លោក Fumio Kishida នៅថ្ងៃអង្គារ ទី៥ តុលា នេះ បានជួបសន្ទនាតាមទូរស័ព្ទជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បន្ទាប់ពី Fumio Kishida បានស្បថចូលកាន់តំណែងជាផ្លូវការក្នុងតួនាទីជានាយករដ្ឋមន្ត្រីជប៉ុន កាលពីថ្ងៃចន្ទ ទី៤ ខែតុលា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃនេះ។
លោក Fumio Kishida បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទដែលមានរយៈពេល ២០នាទី សម្ពន្ធមិត្តទាំងពីរបានប្ដេជ្ញាលើកជ្រោងនូវកិច្ចសហប្រតិបត្តិការដើម្បីឆ្ពោះទៅរកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលសេរី និងបើកចំហ។ ជាមួយគ្នានេះ មេដឹកនាំប្រទេសទាំងពីរបានបញ្ជាក់ជាថ្មីថា នឹងរួមគ្នាប្រឹងប្រែងពង្រឹងសម្ពន្ធភាពជប៉ុន-អាមេរិក ឲ្យកាន់តែរឹងមាំថែមទៀតសំដៅទប់ទល់ការគំរាមកំហែងពីសំណាក់ប្រទេសចិន។ ចំណែកបញ្ហាកូរ៉េខាងជើងវិញ ក៏មេដឹកនាំទាំងពីរនេះមានការប្ដេជ្ញាចិត្តដូចគ្នាដែរ ប្រឆាំងរបបកុម្មុយនីស្តផ្ដាច់ការមួយនេះនូវរាល់ទង្វើបង្កឱ្យឧបទ្វីបធ្លាក់ក្នុងសង្គ្រាម។
លោក Fumio Kishida ត្រូវបានសភាជប៉ុនបោះឆ្នោតជ្រើសតាំងជាផ្លូវការឲ្យក្លាយជានាយករដ្ឋមន្ត្រីជប៉ុនថ្មីបន្តពីលោក Yoshihide Suga ដែលបានលាលែងពីតំណែងក្រោយកាន់តំណែងដ៏កំពូលមួយនេះបានជាង ១ឆ្នាំបន្តិច។
លោក Fumio Kishida គឺជានាយករដ្ឋមន្ត្រីជប៉ុនទី១០០ ក្រោយពីសង្គ្រាមលោកលើកទី២។ បើតាមលោក Kishida ចំពោះបញ្ហាសមុទ្រចិនខាងកើត ជាពិសេសប្រជុំកោះ Senkaku ដែលចិន កំពុងទាមទារយកមកវិញម្ដងម្កាល ចិនបញ្ជូននាវាចម្បាំង និងនាវាល្បាតជាច្រើនគ្រឿងទៅកាន់ទីនោះ ដើម្បីគំរាមយកពីជប៉ុន គឺសឹងតែប៉ះទង្គិចគ្នាដោយអាវុធនៅពេលជប៉ុនបញ្ជូននាវាចម្បាំងទៅប្រឈមមុខនឹងនាវាចិន ក៏មេដឹកនាំទាំងពីរបានលើកមកពិភាក្សាដែរ។ លោកបន្តថា លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានសន្យាជាមួយនឹងលោកថា ទោះជាកាលៈទេសៈណាក៏ដោយ ក៏សហរដ្ឋអាមេរិកត្រូវតែជួយជប៉ុន។
Senkaku ដែលចិនដាក់ឈ្មោះថា ដាយយូ ជាប្រជុំកោះនៅសមុទ្រចិនខាងកើត។ ចិនអះអាងថាជាដែនកោះរបស់ខ្លួនមានតាំងពីបុរាណកាលមក។
តាមនាយករដ្ឋមន្ត្រី ក្រៅពីមានកិច្ចសន្យាដូចនេះ គឺមេដឹកនាំអាមេរិកបានទទួលយកសំណើថែមទៀតដែលស្នើឲ្យអាមេរិកជួយការពារដែនអាកាសរបស់ជប៉ុន ដោយការបំពាក់ប្រព័ន្ធការពារកាំជ្រួចថែមទៀតនៅលើទឹកដី និងដែនទឹករបស់ប្រទេសជប៉ុន។
