អ្នកវិភាគ និងអ្នកធ្វើការលើកកម្ពស់សិទ្ធិមនុស្សបានលើកឡើងថា បញ្ហាជម្លោះដីធ្លីនៅកម្ពុជាអាចជំរុញឱ្យមានការផ្លាស់ប្ដូរមេដឹកនាំ បើសិនជារដ្ឋាភិបាលបច្ចុប្បន្នមិនព្រមដោះស្រាយបញ្ហាជូនពលរដ្ឋដែលជាម្ចាស់ឆ្នោតនោះទេ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានថ្លែងប្រាប់ The Cambodia Daily ខណៈដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ស ខេង កាលពីម្សិលមិញបានក្រើនរំឭកដល់មន្ត្រីក្រោមឱវាទរបស់ខ្លួនថា ជម្លោះដីធ្លីនឹងប៉ះពាល់សន្លឹកឆ្នោត បើមិនព្យាយាមដោះស្រាយដោយតម្លាភាពនោះ។
លោក ស៊ឹង សែនករុណា ចាត់ទុកការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជារឿងត្រឹមត្រូវ ពីព្រោះនៅក្នុងសង្គមប្រជាធិបតេយ្យ គណបក្សនយោបាយដែលទទួលបានអាណត្តិដឹកនាំរដ្ឋាភិបាល គឺអាស្រ័យលើសំឡេងគាំទ្រពីប្រជាពលរដ្ឋ។
លោកបន្តថា កន្លងមកជម្លោះដីធ្លីដែលអាជ្ញាធរថ្នាក់ក្រោមមិនអាចដោះស្រាយជូនពលរដ្ឋបាន ដោយសារតែភាគច្រើនពាក់ព័ន្ធអ្នកមានអំណាច និងអ្នកមានប្រាក់ដែលមានឥទ្ធិពលធំទៅលើថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរថ្នាក់ក្រោម។ ករណីនេះ គឺធ្វើឲ្យពួកគេបារម្ភខ្លាចបាត់បង់តំណែង និងតួនាទី ដូច្នេះធ្វើឱ្យពួកគេមិនហ៊ានប្រើតួនាទីក្នុងការដាក់ទោសទណ្ឌទៅលើអ្នកមានអំណាច ធ្វើឱ្យជម្លោះដីធ្លីអូសបន្លាយរហូតដល់បច្ចុប្បន្ន។
លើសពីនេះ លោកថាវិវាទដីធ្លីអូសបន្លាយអាចបណ្ដាលមកពីខ្វះការយកចិត្តទុកដាក់ពីរដ្ឋាភិបាល និងអាជ្ញាធរ ដោយគ្រាន់តែសន្យាជាមួយប្រជាពលរដ្ឋឱ្យតែរួចខ្លួនសិន ខណៈពួកគាត់ជាពលរដ្ឋក្រីក្រដែលគ្មានលទ្ធភាពក្នុងការផ្ដល់ផលប្រយោជន៍ទៅដល់មន្ត្រីដែលមានតួនាទីក្នុងការដោះស្រាយ។
លោក ស៊ឹង សែនករុណា បន្តថា នៅក្នុងសង្គមប្រជាធិបតេយ្យ បើរដ្ឋាភិបាលមិនអាចដោះស្រាយបញ្ហាជូនពលរដ្ឋបានទេ គឺពួកគាត់នឹងកាត់សេចក្ដីដោយសំឡេងឆ្នោត ព្រោះពលរដ្ឋមានសិទ្ធិបោះឆ្នោតជ្រើសរើសមេដឹកនាំដែលដោះស្រាយបញ្ហាជូនពួកគាត់បាន។
លោកថា៖ «ចំពោះរឿងនេះ អ្នកដែលមានតួនាទីពីស្ថាប័នពាក់ព័ន្ធទាំងអស់ គួរតែហ៊ានចេញមុខការពារផលប្រយោជន៍ពលរដ្ឋ ដោយប្រើអំណាច និងតួនាទីពួកគាត់ដើម្បីការពារប្រជាពលរដ្ឋ ជាជាងការពារឈ្មួញមានអំណាច ឬជនមានអំណាចដើម្បីចាត់វិធានការតាមផ្លូវច្បាប់»។
