ក្រសួងធនធានទឹក និងឧតុនិយម ប្ដេជ្ញាមិនឲ្យទីក្រុងភ្នំពេញរងការជន់លិចដោយជំនន់ទឹកភ្លៀងនៅរដូវវស្សាក្នុងអាណត្តិដែលលោក ហ៊ុន ម៉ាណែត ដឹកនាំប្រទេសកម្ពុជានោះឡើយ។
ក្នុងកិច្ចប្រជុំការងារស្ដីពីការរំដោះទឹកជំនន់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ ស៊ីណា អះអាងថា ក្រសួងបានរៀបចំផែនការរំដោះទឹកចេញពីក្រុងភ្នំពេញតាមរយៈប្រឡាយ ព្រែក អូរ ស្ទឹង និងទន្លេនានា ដោយធ្វើយ៉ាងណាដោះស្រាយកុំឲ្យរាជធានីភ្នំពេញរងហានិភ័យដោយសារទឹកជំនន់នៅរដូវវស្សាបន្តទៀត។
ផែនការនេះ ដោយក្រសួងអះអាងថា ខ្លួនបានសហការជាមួយក្រសួងសេដ្ឋកិច្ច រួមទាំងបណ្តាដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត។ ជាមួយគ្នានេះ ក្រសួងនឹងដាក់នូវប្រព័ន្ធប្រឡាយ ៩២, ៩៤, ៩៦ និងប្រឡាយខ្សាច់ឡើងវិញ ដោយថាវិធានការនេះអាចជួយរំដោះទឹកបានលឿនចេញពីបណ្តាតំបន់ទាំងអស់ដែលនៅកៀកទីក្រុងភ្នំពេញ។
លោក ចាន់ ស៊ីណា អះអាងថា ក្នុងអាណត្តិរបស់លោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រី គឺនឹងមិនឲ្យទីក្រុងភ្នំពេញលិចទឹកដោយសារជំនន់ទឹកភ្លៀងនៅរដូវវស្សាទៀតឡើយ។
ជំនន់ទឹកភ្លៀងបានបង្កជាការលំបាកដល់បណ្តាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញ ដោយផ្ទះសម្បែង ផ្លូវថ្នល់ និងយានជំនិះ ទាំងម៉ូតូ ឡាន ត្រូវជន់លិច និងខូចខាត។
ទឹកដែលជន់លិចទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ននេះ ត្រូវបានមហាជនបន្ទោសថាលោក ហ៊ុន សែន ឪពុករបស់នាយករដ្ឋមន្ត្រីបានកាត់ផ្ទៃដីបឹងធម្មជាតិនៅកណ្ដាល និងជាយទីក្រុងដែលជាទីតាំងរំដោះទឹកចេញពីរាជធានីភ្នំពេញ ប្រគល់ឲ្យឧកញ៉ា ក្រុមហ៊ុន និងកូនៗរបស់គាត់ ព្រមទាំងមន្ត្រីក្នុងបក្សកាន់អំណាចទៀតផង។
ជាក់ស្ដែងដូចជា បឹងតាមោក ដែលមានទំហំ ៣២៣៩ហិកតារ ប៉ុន្តែបច្ចុប្បន្ននៅសល់ប្រមាណ ១ពាន់ហិកតារប៉ុណ្ណោះ ខណៈបឹងទំពុន ត្រូវបានចាក់ដីលុបជាបន្តបន្ទាប់ ហើយបឹងកក់ត្រូវបានលុបអស់ទាំងស្រុងផងដែរ៕