អតីតមេដឹកនាំបក្សប្រឆាំងដែលមានសេរីភាពមិនទាន់ពេញលេញ លោក កឹម សុខា អះអាងថា លោកមានទំនាក់ទំនងតែជាមួយប្រទេសណាដែលជាមិត្តរបស់កម្ពុជា ដើម្បីផលប្រយោជន៍ខ្មែរប៉ុណ្ណោះ ហើយលោកមិនដែលធ្វើទំនាក់ទំនងជាមួយបរទេសណាដែលជាសត្រូវរបស់កម្ពុជាឡើយ។
មេដឹកនាំបក្សប្រឆាំងដែលកំពុងរងការរឹតត្បិតសេរីភាពពីបក្សកាន់អំណាច លោក កឹម សុខា បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី១០ ខែកុម្ភៈ នេះថា លោកបានជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុប ប្រចាំកម្ពុជា អ្នកស្រី Carmen Moreno និងសហការីដែលជាតំណាងផ្លូវការរបស់មហាប្រទេសដែលជាមិត្តរបស់កម្ពុជា ដើម្បីពិភាក្សាគ្នាអំពីបច្ចុប្បន្នភាពមួយចំនួនរបស់កម្ពុជានៅពេលនេះ។
មេដឹកនាំបក្សប្រឆាំងរូបនេះអះអាងថា ក្នុងជំនួបនេះ លោកបានពិភាក្សាគ្នាអំពីស្ថានការណ៍មួយចំនួននៅកម្ពុជា និងកិច្ចការទំនាក់ទំនងរវាងកម្ពុជា និងសហគមន៍អឺរ៉ុបផងដែរ ស្របពេលដែលកម្ពុជាជាប្រធានអាស៊ានប្តូរវេនក្នុងឆ្នាំ២០២២ នេះ ក្នុងនោះឯកអគ្គរដ្ឋទូតរូបនេះបានកត់សម្គាល់ចំពោះការពន្យារពេល និងការដាក់កម្មវិធីដ៏យឺតយ៉ាវនៃដំណើរការសវនាការក្តីរបស់លោកថែមទៀត។
លោក កឹម សុខា បញ្ជាក់ថា ការចាប់អារម្មណ៍របស់ឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុបប្រចាំកម្ពុជា អ្នកស្រី Carmen Moreno និងសហការី ក៏មិនខុសពីអង្គទូតតំណាងប្រទេសនានាដែលបានមកជួបលោកកាលពីពេលថ្មីៗនេះដែរ គឺពួកគេសម្ដែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភាពយុត្តិធម៌ និងសេរីភាពរបស់លោកដែលកំពុងរងការរឹតត្បិតសព្វថ្ងៃនេះ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលតុលាការកម្ពុជាបានចោទប្រកាន់មេដឹកនាំបក្សប្រឆាំងរូបនេះថាបានប្រព្រឹត្តអំពើក្បត់ជាតិ ដោយឃុបឃិតជាមួយបរទេសដើម្បីផ្តួលរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។
មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពីបទ ឃុបឃិតជាមួយរដ្ឋបរទេសដើម្បីផ្ដួលរំលំរដ្ឋាភិបាលបច្ចុប្បន្នតាមប្រសាសន៍មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ប៉ុន្តែអស់រយៈពេលជាង ៤ឆ្នាំមកនេះ តុលាការបានបើកសវនាការលើលោក កឹម សុខា ចំនួន ២៩លើកហើយ តែមិនទាន់អាចរកភស្តុតាងណាមួយឱ្យបានត្រឹមត្រូវតាមមូលដ្ឋានច្បាប់ ដើម្បីកាត់ទោសលោកបាននៅឡើយទេ ខណៈតុលាការជំរុញឱ្យលោកសារភាពទោសដើម្បីឱ្យឆាប់ចប់សំណុំរឿងនេះ។
យ៉ាងណាក៏ដោយ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅវិមានសន្តិភាពកាលពីអំឡុងខែកញ្ញា ឆ្នាំ២០២០ លោក ហ៊ុន សែន បានអះអាងថា ករណីលោក កឹម សុខា អាចនឹងត្រូវពន្យារពេល ៤ឆ្នាំទៀត គឺត្រូវពន្យាររហូតដល់ក្រោយការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ និងក្រោយការបោះឆ្នោតជាតិក្នុងឆ្នាំ២០២៣ ឯណោះ។
ជុំវិញបញ្ហានេះ គេសង្កេតឃើញថា តុលាការកម្ពុជាតែងប្រើលេសជាបន្តបន្ទាប់ដើម្បីពន្យារសវនាការរបស់ប្រធានគណបក្សសង្គ្រោះជាតិ រហូតមក។ ជាក់ស្តែង ចាប់តាំងពីខែមីនា ឆ្នាំ២០២០ មក តុលាការបានផ្អាកសវនាការរបស់លោកជាបន្តបន្ទាប់ ទើបតែនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នេះ ទើបតុលាការចាប់ផ្តើមដំណើរការសវនាការរបស់លោកឡើងវិញ ប៉ុន្តែកាលពីថ្ងៃទី៩ ខែកុម្ភៈ នេះ តុលាការក៏ចាប់ផ្តើមប្រកាសលើកសវនាការរបស់លោកទៅសប្តាហ៍ក្រោយបន្តទៀតផងដែរ៕