លោកបន្តថា៖ «កន្លងមកមានអ្នកមានអំណាចមួយចំនួនក៏បានដកហូតមុខតំណែង ជាប់ពន្ធនាគារ ដោយសារទៅចាប់ដីកម្មសិទ្ធិជនជាតិដើមភាគតិចជាដើម»។ លោកជឿជាក់ថា «នៅពេលដែលប្រមុខរដ្ឋាភិបាលយកចិត្តទុកដាក់ចំពោះបញ្ហារបស់ពលរដ្ឋ នោះពួកគាត់នឹងមានការដោះស្រាយ»។
លោកបន្តថា ទោះបីជាពលរដ្ឋអាចបោះឆ្នោតជ្រើសរើសមេដឹកនាំបានក្ដី ប៉ុន្តែនៅកម្ពុជាមិនទាន់អនុវត្តលទ្ធិប្រជាធិបតេយ្យបានពេញនៅឡើយ ដោយសារការបោះឆ្នោតកន្លងមកបានរងការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិ ថាការបោះឆ្នោតនោះមិនមានភាពត្រឹមត្រូវ សេរី និងយុត្តិធម៌។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុករូបនេះបន្តទៀតថា បើសិនជាការបោះឆ្នោតមិនត្រឹមត្រូវ និងយុត្តិធម៌ទេ ពលរដ្ឋមិនអាចប្រើប្រាស់សិទ្ធិជ្រើសរើសមេដឹកនាំដែលពួកគាត់ពេញចិត្តបានដែរ ដោយសារតែស្ថាប័នដឹកនាំ និងគ្រប់គ្រងគណៈកម្មាធិការបោះឆ្នោតមិនឯករាជ្យ និងស្ថិតនៅក្រោមឥទ្ធិពលគណបក្សកាន់អំណាចជាដើម។
លោក ស៊ឹង សែនករុណា បន្តថា ជម្លោះដីធ្លីអាចដោះស្រាយបាន ទោះបីជាជម្លោះនោះប៉ះពាល់ជាមួយអ្នកមានឥទ្ធិពល និងមានអំណាចយ៉ាងណាក៏ដោយ បើសិនជារដ្ឋាភិបាលមានឆន្ទៈក្នុងការដោះស្រាយជូនពលរដ្ឋ ប៉ុន្តែបើដោះស្រាយជម្លោះដីធ្លីមិនបានទេ រដ្ឋាភិបាលនឹងបាត់បង់សំឡេងឆ្នោតនាពេលខាងមុខនេះ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី សង្កេតឃើញថា ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឆ្លុះបញ្ចាំងពីសមត្ថកិច្ចរបស់រដ្ឋាភិបាលក្នុងការដោះស្រាយវិវាទដីធ្លី។ លោកយល់ថា លោក ស ខេង នៅតែចាត់ទុកបញ្ហាវិវាទដីធ្លីជាបញ្ហាធំ ពិបាកដោះស្រាយ ដោយជាក់ស្ដែងរឿងជម្លោះដីធ្លីនៅស្រុកសំឡូត នៅខេត្តបាត់ដំបង កន្លងមកបង្កឱ្យមានសង្គ្រាមស៊ីវិលជាដើម។
លោកបន្តថា បញ្ហាវិវាទដីធ្លី រដ្ឋាភិបាលអាចដោះស្រាយបាន បើមានឆន្ទៈ និងមានយន្តការច្បាស់លាស់ ដោយសារអំណាចរដ្ឋទាំងអស់ស្ថិតនៅលើរដ្ឋាភិបាលអ្នកគ្រប់គ្រង ប៉ុន្តែកន្លងមក រដ្ឋាភិបាលហាក់ដូចជាមើលរំលងបញ្ហានេះដែលធ្វើឱ្យពលរដ្ឋជាម្ចាស់ដីជាប់ពន្ធនាគារ និងរងការចោទប្រកាន់ទៅវិញ។
