អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ អះអាងថា លោកនឹងចូលបំភ្លឺនៅចំពោះមុខអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១២ និង១៥ ខែកក្កដា ឆ្នាំ២០២២ តាមបណ្តឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា។
លោក ជូង ជូងី មេធាវីការពារក្តី បានមានប្រសាសន៍ថា លោក សុន ឆ័យ បានមកជួបលោកនៅការិយាល័យដើម្បីពិភាក្សាអំពីផ្លូវច្បាប់។ លោកថា លោក សុន ឆ័យ នឹងចូលបំភ្លឺនៅចំពោះមុខអយ្យការនៅថ្ងៃទី១២ ខែកក្កដា តាមបណ្តឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងបន្ទាប់មកនៅថ្ងៃទី១៥ ខែកក្កដា តាមបណ្តឹងរបស់បក្សប្រជាជនកម្ពុជា។
មេធាវីរូបនេះបញ្ជាក់ថា លោកនៅមិនទាន់អាចធ្វើសេចក្ដីសន្និដ្ឋានបានអំពីលទ្ធផលនៅថ្ងៃខាងមុខនេះថានឹងត្រូវមានរឿងអ្វីកើតឡើងនៅឡើយទេ។ បើផ្អែកលើស្មារតីគតិយុត្តិ ការកោះហៅនេះក៏នឹងមិនគំរាមកំហែងទៅដល់ការចាប់ខ្លួន ឬឃុំខ្លួនណាមួយនោះដែរ។
តំណាងអយ្យការចេញដីកាកោះហៅលោក សុន ឆ័យ ឲ្យចូលបំភ្លឺតាមបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជាម្តងរួចមកហើយកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ តែលោកខកខានដោយសារពេលនោះលោកស្ថិតនៅក្នុងប្រទេសអូស្ត្រាលី។
គណបក្សប្រជាជនកម្ពុជា និង គ.ជ.ប បានដាក់បណ្តឹងប្តឹងលោក សុន ឆ័យ ដោយសារការធ្វើអត្ថាធិប្បាយរបស់លោកជាមួយសារព័ត៌មាន ឌឹ ខេមបូឌា ដេលី ជុំវិញដំណើរការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥។
លោក សុន ឆ័យ អះអាងថា ការបោះឆ្នោតឃុំ-សង្កាត់នេះត្រូវបានគ្រប់គ្រងទាំងស្រុងដោយគណបក្សតែមួយដែលលោកចង់សំដៅលើគណបក្សកាន់អំណាច ហើយការរាប់សន្លឹកឆ្នោតមានការលួចបន្លំ រួមទាំងការរិះគន់របស់លោកទៅលើចំណុចអវិជ្ជមានជាច្រើនអំពីដំណើរការបោះឆ្នោត។
គណបក្សប្រជាជនកម្ពុជា និង គ.ជ.ប ទាមទារដូចគ្នាឲ្យតុលាការដាក់ទោសលោក សុន ឆ័យ តាមច្បាប់។ អ្វីដែលខុសគ្នា គឺគណបក្សប្រជាជនកម្ពុជាទាមទារឲ្យលោក សុន ឆ័យ បង់ប្រាក់ជិត ១លានដុល្លារជាការសងជំងឺចិត្ត រីឯ គ.ជ.ប ទាមទារឲ្យលោកសុំទោស។
អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ដែលទើបតែវិលត្រឡប់មកពីប្រទេសអូស្ត្រាលី កាលពីថ្ងៃទី៣ ខែកក្កដា ប្រាប់សារព័ត៌មានក្នុងស្រុកថា រូបលោកបានត្រៀមខ្លួនរួចរាល់ហើយក្នុងការចូលឆ្លើយទៅតាមដីកាកោះរបស់តុលាការ។ លោកថា លោកមិនបានធ្វើអ្វីខុសដូចការចោទប្រកាន់របស់ដើមបណ្ដឹងទាំងពីរ ហេតុនេះលោកមិនខ្លាចរអាចំពោះការចាប់ខ្លួនណាមួយឡើយ។
លោក សុន ឆ័យ បន្ថែមទៀតថា អ្វីដែលលោកបានរិះគន់អំពីដំណើរការបោះឆ្នោតឃុំ-សង្កាត់នោះ គឺនឹងមិនត្រូវចាប់ខ្លួនលោកឡើយ ព្រោះសារនយោបាយដូចដែលលោកបានទិតៀននោះ មិនមែនមានតែលោកម្នាក់ទេដែលរកឃើញដូចគ្នាអំពីភាពមិនប្រក្រតីនេះ សូម្បីសង្គមស៊ីវិល និងអ្នកនយោបាយផ្សេងទៀតក៏មើលឃើញដូចរូបលោកយ៉ាងដូច្នេះដែរ។
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក សោម សូរីដា ធ្លាប់ប្រាប់សារព័ត៌មានកន្លងមកថា អ្វីដែលលោក សុន ឆ័យ ធ្វើនេះមិនមែនជាការរិះគន់ដែលស្ថិតក្រោមយុត្តាធិការនៃសិទ្ធិបញ្ចេញមតិទេ។ លោកថា សកម្មភាពរបស់លោក សុន ឆ័យ គឺជាការប្រមាថធ្ងន់ធ្ងរ និងធ្វើឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់ស្ថាប័នជាតិរៀបចំការបោះឆ្នោត៕