អ្នកវិភាគ និងសង្គមស៊ីវិល ទទូចឲ្យរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ដោះស្រាយបញ្ហា និងផ្ដល់ឱកាសដល់ពលរដ្ឋរបស់ខ្លួនដែលកំពុងរងគ្រោះដោយបញ្ហាដីធ្លី និងបញ្ហាផ្សេងៗទៀតឲ្យដូចការផ្ដល់ឱកាសដល់ពលរដ្ឋវៀតណាម ដែលកំពុងរស់នៅខុសច្បាប់នៅកម្ពុជា។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣ មីនា នេះថា ក្នុងនាមជាអង្គការសង្គមស៊ីវិល លោកមិនប្រកាន់ជាតិសាសន៍នោះទេ ប្រសិនបើបរទេសទាំងនោះរស់នៅស្របច្បាប់ ប៉ុន្តែបើរស់នៅមិនស្របច្បាប់ទេ រដ្ឋាភិបាលគួរតែអនុវត្តតាមច្បាប់អន្តោប្រវេសន៍ ដោយបញ្ជូនពួកគាត់ទៅប្រទេសកំណើតវិញ។
លោកបន្តថា ការអនុវត្តច្បាប់អន្តោប្រវេសន៍នេះ ដើម្បីបញ្ចៀសការចោទប្រកាន់ថាជនបរទេសផ្សេងទៀតដែលកំពុងរស់នៅខុសច្បាប់ ត្រូវបានអាជ្ញាធរចាប់បញ្ជូនទៅវិញ ហើយបើកដៃឲ្យពលរដ្ឋវៀតណាមរស់នៅទាំងខុសច្បាប់ដោយសេរី។
លោកចាត់ទុកការអនុញ្ញាតឱ្យជនជាតិវៀតណាមចិញ្ចឹមត្រីបន្តនៅពេលនេះ គឺជារឿងចម្លែក ហើយអាចធ្វើឱ្យពលរដ្ឋមានការងឿងឆ្ងល់ ដោយសារកន្លងទៅអាជ្ញាធរហាក់ដូចជាដុតដៃដុតជើងក្នុងការចាត់វិធានការទៅលើពលរដ្ឋវៀតណាមខុសច្បាប់ទៅស្រុកកំណើតវិញ។ ការអនុវត្តបែបនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា អាជ្ញាធរហាក់គ្មានភាពច្បាស់លាស់ក្នុងការអនុវត្តច្បាប់ទៅលើជនបរទេស។
លោកបន្តទៀតថា ករណីនេះ បើសិនជាប្រៀបធៀបនឹងការបណ្ដេញពលរដ្ឋខ្លួនឯងចេញពីផ្ទះ និងដីធ្លីវិញ ក៏មានភាពខុសគ្នាស្រឡះតែម្ដង ដោយពលរដ្ឋរស់នៅផ្ទះបណ្ដែតទឹកព្រែកព្នៅភាគច្រើនជាជនជាតិវៀតណាម ប៉ុន្តែហាក់ដូចជាមានវាសនាប្រសើរជាងពលរដ្ឋខ្មែរដែលកំពុងរងគ្រោះដីធ្លី។
លោកបន្ថែមទៀតថា អាជ្ញាធរខ្មែរគួរតែគិតគូរ និងដោះស្រាយបញ្ហាជូនពលរដ្ឋខ្លួនឯងដែលកំពុងរងគ្រោះនាពេលបច្ចុប្បន្ននេះ ដើម្បីកុំឱ្យសាធារណជនរិះគន់ដែលធ្វើឱ្យប៉ះពាល់ដល់ការដឹកនាំរបស់រដ្ឋាភិបាលក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ពលរដ្ឋខ្លួនឯងមិនស្មើភាពគ្នាជាមួយពលរដ្ឋនៃប្រទេសដទៃ ជាពិសេសពលរដ្ឋវៀតណាម។
លោក ករុណា អះអាងថា ជាក់ស្ដែង ពលរដ្ឋស្ទើរទូទាំងប្រទេសដែលកំពុងរងគ្រោះដីធ្លី ត្រូវបានអាជ្ញាធរបង្ក្រាបដោយការបាញ់ឱ្យរងរបួស ពិការ ដូចនៅខេត្តព្រះសីហនុ និងខេត្តកណ្ដាល ជាដើម បន្ទាប់ពីពួកគេចេញតវ៉ាទាមទាររកយុត្តិធម៌ដោយសារក្រុមហ៊ុន និងអ្នកមានអំណាចរំលោភយក។ ក្រៅពីបង្ក្រាបដោយហិង្សាហើយ ពួកគេប្រឈមនឹងការជាប់គុក ឬរត់គេចខ្លួនពីអាជ្ញាធរដែលបានចាប់ពួកគេ ហើយអ្នកខ្លះជាប់បណ្ដឹងនៅតុលាការ ជាដើម។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ (PMD) លោក គឹម សុខ បានលើកឡើងថា អាជ្ញាធរភ្នំពេញរបស់លោក ហ៊ុន សែន កំពុងលេងប៉ាហ៊ីបំភ័ន្តភ្នែកប្រជាពលរដ្ឋខ្មែរម្ចាស់ប្រទេស។ លោកថា មូលហេតុដែលរូបលោកលើកឡើងដូច្នេះ ដោយសារអាជ្ញាធរបានឱ្យពលរដ្ឋខ្មែរយល់ច្រឡំថា ក្រុមអាជ្ញាធរមានវិធានការលើជនជាតិវៀតណាមខុសច្បាប់នៅលើទឹកទន្លេខ្មែរ ប៉ុន្តែការពិតអាជ្ញាធរត្រូវការពេលសម្រួលឱ្យជនជាតិវៀតណាមខុសច្បាប់ទាំងនោះកាន់តែមានលក្ខខណ្ឌកាន់តែល្អ ក្នុងការរស់នៅលើទឹកដីកម្ពុជាប៉ុណ្ណោះ។
