រដ្ឋាភិបាលស្នើតែងតាំងមេដឹកនាំសហជីពមួយចំនួន និងមន្ត្រីរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថាGMAC ជាទីប្រឹក្សារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានឋានៈស្មើនឹងអនុរដ្ឋលេខាធិការ។
ព្រះរាជក្រឹត្យចុះថ្ងៃទី១១ ខែធ្នូដែលកាសែត The Cambodia Daily ទើបទទួលបាន ឲ្យដឹងថា មន្ត្រីសហជីព និងសមាគមរោងចក្រកាត់ដេរចំនួន១០៧នាក់ ត្រូវបានតែងតាំងជាទីប្រឹក្សារបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានឋានៈស្មើនឹងអនុរដ្ឋលេខាធិការ ហើយដែលការតែងតាំងនេះ ធ្វើឡើងទៅតាមសំណើរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
មេដឹកនាំសហជីពដែលត្រូវបានព្រះមហាក្សត្រតែងតាំងនោះរួមមានប្រធានសហព័ន្ធសហជីពខ្មែរ លោកជួន មុំថុល ប្រធានសហភាពស្មារតីយុវជនដើម្បីការងារកម្ពុជា លោកមុំ សៀក អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរ លោក ខេន លូ និងមនុស្សជាច្រើនរូបទៀត ក៏ត្រូវបានតែងតាំងឲ្យធ្វើជាទីប្រឹក្សាក្រសួងការងារផងដែរ ដោយមានឋានៈស្មើទៅនឹងអនុរដ្ឋលេខាធិការ។
អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ បានប្រាប់ក្រុម អ្នកសារព័ត៌មានថា ក្រុមមេដឹកនាំសហជីព និងសមាគមនិយោជកទាំងនេះបានដើរតួនាទីយ៉ាងវិជ្ជាមានក្នុងការពង្រឹងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា។
ប្រធានសភាពសហជីពកម្ពុជា អះអាងថា ការតែងតាំងក្រុមមេដឹកនាំសហជីពធ្វើជាទីប្រឹក្សារបស់ក្រសួងការងារ នឹងធ្វើឲ្យសហជីពនោះបាត់បង់ឯករាជ្យភាពរបស់ខ្លួន និងខុសច្បាប់ស្តីពីសហជីពដែលចែងថា សហជីពនីមួយៗត្រូវឯករាជ្យមិនស្ថិតក្រោមឆ័ត្ររបស់ក្រសួងណាមួយនោះឡើយពីព្រោះពួកគេមិនអាចការពារសិទ្ធិរបស់កម្មករ។ លោកបន្តថា ក្រុមមេដឹកនាំសហជីពទាំងនោះគួរបោះបង់តួនាទីជាប្រធានសហជីពចោលខណៈខ្លួនមានតួនាទីថ្មីជាទីប្រឹក្សារបស់ក្រសួងការងារនោះ៕