36 C
Phnom Penh

សាធារណៈជន កំពុងចាំមើលប្រសិទ្ធភាពរបស់អភិបាលស្រុកកោះកុង តម្រូវឲ្យអ្នកពាក់ព័ន្ធរុះរើសំណង់ និងកាយដីចេញពីមាត់ព្រែកតាតៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋរស់នៅខេត្តកោះកុង កំពុងរង់ចាំមើលប្រសិទ្ធភាព នៃការដាក់បទបញ្ជា របស់អភិបាលស្រុកកោះកុង ដែលតម្រូវឲ្យម្ចាស់ទីតាំងដីចំនួន ៥កន្លែង រុះរើសំណង់ខុសច្បាប់សង់លើមាត់ព្រែក និងដីដែលចាក់លុបចំណីព្រែក នៅក្នុងឃុំតាតៃ ថា តើនឹងទទួលបានលទ្ធផលកម្រិតណា?។

រដ្ឋបាលស្រុកកោះកុង កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២១ បានតម្រូវអ្នកជាប់ពាក់ព័ន្ធ ត្រូវរុះរើសំណង់អត់ច្បាប់សង់ប៉ះពាល់ដីចំណីមាត់ព្រែក និងត្រូវកាយដីចេញពីចំណីព្រែកតាតៃ ឲ្យអស់ក្នុងរយៈពេល ៣០ថ្ងៃជាកំហិត។

ការព្រមាននេះ បានកើតឡើង បន្ទាប់ពីមន្ត្រីជំនាញនៃរដ្ឋបាលស្រុកកោះកុង បានចុះពិនិត្យឃើញថា សកម្មភាពសង់សំណង់ផ្សេងៗ និងការដឹកដីចាក់លុបមាត់ព្រែក ដែលម្ចាស់ដីចំនួន ៥នាក់ បានធ្វើសកម្មភាពជាបន្តបន្ទាប់មកនេះ គឺបានរំលោភបំពានដល់ធនធានធម្មជាតិ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ស្ថិតក្នុងតំបន់អេកូទេសចរណ៍ធម្មជាតិស្ទឹងតាតៃ។

លោក ណឹម ភិរម្យ អភិបាលស្រុកកោះកុង ដែលបានដឹកនាំកម្លាំងចម្រុះ ចុះពិនិត្យផ្ទាល់ដល់ទីតាំងដីចំនួន ៥កន្លែង ស្ថិតក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃ  បានទទួលស្គាល់ថា ពិតមានបទល្មើសជីកកកាយដីភ្នំ- វាយព្រៃ និងដឹកដីចាក់រំលោភចំណីព្រែក ដើម្បីធ្វើជាកម្មសិទ្ធិឯកជនខុសច្បាប់ ហើយបានបំផ្លាញធនធានធម្មជាតិ និងជីវចម្រុះក្នុងមូលដ្ឋាននេះពិតប្រាកដមែន។

លោក ណឹម ភិរម្យ អះអាងថា អ្នកដែលធ្វើសកម្មភាពល្មើសច្បាប់ទាំង ៥ម្ចាស់ រួមមាន ឈ្មោះ តេង ប៊ុន និង ម៉ម សុថាវី។ ភរិយារបស់លោក គិន ប៊ូកាន មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តកោះកុង ឈ្មោះ អ៊ឹម ផល និង កេត សុជាតិ និងឈ្មោះ កេត វិចិត្រ ពិតជាបានធ្វើសកម្មភាពជីកកកាយដីព្រៃភ្នំ និងដីចំណីព្រែក ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋពិតប្រាកដមែន។

លោកអភិបាលស្រុកកោះកុង បញ្ជាក់ថា ពេលនេះក្រុមមន្ត្រីបច្ចេកទេស បានសម្រេចឲ្យភាគីម្ចាស់ដីទាំង ៥នាក់ខាងលើនេះ ត្រូវរុះរើកញ្ចុះ ឬសំណង់របស់ខ្លួន ដែលសង់សំណង់រំលោភដីចំណីព្រែក និងត្រូវកាយដីចេញពីមាត់ព្រែក ដោយរក្សាទុកដីចំណីព្រែកចំនួន ២០ម៉ែត្រ។

អ្នកទាំង ៥នាក់ ត្រូវដាំដើមឈើ ដែលបានបំផ្លាញដោយការចាក់ដីលុបនៅតាមមាត់ព្រែកទាំងនោះឡើងវិញ ដោយទុករយៈពេល ៣០ថ្ងៃ គិតចាប់ពីថ្ងៃទី២៧ ខែមេសា តទៅ។

លោក ណឹម ភិរម្យ  បញ្ជាក់ថា នឹងមិនអនុញ្ញាតឲ្យភាគីម្ចាស់ដីទាំង ០៥នាក់ និងពាក់ព័ន្ធដទៃទៀត ធ្វើសកម្មភាពជីកកាយដីភ្នំ និងសាងសង់សំណង់ផ្សេងៗ នៅលើចំណីព្រែក ដោយខុសច្បាប់ ទៅតាមទំនើងចិត្តទៀតឡើយ។ បើភាគីម្ចាស់ដី ចង់សង់សំណង់ផ្សេងៗ ឬចង់ដឹកដីចាក់ពង្រាបដី និងវាយព្រៃ នៅលើដីមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ ដែលទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋាន គឺត្រូវសុំច្បាប់អនុញ្ញាតជាមុនសិន។ អភិបាលស្រុកកោះកុងរូបនេះ ព្រមានដល់ម្ចាស់ទីតាំងទាំង ៥កន្លែង បន្ទាប់ពីបានធ្វើកិច្ចសន្យា មិនព្រមអនុវត្តតាមកិច្ចសន្យា ឬការណែនាំ របស់រដ្ឋបាលស្រុកកោះកុងទេ គឺអាជ្ញាធរស្រុក នឹងមានវិធានការដើម្បីចាត់ការទៅតាមនីតិវិធី។

The Cambodia Daily នៅមិនទាន់អាចមានប្រភពដើម្បីទាក់ទងភាគីម្ចាស់ដីទាំង ០៥រូប ដែល លោក ណឹម ភិរម្យ អភិបាលស្រុកកោះកុង បង្ហាញឈ្មោះ ថាបានរំលោភលើដីចំណីមាត់ព្រែក ជីកកកាយដីភ្នំ និងដឹកអាចម៍ដីចាក់ប៉ះពាល់មាត់ព្រែក រំលោភយកដីសាធារណៈរបស់រដ្ឋនៅឃុំតាតៃ ដើម្បីបំភ្លឺបាននៅឡើយទេ នៅថ្ងៃទី២៩ ខែមេសានេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស