ស្ថាបនិកក្រុមហ៊ុនហ្វេសប៊ុក លោក Mark Zuckerberg បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ថា ឈ្មោះសាជីវកម្ម ឬក្រុមហ៊ុនមេនៃទម្រង់បណ្ដាញសង្គមរបស់ខ្លួន នឹងត្រូវប្ដូរទៅជា Meta។
លោកអះអាងថា ការផ្លាស់ប្ដូរនេះគឺដើម្បីផ្ដោតលើចក្ខុវិស័យ Metaverse ក៏ប៉ុន្ដែទង់និមិត្តសញ្ញា និងកម្មវិធី Facebook ដែលប្រើដោយមនុស្សជិត ៣ពាន់លាននាក់នៅជុំវិញពិភពលោកជារៀងរាល់ខែ នឹងនៅតែរក្សាឈ្មោះដដែល។
ថ្លែងនៅក្នុងសន្និសីទរបស់ក្រុមហ៊ុន លោក Zuckerberg បាននិយាយថា វាដល់ពេលហើយក្នុងការកែលំអអត្តសញ្ញាណរបស់សាជីវកម្ម ដើម្បីឆ្លុះបញ្ចាំងពីមហិច្ឆតាដ៏កាន់តែធំធេងរបស់ខ្លួន។ លោកសង្កត់ធ្ងន់ថា ចាប់ពីថ្ងៃនេះតទៅ យើងនឹងក្លាយជា Metaverse ដំបូងគេ ហើយលោកជឿថា ប្រជាជននឹងដឹងពីម៉ាក Meta និងអនាគតដែលពួកយើងទ្រាំទ្រ។
លោកបញ្ជាក់ផងដែរថា អនាគតរបស់ក្រុមហ៊ុន គឺផ្ដោតលើបច្ចេកវិទ្យាផលិតផល VR និងជាពិភពអនឡាញដែលមនុស្សអាចលេងហ្គេម ចូលរួមកម្មវិធីនានា ចូលកម្មវិធីតន្ត្រី និងទំនាក់ទំនងជាមួយក្រុមការងារ មិត្តភ័ក្ដិនៃបរិយាកាសនិម្មិត ដោយមិនបាច់ចេញពីផ្ទះបាន។
ក្រុមហ៊ុន Meta បានរៀបរាប់ថា Metaverse គឺជាលំហពិត 3D ដែលអ្នកប្រើប្រាស់អាចបង្កើតអវតារតំណាងឱ្យពួកគេបាន។
លោក Zuckerberg រំឭកថា ហ្វេសប៊ុក គឺជាឈ្មោះដែលលោកបង្កើតចេញពីអន្តេវាសិកដ្ឋានមហាវិទ្យាល័យ នៅឆ្នាំ២០០៤ ជាក្រុមហ៊ុនដ៏គំរូនៃបណ្ដាញសង្គម ប៉ុន្តែវាលែងបរិយាយគ្រប់អ្វីៗដែលក្រុមហ៊ុនធ្វើទៀតហើយ។ លោកថាម៉ាកនេះ សព្វថ្ងៃវាភ្ជាប់តែនឹងផលិតផលមួយដែលមិនអាចតំណាងឱ្យអ្វីគ្រប់យ៉ាងដែលយើងធ្វើសព្វថ្ងៃនេះទេ។
កាលពីខែសីហា លោក Zuckerberg បានប្រាប់អ្នកយកព័ត៌មាន Gayle king របស់សារព័ត៌មានពេលព្រឹក CBS ថា Metaverse គឺជាជំនាន់ក្រោយនៃអ៊ីនធឺណិត។
គេចាំបានថា កាលណោះលោកនិយាយថា ជំនួសឱ្យអ៊ីនធឺណិតដែលយើងមើលឃើញអេក្រង់កាន់នឹងដៃបាន Metaverse នឹងជាអ៊ីនធឺណិតដែលយើងអាចរួមចំណែក ហើយចូលទៅក្នុងវាបាន។ Zuckerberg មានជំនឿថា បច្ចេកវិទ្យាទំនើបនេះវានឹងពាំនាំនូវទម្រង់នៃអភិបាលកិច្ចថ្មីទៀតផង។
ទន្ទឹមនឹងការផ្លាស់ប្ដូរឈ្មោះនេះ ក្រុមហ៊ុនក៏ត្រូវបានគេដឹងថា កំពុងប្រឈមខ្លាំងនឹងការរិះគន់ពីកង្វះកិច្ចការពារ ដោយកាលពីខែមុននេះ បុគ្គលិកម្នាក់ឈ្មោះ Frances Haugen បានទម្លាយនូវឯកសាររាប់ពាន់ដែលបង្ហាញថា នាយកប្រតិបត្តិក្រុមហ៊ុនដឹងថាវេទិកានេះជួយចែកចាយព័ត៌មានមិនពិតច្រើនឆ្នាំមកហើយ តែមិនអាចកម្ចាត់ផលអវិជ្ជមាននេះបានទេ។ យ៉ាងណា ក្រុមហ៊ុនបានបដិសេធនូវការចោទប្រកាន់ទាំងនេះ៕