លោកបន្តថា ការបំភ័ន្តភ្នែកមួយទៀតនោះ គឺដើម្បីឱ្យពលរដ្ឋខ្មែរយល់ច្រឡំថា ក្រុមអាជ្ញាធរលោក ហ៊ុន សែន គោរពច្បាប់អន្តោប្រវេសន៍ ប៉ុន្តែការពិតគ្រាន់តែព្យាយាមបន្សាបប្រតិកម្មបន្ទោសរបស់ពលរដ្ឋខ្មែរ ហើយជាក់ស្ដែង លោក ហ៊ុន សែន អនុវត្តរណសិរ្សប្រជាសាស្ត្រឈ្លានពានរបស់វៀតណាម ដោយរកដីគោកឲ្យជនជាតិវៀតណាមរស់នៅ និងផ្ដល់ឯកសារស្របច្បាប់ងាយៗដល់ពួកគេ។
លោក គឹម សុខ បន្តថា សកម្មភាពរបស់អាជ្ញាធរដែលដឹកនាំដោយលោក ហ៊ុន សែន នាពេលនេះ បានចាត់ទុកជនជាតិវៀតណាមរស់នៅខុសច្បាប់ជាចៅហ្វាយ ហើយចាត់ទុកពលរដ្ឋខ្មែរម្ចាស់ប្រទេសជាទាសករនៃឧបករណ៍អំណាចរបស់គ្រួសារហ៊ុន។
កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ សាលារាជធានីភ្នំពេញ បានប្រាប់ទៅប្រជាពលរដ្ឋ ក្នុងនោះភាគច្រើនជាជនជាតិវៀតណាមដែលរស់នៅលើផ្ទះបណ្តែតទឹកតូចធំ បែចិញ្ចឹមត្រី និងសំណង់មិនរៀបរយតាមដងទន្លេក្នុងរាជធានីភ្នំពេញ ត្រូវរុះរើចេញយ៉ាងយូរ ១សប្តាហ៍តែប៉ុណ្ណោះ។ ការឱ្យរុះរើនេះ ត្រូវរដ្ឋាភិបាលវៀតណាមប្រតិកម្មភ្លាមៗ ដោយចាត់ទុកថាវិធានការហាក់ដូចជាលឿនពេក និងប៉ះពាល់ដល់ពលរដ្ឋខ្លួន ទោះបីជាជនជាតិវៀតណាមមួយចំនួនកំពុងរស់នៅកម្ពុជាខុសច្បាប់ក៏ដោយ។
ក្រោយមានប្រតិកម្មនេះ កាលពីអំឡុងខែមិថុនា ឆ្នាំ២០២១ អាជ្ញាធររាជធានីភ្នំពេញបានជម្លៀសអ្នករស់នៅលើផ្ទះបណ្ដែតទឹកតាមដងទន្លេក្នុងខណ្ឌជ្រោយចង្វារ ឱ្យទៅរស់នៅខណ្ឌព្រែកព្នៅ វិញ និងបានទុករយៈពេលឱ្យពួកគេរស់នៅលើផ្ទះបណ្តែតទឹកចិញ្ចឹមត្រីចំនួន ៦ខែទៀតមុននឹងរុះរើ។ ប៉ុន្តែនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ មន្ត្រីជាន់ខ្ពស់របស់សាលារាជធានីភ្នំពេញ លោក កើត ឆែ បានលើកឡើងក្នុងសន្និសីទសារព័ត៌មានថា អាជ្ញាធរអនុញ្ញាតឱ្យពលរដ្ឋរស់នៅលើទឹកក្នុងសង្កាត់ព្រែកព្នៅ អាចបន្តចិញ្ចឹមត្រីបានពី ២ ទៅ ៣ឆ្នាំទៀត មុននឹងត្រូវរុះរើចេញទៅរកមុខរបរផ្សេង ឬទៅរស់នៅកន្លែងផ្សេង។
របាយការណ៍អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បង្ហាញថា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២០ នៅកម្ពុជាមានជនបរទេសជាង ១១ម៉ឺននាក់ ក្នុងនោះជិត ៧ម៉ឺននាក់ជាជនជាតិវៀតណាម ប៉ុន្តែក្រសួងដែលមានសមត្ថកិច្ចមួយនេះនៅមិនទាន់អាចបង្ហាញជាសាធារណៈបានទេថា តើជនជាតិវៀតណាមខុសច្បាប់មានចំនួនប៉ុន្មាននោះ៕