ពីប្រទេសអ៊ុយក្រែន ឯណោះវិញ កាសែតអាមេរិកាំង New York Post បានចុះផ្សាយថាកងទ័ពស្ម័គ្រចិត្តមកពីប្រទេសផ្សេងៗបានចូលទៅជួយកងទ័ពអ៊ុយក្រែន មានការកើនឡើងជិត ២ម៉ឺននាក់ហើយនៅពេលនេះ ក្នុងការធ្វើសង្គ្រាមប្រឆាំងនឹងការឈ្លានពានពីមហាអំណាចរុស្ស៊ី។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Dmytro Kuleba ឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអាទិត្យ ទី៦ ខែមីនា ថា កងទ័ពបរទេសទាំងនេះបានទៅដល់ទីតាំងរបស់ពួកគេអស់ហើយ ដោយសហការជាមួយនឹងកងទ័ពអ៊ុយក្រែន។ លោករដ្ឋមន្ត្រីបញ្ជាក់ថា កងទ័ពស្ម័គ្រចិត្តបរទេសទាំងនោះមកពី ៥២ប្រទេស។
បើតាមលោករដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនរូបនេះ ឲ្យដឹងថា ការចូលជួយរបស់កងទ័ពនៃប្រទេសទាំងនោះ ធ្វើឡើងតាមការអំពាវនាវរបស់ប្រធានាធិបតី Volodymyr Zelenskiy ក្នុងសប្តាហ៍កន្លងមកនេះ។ លោកថា កងទ័ពប្រទេសទាំងនោះនឹងមិនតម្រូវឲ្យមានទិដ្ឋាការចូលប្រទេសអ៊ុយក្រែន នោះទេ។ កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន កងទ័ពបរទេសទាំងនោះមានចំនួន ១ម៉ឺន ៦ពាន់នាក់បានមកដល់ប្រទេសអ៊ុយក្រែន។
មកដល់ពេលនេះ សង្គ្រាមរុស្ស៊ីលើកទ័ពឈ្លានពានអ៊ុយក្រែន មានរយៈពេល ១៣ថ្ងៃមកហើយ។ គេពុំដឹងថា រដ្ឋធានីអ៊ុយក្រែន គឺទីក្រុងគៀវ នឹងត្រូវកងទ័ពរុស្ស៊ីរឹបអូសបាននៅពេលណានោះទេ។ តែអ្នកជំនាញថា រុស្ស៊ីនឹងត្រូវវាយរំលំរដ្ឋាភិបាលលោក ហ្សេឡិនស្គី ឲ្យបានដើម្បីលើកបន្តុបរដ្ឋាភិបាលអាយ៉ងរបស់ខ្លួន ប្រសិនបើរដ្ឋាភិបាលលោក ហ្សេឡិនស្គី មិនព្រមទទួលយកលក្ខខណ្ឌ ៣ចំណុចដែលក្រុងមូស្គូ តម្រូវឱ្យរដ្ឋាភិបាលអ៊ុយក្រែន ទទួលយកតាមសម្ពាធរបស់ខ្លួន។
លក្ខខណ្ឌ ៣ចំណុចនេះ គឺ៖
- ទីមួយយល់ព្រមរុះរើរដ្ឋធម្មនុញ្ញឡើងវិញដោយដាក់ប្រទេសអ៊ុយក្រែនជារដ្ឋអព្យាក្រឹត្យ។
- ទីពីរ ទទួលស្គាល់តំបន់គ្រីមៀរ ដែលរុស្ស៊ីយកបានតាមរយៈការបោះឆ្នោតប្រជាមតិនៅឆ្នាំ២០១៤ ជាដែនដីរបស់រុស្ស៊ី។
- និងទីបី ទទួលស្គាល់តំបន់ Donetsk និង Luhansk ជាសាធារណរដ្ឋឯករាជ្យពីអ៊ុយក្រែន។
ប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ី បានប្រកាសថា ប្រសិនបើប្រធានាធិបតី ហ្សេឡីនស្គី និងរដ្ឋាភិបាលរបស់លោក ហ្សេឡិនស្គី យល់ព្រមចុះហត្ថលេខាលើលក្ខខណ្ឌទាំង៣នេះ គឺរុស្ស៊ីនឹងប្រកាសឈប់បាញ់ទូទាំងប្រទេស និងដកទ័ពត្រឡប់មកទៅវិញ ហើយអ៊ុយក្រែន ចាប់ផ្ដើមមានសន្តិភាពឡើងវិញ។
សម្រាប់លោក ហ្សេឡិនស្គី សច្ចាហើយថា លោកសុខចិត្តស្លាប់ក្នុងសមរភូមិដោយមិនប្រគល់ទឹកដីជាថ្នូរនឹងសន្តិភាព និងដើម្បីស្ថិរភាពនៃអំណាចរបស់លោកឡើយ៕