បណ្ឌិត សេង សារី យល់ថា៖ «គ្រប់យ៉ាងវាអាស្រ័យលើឆន្ទៈរបស់រដ្ឋាភិបាលទេ បើសិនក្នុងករណីរដ្ឋាភិបាលមានឆន្ទៈពិតជាចង់ដោះស្រាយដីធ្លីមែន យន្តការនានាអាចប្រឹក្សាអ្នកបច្ចេកទេសបាន ព្រោះបញ្ហាដីធ្លីមិនមែនជារឿងថ្មីទេ វាជារឿងកើតឡើងយូរហើយ វាមិនមែនកើតឡើងតែសម័យតេជោទេ ហើយសម័យណាក៏មានបញ្ហាដីធ្លីកើតឡើងដែរ ហើយប្រទេសណាក៏មានវិវាទដីធ្លី។ ដូច្នេះយន្តការ វិធីសាស្ត្រ ដំណោះស្រាយក្នុងការដោះស្រាយបញ្ហា វាមិនមែនជាបញ្ហាចម្បងទេ»។
លោកបញ្ជាក់ថា៖ «បញ្ហាចម្បង តើរដ្ឋាភិបាលមានឆន្ទៈក្នុងការដោះស្រាយជូនប្រជាពលរដ្ឋឱ្យមានតម្លាភាព និងឱ្យប្រជាពលរដ្ឋអាចទទួលយកបានឬយ៉ាងណា»។
បណ្ឌិត សេង សារី បន្តថា បញ្ហាជម្លោះដីធ្លីក៏ជំរុញឱ្យប្រជាពលរដ្ឋចេះសម្លឹងមើល និងមានការគិតអំពីការផ្លាស់ប្ដូរមេដឹកនាំដែរ បើសិនជាមេដឹកនាំបច្ចុប្បន្នមើលរំលងដោយនៅតែមិនព្រមដោះស្រាយបញ្ហានានា ដូចជាដីធ្លីជូនពួកគាត់នោះ។
ក្នុងពិធីផ្ទេរ និងចូលកាន់តំណែងអភិបាលខេត្តស្ទឹងត្រែង លោក ស ខេង បានថ្លែងថា មន្ត្រី ៤រូបនៅមូលដ្ឋានដែលសំខាន់ជាងគេ ហើយជះឥទ្ធិពលដល់សន្លឹកឆ្នោតនៅពេលខាងមុខ ក្នុងនោះមាន មេឃុំឬចៅសង្កាត់ ស្មៀនឃុំ មេប៉ុស្តិ៍ និងមេភូមិ។
លោកបន្តថា អ្នកទាំង ៤រូបនេះជាមនុស្សជួរមុខក្នុងការទាក់ទាញសន្លឹកឆ្នោតពីពលរដ្ឋ ប៉ុន្តែបើពួកគេមិនអាចបំពេញតួនាទីដោះស្រាយបញ្ហាជូនពលរដ្ឋបានទេ សន្លឹកឆ្នោតនឹងត្រូវបាត់បង់។
ករណីនេះ លោក ស ខេង បានក្រើនរំឭកថា បញ្ហានេះមន្ត្រីពាក់ព័ន្ធត្រូវលើកទឹកចិត្តដល់ពួកគេ ពិសេសត្រូវប្រមូលបញ្ហាទាំងអស់នៅមូលដ្ឋានមកដោះស្រាយដោយតម្លាភាព និងយុត្តិធម៌ ក្នុងនោះរួមទាំងបញ្ហាជម្លោះដីធ្លីផងដែរ។
ទាក់ទងនឹងករណីនេះ មន្ត្រីផ្នែកអង្កេត និងតស៊ូមតិនៅអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល លោក កន សាវាង្ស បានចាត់ទុកការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះជាការទទួលស្គាល់ថា វិវាទដីធ្លីជារឿងធំសម្រាប់ប្រជាពលរដ្ឋ ខណៈកន្លងមក ជម្លោះនេះបានឈានដល់ការប្រើប្រាស់អាវុធបាញ់បង្ក្រាបប្រជាពលរដ្ឋដែលជាម្ចាស់ដីផងដែរ។
