ដប់ឆ្នាំក្រោយឃាតកម្មលើលោកបណ្ឌិត កែម ឡី អង្គការសិទ្ធិមនុស្ស និងអ្នកគាំទ្ររបស់លោកនៅតែអះអាងថា យុត្តិធម៌មិនទាន់ត្រូវបានផ្តល់ពេញលេញ ខណៈពួកគេបន្តចងចាំ និងលើកឡើងពីកេរ្តិ៍ដំណែលរបស់អ្នកវិភាគសង្គមរូបនេះ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ បានប្រាប់អ្នកសារព័ត៌មានថា ទោះបីតុលាការបានផ្តន្ទាទោសលោក អឿត អាង ហៅ «ជួប សម្លាប់» ឱ្យជាប់ពន្ធនាគារអស់មួយជីវិតក៏ដោយ ក៏អង្គការសង្គមស៊ីវិលនៅតែយល់ថា យុត្តិធម៌សម្រាប់លោក កែម ឡី មិនទាន់សម្រេចបានពេញលេញ។
លោកមានប្រសាសន៍ថា មូលហេតុដែលអាជ្ញាធរលើកឡើងថា ឃាតកម្មនេះកើតចេញពីជម្លោះបំណុលចំនួន ៣,០០០ ដុល្លារអាមេរិក មិនទាន់អាចបញ្ចុះបញ្ចូលមតិសាធារណៈ និងអង្គការសង្គមស៊ីវិលមួយចំនួនបាននៅឡើយ។
លោក អំ សំអាត ក៏បានកត់សម្គាល់ថា តុលាការបានបំបែកសំណុំរឿងជាពីរ ដោយក្រៅពីការកាត់ទោសលោក អឿត អាង សំណុំរឿងពាក់ព័ន្ធនឹងអ្នកផ្សេងទៀតដែលអាចមានជាប់ពាក់ព័ន្ធក្នុងការរៀបចំ ឬសម្របសម្រួលឃាតកម្ម មិនទាន់ឃើញមានការវិវឌ្ឍជាសាធារណៈនៅឡើយ។
«ហេតុនេះហើយបានជាអង្គការសង្គមស៊ីវិល និងអ្នកគាំទ្រលោក កែម ឡី នៅតែទាមទារឱ្យមានការស៊ើបអង្កេតបន្ថែម ដើម្បីស្វែងរកយុត្តិធម៌ពេញលេញសម្រាប់លោក» លោក អំ សំអាត ថ្លែង។
លោកក៏បានលើកឡើងថា ការមិនទាន់មានការបំភ្លឺពេញលេញលើសំណុំរឿងនេះ អាចជំរុញឱ្យវប្បធម៌និទណ្ឌភាពបន្តកើតមាន និងអាចធ្វើឱ្យអ្នកដែលចង់បន្តគន្លងនៃការវិភាគសង្គមដោយឯករាជ្យ មានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ខ្លួន។
ទោះជាយ៉ាងណា លោក អំ សំអាត យល់ថា លោក កែម ឡី បានបន្សល់ទុកកេរ្តិ៍ដំណែលសំខាន់ៗសម្រាប់សង្គមកម្ពុជា រួមមានការលើកកម្ពស់សេរីភាពបញ្ចេញមតិ ការជំរុញឱ្យប្រជាពលរដ្ឋហ៊ាននិយាយការពិត និងការបន្សល់ទុកស្នាដៃស្រាវជ្រាវជាច្រើនសម្រាប់យុវជន និងអ្នកសិក្សាជំនាន់ក្រោយ។
ស្រដៀងគ្នានេះដែរ លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក បានមានប្រសាសន៍ថា ការរំលឹកខួប១០ឆ្នាំនៃឃាតកម្មនេះ គឺជាការសម្ដែងការដឹងគុណចំពោះការលះបង់របស់លោក កែម ឡី ដែលលោកចាត់ទុកថាជាបុគ្គលម្នាក់ហ៊ានបញ្ចេញទស្សនៈអំពីបញ្ហាសង្គម និងនយោបាយ ដើម្បីឱ្យសាធារណជនទទួលបានព័ត៌មាន និងការយល់ដឹងកាន់តែទូលំទូលាយ។
លោក នី សុខា បាននិយាយថា ប្រសិនបើលោក កែម ឡី នៅមានជីវិត លោកប្រហែលជានឹងបន្តវិភាគ និងផ្តល់យោបល់អំពីបញ្ហាប្រឈមនានារបស់កម្ពុជា ដូចជាវិបត្តិនយោបាយ សេដ្ឋកិច្ច សង្គម ការរឹតត្បិតសេរីភាព និងយុត្តិធម៌សង្គម។
លោកក៏បានលើកទឹកចិត្តឱ្យយុវជនសិក្សាពីស្នាដៃ និងគំនិតរបស់លោក កែម ឡី ដោយចាត់ទុកថា ឯកសារ និងការវិភាគរបស់លោក គឺជាធនធានដ៏មានតម្លៃសម្រាប់ការយល់ដឹងអំពីសង្គម និងប្រវត្តិសាស្ត្រកម្ពុជា។
លោកបណ្ឌិត កែម ឡី ត្រូវបានបាញ់សម្លាប់នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ក្នុងហាងទំនិញនៃស្ថានីយប្រេងឥន្ធនៈកាល់តិចបូកគោ រាជធានីភ្នំពេញ។
នៅខែមីនា ឆ្នាំ២០១៧ តុលាការបានផ្តន្ទាទោសលោក អឿត អាង ហៅ «ជួប សម្លាប់» ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទឃាតកម្ម។ អាជ្ញាធរបានអះអាងថា ករណីនេះកើតចេញពីជម្លោះបំណុលចំនួន ៣,០០០ ដុល្លារអាមេរិក។
ទោះជាយ៉ាងណា អង្គការសង្គមស៊ីវិល សកម្មជនសិទ្ធិមនុស្ស និងអ្នកឃ្លាំមើលឯករាជ្យមួយចំនួន នៅតែអំពាវនាវឱ្យមានការស៊ើបអង្កេតបន្ថែម ដោយលើកឡើងថា សំណុំរឿងនេះនៅមានចំណុចដែលមិនទាន់ត្រូវបានបំភ្លឺនៅឡើយ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