ទោះជាយ៉ាងណា សម្រាប់លោក Kishida ចាត់ទុកចិនជាដៃគូពាណិជ្ជកម្មដ៏ធំរបស់ជប៉ុន តែមិនចាត់ទុកថាខ្វះមិនបាននោះទេ។
ចំពោះបញ្ហាសមុទ្រចិនខាងត្បូងវិញ ទាំងនាយករដ្ឋមន្ត្រីជប៉ុន និងប្រធានាធិបតីអាមេរិក សន្យាប្រឆាំងចិនរាល់ការគំរាមកំហែង និងការចង់កែប្រែភូមិសាស្ត្រដើម្បីត្រួតត្រាដែនទឹកដែលមានទំហំ ៣លានគីឡូម៉ែត្រក្រឡា និង ២៥០កោះ។ មេដឹកនាំទាំងពីរយល់ព្រមនឹងជួបគ្នាដោយផ្ទាល់នៅពេលឆាប់ៗនេះ។
លោក Kishida អាយុ ៦៤ឆ្នាំ ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីស្តីទីនៃក្រសួងការពារជាតិ និងតំណែងកំពូលៗមួយចំនួនទៀតនៅក្នុងជួររដ្ឋាភិបាល។ កាលពីឆ្នាំ២០២០ លោក Fumio Kishida បានចាញ់លោក Yoshihide Suga ក្នុងការប្រជែងយកតំណែងប្រធានគណបក្សប្រជាធិបតេយ្យសេរី LDP ដែលប្រធានបក្សនឹងក្លាយជានាយករដ្ឋមន្ត្រី។
លោក Kishida គឺជាបេក្ខជនដំបូងគេដែលបានប្រកាសចូលរួមការប្រកួតដើម្បីធ្វើជាប្រធានបក្ស LDP លើកនេះ។
កន្លងមក លោក Kishida ធ្លាប់កាន់តួនាទីជាប្រធានគោលនយោបាយរបស់គណបក្ស LDP និងជារដ្ឋមន្ត្រីការបរទេសជប៉ុន កាលពីចន្លោះឆ្នាំ២០១២-២០១៧ ហើយអំឡុងពេលនោះ លោកបានចរចាកិច្ចព្រមព្រៀងផ្សេងៗរវាងប្រទេសរុស្ស៊ី និងជប៉ុន។
លោក Kishida បានឈានជើងចូលឆាកនយោបាយនៅឆ្នាំ១៩៩៣ បន្ទាប់ពីធ្លាប់ធ្វើការងារនៅធនាគារមួយកន្លែង។ កន្លងមក លោកប្រកាន់គោលជំហរដើរតាមឪពុក និងជីតារបស់លោកដែលជាអ្នកនយោបាយ និងសមាជិកសភាជប៉ុន។ ក្នុងនាមជាអ្នកនយោបាយដែលតែងស្តាប់មតិរបស់ប្រជាជន គឺលោក Kishida ជាអ្នកនយោបាយជើងចាស់ក្នុងបក្ស LDP។
សម្រាប់ឆ្នាំ២០២១ នេះ លោក Fumio Kishida ត្រូវបានគណបក្សរបស់លោកគាំទ្រជាមេដឹកនាំបក្ស។ លោកជានាយករដ្ឋមន្ត្រីជប៉ុនទី១០០ របស់រាជាណាចក្រនៅអាស៊ីខាងកើតមួយនេះ។
រដ្ឋាភិបាលថ្មីរបស់លោក Kishida ត្រូវមានភារកិច្ចដ៏ចម្បងមួយទៀត និងជាប្រវត្តិសាស្ត្រ គឺរៀបចំការបោះឆ្នោតសភាជាតិដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ តុលា។ ក្នុងការបោះឆ្នោតនេះ គណបក្សប្រជាធិបតេយ្យសេរី LDP ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រីថ្មីរូបនេះ មានការរំពឹងថា បក្ស LDP អាចនឹងឈ្នះឆ្នោតជាថ្មីទៀត៕