ក្រុមស្រាវជ្រាវស៊ើបអង្កេតនៃប្រទេសរុស្ស៊ី ដែលមានជំនាញរកមូលហេតុធ្លាក់យន្តហោះ និយាយថា ការធ្វើតេស្ដហ្សែនបញ្ជាក់ថា មេទាហានស៊ីឈ្នួល Wagner លោក Prigozhin ពិតជាបានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះកាលពីថ្ងៃទី២៣ សីហា នៅតំបន់មួយក្បែរក្រុងមូស្គូ។ នេះបើយោងតាមបណ្ដាញផ្សាយព័ត៌មាន BBC ដែលបានចុះផ្សាយឱ្យដឹងនៅថ្ងៃទី២៨ សីហា នេះ។
ក្រុមអ្នកស៊ើបអង្កេតបានឱ្យដឹងថា ការធ្វើតេស្ដហ្សែនបានបញ្ជាក់ថា លោក Yevgeny Prigozhin ប្រធានក្រុមទាហានស៊ីឈ្នួល Wagner ស្ថិតក្នុងចំណោមមនុស្ស ១០នាក់ដែលបានស្លាប់នៅក្នុងការធ្លាក់យន្តហោះកាលពីថ្ងៃពុធសប្តាហ៍មុន។
ភ្នាក់ងារអាកាសចរណ៍រុស្ស៊ី បានបញ្ចេញឈ្មោះមនុស្សទាំង ១០នាក់នៅលើយន្តហោះឯកជនដែលបានធ្លាក់នៅតំបន់ Tver ភាគខាងជើងរដ្ឋធានីមូស្គូ។ អ្នកទាំងនេះរួមមានទាំងលោក Prigorzhin និងលោក Dmitry Utkin ដែលជាដៃស្តាំរបស់មេក្រុមទាហានស៊ីឈ្នួលដែលជួយបង្កើតក្រុមទាហានស៊ីឈ្នួល Wagner និងជាមេបញ្ជាការដឹកនាំការប្រយុទ្ធនៅលើសមរភូមិនៃប្រទេសអ៊ុយក្រែន។
ទោះជាយ៉ាងណា វិមានក្រឹមឡាំង និងរបបនៅក្រុងមូស្គូ នៅតែច្រានចោលការចោទថាលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន ដែលគេដាក់រហស្សនាមថាកំពូលបុរសខ្លាំងនៅពីក្រោយហេតុការណ៍នេះ ដែលថាលោក ពូទីន បញ្ជាឱ្យកម្ទេចយន្តហោះដឹកលោក Prigozhin។
ប៉ុន្តែហេតុការណ៍ធ្លាក់យន្តហោះនេះ កើតមានឡើងតែជាង ២ខែប៉ុណ្ណោះបន្ទាប់ពីលោក Prigozhin ដឹកនាំការបះបោរយោធារយៈពេលខ្លីមួយប្រឆាំងនឹងមេដឹកនាំយោធារុស្ស៊ី ក្នុងករណីមានជម្លោះជាមួយនឹងមេទ័ពរុស្ស៊ី។
ក្នុងការបះបោរនោះ លោក Prigozhin ដែលជាមេក្រុមទាហានស៊ីឈ្នួល Wagner និងកូនទាហានរបស់លោកបានប្រយុទ្ធព្រមគ្នាជាមួយនឹងទាហានរបស់រុស្ស៊ី នៅក្នុងប្រទេសរុស្ស៊ី កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នេះ។ ព្រឹត្តិការណ៍នោះ គឺជាការបះបោរប្រដាប់អាវុធសំដៅប្រឆាំងនឹងមេដឹកនាំយោធារុស្ស៊ី ដែលគេថាជារដ្ឋប្រហារទម្លាក់លោក វ្លាឌីមៀរ ពូទីន។
លោក Prigozhin គឺជាមេដឹកនាំក្នុងការបះបោរនោះ។ ក្រោយពីវាយកាន់កាប់បានក្រុងមួយជាប់ព្រំដែនរុស្ស៊ី និងអ៊ុយក្រែន លោក Prigozhin បានដឹកនាំទ័ព ៥០០០នាក់សំដៅទៅក្រុងមូស្គូ នូវអ្វីដែលគេហៅថាដើម្បីទាមទារយុត្តិធម៌ពីលោកប្រធានាធិបតីរុស្ស៊ី ពូទីន ឱ្យដកហូតតំណែងរដ្ឋមន្ត្រីការពារជាតិពីលោក Sergei Shoigu និងដកឧត្តមសេនីយ៍ Valery Gerasimov ពីតំណែងអគ្គសេនាធិការកងទ័ពដោយចោទថា មេទ័ពរុស្ស៊ី ២រូបនេះជាអ្នកបង្កជម្លោះជាមួយក្រុមទាហានរបស់លោក។