លោកបន្តថា បើលោក ស ខេង លើកឡើងបែបនេះ ក៏ជារឿងមួយល្អដែលបញ្ជាក់ថា លោកបានមើលឃើញពីទិដ្ឋភាពអ្នកគ្រប់គ្រងថ្នាក់ក្រោមជាតិ និងថ្នាក់លើ ហើយការពន្លឿនការដោះស្រាយវិវាទដីធ្លី និងបញ្ហាផ្សេងទៀតនេះ វាជារឿងល្អបំផុតដែលធ្វើឲ្យគណបក្សកំពុងដឹកនាំបច្ចុប្បន្ននឹងទទួលបានសំឡេងគាំទ្រពីពលរដ្ឋបន្ថែមទៀត។
លោកថា៖ «បើជារឿងដោះស្រាយបាន វាជារឿងមួយល្អសម្រាប់ថ្នាក់ក្រោមជាតិ និងក្រសួងមហាផ្ទៃ ប៉ុន្តែបើសិនជាការលើកនេះដើម្បីឱ្យគណបក្សកាន់អំណាចចំណេញសំឡេងបោះឆ្នោតនោះ គឺមិនអាចដោះស្រាយអ្វីមួយបានទេ ព្រោះអីបញ្ហាដីធ្លីជាបញ្ហារ៉ាំរ៉ៃ ហើយបញ្ហាដីធ្លីនេះមិនមែនជាបញ្ហាធម្មតាទេ ដោយសារតែបញ្ហានេះគឺមានមន្ត្រីមានអំណាចនៅពីក្រោយខ្នង ហើយវាមានប្រព័ន្ធពាក់ព័ន្ធច្រើន»។
លោក កន សាវាង្ស អះអាងថា បើសិនរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធមិនអាចដោះស្រាយជម្លោះដីធ្លីបានទេ វានឹងធ្វើឱ្យពលរដ្ឋឈឺចាប់កាន់តែខ្លាំងបន្ថែមទៀត រួមទាំងបញ្ហាផ្សេងៗដែលកំពុងកើតឡើងបច្ចុប្បន្ន។
មាត្រា៤៤ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ចែងថា អាជ្ញាធររដ្ឋត្រូវផ្តល់សំណងសមរម្យ និងយុត្តិធម៌ដល់ម្ចាស់ដីជាមុនសិន មុននឹងធ្វើការអភិវឌ្ឍ ឬឈូសឆាយ។
ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធមិនអនុវត្តទៅតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឡើយ ដោយសារតែជម្លោះដីធ្លីបានកើតឡើងនៅទូទាំងប្រទេស ដោយសារជម្លោះខ្លះបានធ្វើឱ្យពលរដ្ឋម្ចាស់ដីក្លាយជាជនរងគ្រោះហូរទឹកភ្នែកឥតល្ហែ ដោយសារតែក្រុមហ៊ុនរំលោភយក ហើយអាជ្ញាធរជាអ្នកចេញមុខការពារ ដោយពេលខ្លះអាជ្ញាធរបាញ់ពលរដ្ឋឱ្យរងរបួស ហើយការចោទប្រកាន់ និងចាប់ខ្លួនថែមទៀត។
ទោះបីជាក្រុមហ៊ុនបានរំលោភយក និងមិនបានដោះស្រាយសំណងដល់ម្ចាស់ដីក៏ដោយ ប៉ុន្តែពលរដ្ឋមិនទទួលបានការពារពីរដ្ឋាភិបាល និងអាជ្ញាធរឡើយ ផ្ទុយទៅវិញ ពលរដ្ឋដែលជាម្ចាស់ដីបែរជាត្រូវបានក្រុមហ៊ុនសហការជាមួយអាជ្ញាធរប្ដឹងពួកគេទៅតុលាការ ហើយអ្នកខ្លះទៀតត្រូវអាជ្ញាធរបាញ់ឱ្យរងរបួសធ្លាក់ខ្លួនពិការ និងជាប់គុក ជាដើម។
បើទោះបីជាលោក ហ៊ុន សែន ធ្លាប់អះអាងថា នឹងមិនឱ្យពលរដ្ឋមានជម្លោះដីធ្លីណាម្នាក់ជាប់គុកក្នុងពន្ធនាគារ ប៉ុន្តែទិដ្ឋភាពជាក់ស្តែង មិនដូចការប្រកាសក្ដែងៗរបស់មេដឹកនាំដែលកាន់អំណាច ៤០ឆ្នាំរូបនេះឡើយ៕