ក្រុមអង្គការក្រៅរដ្ឋាភិបាលប្រកាសធ្វើយុទ្ធនាការតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ធ្វីតធឺ និងបណ្ដាញទំនាក់ទំនងសង្គមជាច្រើនទៀត ចាប់ពីថ្ងៃទី២៤ មេសា តទៅ ដើម្បីត្រៀមអបអរសាទរខួបលើកទី៣០ នៃទិវាសេរីភាពសារព័ត៌មានពិភពលោកនៅថ្ងៃទី៣ ខែឧសភា ខាងមុខនេះ ដោយអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាបើកលំហសេរីភាពសារព័ត៌មានឱ្យបានទូលំទូលាយឡើងវិញ។
សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (Adhoc) បានប្រកាសលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៤ មេសា នេះថា ក្រុមសង្គមស៊ីវិលនឹងរៀបចំព្រឹត្តិការណ៍មួយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីចូលរួមក្នុងឱកាសអបអរខួបលើកទី៣០ នៃទិវាសេរីភាពសារព័ត៌មានពិភពលោក នៅថ្ងៃទី០៣ ខែឧសភា ខណៈពលរដ្ឋទូទៅអាចចូលរួមជាមួយសមាគមអាដហុកដោយគ្រាន់តែប្ដូរស៊ុមប្រូហ្វាល់ហ្វេសប៊ុករបស់ខ្លួនចាប់ពីពេលនេះទៅ។
ការប្រកាសយុទ្ធនាការនេះ ធ្វើឡើងស្របពេលដែលសារព័ត៌មានឯករាជ្យនៅកម្ពុជាត្រូវបានបោសសម្អាតគ្មានសល់នៅកម្ពុជាសព្វថ្ងៃនេះ ដែលជំនួសមកវិញនូវសារព័ត៌មានដែលគាំទ្ររដ្ឋាភិបាលប៉ុណ្ណោះ។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានអះអាងថា កម្ពុជាបានបើកឱ្យមានសិទ្ធិសេរីភាពបញ្ចេញមតិ និងសេរីភាពខាងសារព័ត៌មានយ៉ាងទូលំទូលាយ ដោយសារតែបច្ចុប្បន្ននេះសារព័ត៌មានដែលបានចុះបញ្ជីនៅក្រសួងព័ត៌មានចំនួនដល់ទៅជាង ៦០០អង្គភាព គេហទំព័រ និងទូរទស្សន៍អនឡាញមានចំនួន ៨៧៨អង្គភាព វិទ្យុ FM ដែលកំពុងដំណើរការផ្សាយមានចំនួន ២២១ស្ថានីយ និងទូរទស្សន៍ផ្សាយផ្ទាល់មានចំនួនរហូតដល់ជាង ១៩០ស្ថានីយឯណោះ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៥ មេសា នេះថា ដង្ហើមសេរីភាពសារព័ត៌មាននៅកម្ពុជាត្រូវរាំងខ្ទប់តាំងពីឆ្នាំ២០១៧ មកម្ល៉េះនៅពេលដែលមានការបោសសម្អាតប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរហូតដល់ដើមឆ្នាំ២០២៣ នេះ សារព័ត៌មាន វីអូឌី ក៏ត្រូវបានបិទថែមទៀត ដូច្នេះសេរីភាពសារព័ត៌មាននៅកម្ពុជារឹតតែធ្លាក់ដុនដាបកាន់តែខ្លាំង។
លោក ស៊ឹង សែនករុណា អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាបើកលំហសេរីភាពសារព័ត៌មានឱ្យបានទូលំទូលាយឡើងវិញ ដើម្បីធានានូវសិទ្ធិទទួលបានព័ត៌មានរបស់ពលរដ្ឋដោយសេរី ត្រឹមត្រូវ ដែលមិនមែនជាព័ត៌មានលម្អៀងទៅខាងបក្សនយោបាយ ឬទៅខាងក្រុមណាមួយនោះឡើយ។
លោកបន្ថែមថា ស្របពេលដែលការបោះឆ្នោតកាន់តែខិតជិតមកដល់នៅខែកក្កដា ខាងមុខនេះ សេរីភាពសារព័ត៌មាន គឺរឹតតែមានសារសំខាន់ខ្លាំងណាស់សម្រាប់ពលរដ្ឋម្ចាស់ឆ្នោត។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) បានដាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជាសម្រាប់ឆ្នាំ២០២២ ស្ថិតក្នុងលំដាប់លេខរៀងទី១៤២ ក្នុងចំណោមប្រទេស១៨០ ដែលជាចំណាត់ថ្នាក់ដ៏អាក្រក់មួយ ក្រោយគេរកឃើញថាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជាត្រូវបានបំផ្លិចបំផ្លាញ និងបោសសម្អាតដោយរដ្ឋាភិបាលកម្ពុជាចាប់តាំងពីអំឡុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ រហូតមក ដែលធ្វើឱ្យសេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជាបន្តធ្លាក់ចុះជាបន្តបន្ទាប់ដល់ពេលនេះ។
របាយការណ៍ខាងលើបានបង្ហាញថា បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាប្រកាសរំលាយគណបក្សសង្គ្រោះជាតិ កាលពីចុងឆ្នាំ២០១៧ លោក ហ៊ុន សែន បានប្រើយុទ្ធនាការប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យទាំងអស់ ក្នុងនោះរដ្ឋាភិបាលកម្ពុជាបានបិទស្ថានីយវិទ្យុចំនួន ៣២ស្ថានីយ បង្ខំឱ្យបិទទ្វារកាសែត ឌឹ ខេមបូឌា ដេលី និងការផ្លាស់ប្ដូរម្ចាស់កាសែតភ្នំពេញប៉ុស្តិ៍ ជាដើម ដោយឡែកនៅឆ្នាំ២០១៨ រដ្ឋាភិបាលបានបិទគេហទំព័រចំនួន ១៧គេហទំព័រថែមទៀត។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន បញ្ជាក់ថា ជាលទ្ធផលនៃយុទ្ធនាការនេះ ពលរដ្ឋកម្ពុជាអាចទទួលបានព័ត៌មានតែពីស្ថាប័នដែលស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែប៉ុណ្ណោះ។ ជាក់ស្តែង កូនស្រីលោក ហ៊ុន សែន គឺអ្នកស្រី ហ៊ុន ម៉ាណា ត្រូវគេរកឃើញថាជាប្រធានក្រុមហ៊ុនដ៏ធំសម្បើមមួយដែលកាន់កាប់កាសែត ទស្សនាវដី្ត ស្ថានីយវិទ្យុ បណ្ដាញទូរទស្សន៍ និងគេហទំព័រអ៊ីនធឺណិតនៅកម្ពុជាទាំងអស់ ដូចជាសារព័ត៌មាន Fresh News ជាដើម ដែលជាស្ថាប័នឃោសនានយោបាយឱ្យបក្សកាន់អំណាចរបស់លោក ហ៊ុន សែន សព្វថ្ងៃនេះ៕