ក្នុងហេតុការណ៍នេះ លោក ពូទីន បានរត់ភៀសខ្លួនតាមយន្តហោះទៅកាន់តំបន់មួយយ៉ាងឆ្ងាយពីក្រុងមូស្គូ ដោយបញ្ជាទ័ពតាមចាប់លោក Prigozhin ឱ្យបាន ហើយនាំយកមកកាត់ទោសក្រោមបទចោទថាជាមេបះបោរហើយក្បត់ជាតិ។
ភ្លាមៗក្រោយពីលោក ពូទីន ចេញបញ្ជាឱ្យចាប់ខ្លួនលោក Prigozhin ប្រកាសថារុស្ស៊ី ត្រូវការប្រធានាធិបតីថ្មី។ ប្រព័ន្ធផ្សព្វផ្សាយនៅក្រុងមូស្គូ បានហៅការរុលសំដៅទៅក្រុងមូស្គូ របស់ទ័ព Wagner ថាជារដ្ឋប្រហារ។ តែការបះបោររបស់ទ័ពក្រុម Wagner ដែលសំដៅទៅក្រុងមូស្គូ បានវិលត្រឡប់ទៅជំរំវិញក្រោយពីលោក ពូទីន ទទួលយកការសម្របសម្រួលពីប្រធានាធិបតីនៃប្រទេសបេឡារុស ហើយសម្រេចដកបទបញ្ជានៃចាប់ខ្លួនលោក Prigozhin ជាមួយនឹងការទុកជាមោឃៈការចោទលោក Prigozhin ថាជនក្បត់ជាតិ។
តែយ៉ាងណានេះក្ដី អ្នកសង្កេតការណ៍ និងក្រុមមន្ត្រីជាន់ខ្ពស់នៃក្រុមបស្ចិមប្រទេស បានហៅស្ថានភាពនៅរុស្ស៊ីពេលនោះថាកំពុងធ្លាក់ក្នុងការបែកបាក់ជុំវិញយុទ្ធសាស្ត្ររបស់លោក ពូទីន ធ្វើសង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែន។
បើតាមក្រសួងសម្រាប់ស្ថានការណ៍អាសន្នរបស់រុស្ស៊ី យន្តហោះឯកជន Embraer Legacy បានធ្វើដំណើរចាកចេញពីទីក្រុងមូស្គូ ទៅកាន់ទីក្រុង Saint Petersburg ហើយបានធ្លាក់នៅក្បែរភូមិ Kuzhenkino នៃតំបន់ Tver ស្ថិតនៅប្រហែល ៣០០គីឡូម៉ែត្រពីរដ្ឋធានីមូស្គូ។
ក្រុមស៊ើបអង្កេតបានរកឃើញសាកសពលោក Yevgeny Prigozhin តែនៅមិនទាន់បញ្ជាក់អំពីមូលហេតុនៃការបង្កឱ្យយន្តហោះនោះផ្ទុះធ្លាក់នៅឡើយទេ។
យន្តហោះនោះបានផ្ទុះធ្លាក់លើវាលស្មៅក្បែរភូមិមួយរបស់អ្នកស្រុកក្នុងតំបន់ ដែលយន្តហោះត្រូវឆ្លងកាត់ទៅក្រុង Saint Petersburg ជាក្រុងដែលភូមិគ្រឹះរបស់លោក Prigozhin មាននៅទីនោះ។
តាមសាក្សីជាច្រើនដែលបានឃើញហេតុការណ៍ ថាយន្តហោះនោះអាចត្រូវបានបាញ់កម្ទេចដោយគ្រាប់មីស៊ីល។ តែមន្ត្រីសហរដ្ឋអាមេរិកនៃស្ថាប័នចារកម្ម និងជាក្រុមជំនាញករណីធ្លាក់យន្តហោះ សន្និដ្ឋានថា វាអាចកើតចេញពីការបំផ្ទុះគ្រាប់បែក ហើយថាមិនអាចមកពីបញ្ហាបច្ចេកទេស ឬគ្រោះធម្មជាតិនោះទេ។ អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន ឧត្តមសេនីយ៍ត្រី Patrick Ryder បដិសេធទ្រឹស្ដីដែលថាយន្តហោះនោះឆេះធ្លាក់ដោយគ្រាប់មីស៊ីល៕