ដាញឆបោកអនឡាញ ផ្ទេរប្រាក់កាស និង ការលាងលុយកខ្វក់នៅក្នុងតំបន់៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

