ក្រុមអ្នកសង្កេតការណ៍លើកឡើងថា សកម្មភាពលបវាយប្រហារលើសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន គឺជារូបភាពនៃការគំរាមកំហែងដល់សេរីភាពបញ្ចេញមតិរបស់ពលរដ្ឋធ្ងន់ធ្ងរ ប្រសិនបើមន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសថៃ មិនមានវិធានការស៊ើបអង្កេតវែកមុខជនដៃដល់មកផ្ដន្ទាទោសទេនោះ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវលោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២ មករា នេះថា ដើម្បីរកយុត្តិធម៌ លោក ស្រ៊ុន ស្រ៊ន ត្រូវតែប្តឹងទៅស្ថានទូតខ្មែរ និងអង្គកុងស៊ុលខ្មែរក្នុងប្រទេសថៃ ជាដើម ឱ្យពួកគេសហការជាមួយអាជ្ញាធរថៃ ដើម្បីវែកមុខជនដៃដល់ក្នុងរឿងនេះ ប៉ុន្តែបើមន្ត្រីរដ្ឋាភិបាលខ្មែរមិនអើពើរឿងនេះ នោះមានន័យថា ការលបវាយប្រហារនេះគឺច្បាស់ណាស់ជាសញ្ញានៃការគំរាមកំហែងសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ជាពិសេសគឺគំរាមកំហែងទៅលើសកម្មភាពរបស់សកម្មជនសង្គមតែម្តង។
លោក សេក សុជាតិ ជឿជាក់ថា ប្រសិនបើមន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសថៃ ប្តឹងទៅអាជ្ញាធរថៃ ឱ្យស៊ើបអង្កេតរឿងនេះ ច្បាស់ជាអាជ្ញាធរថៃ មានវិធានការជាមិនខាន ព្រោះថារដ្ឋាភិបាលថៃ ក៏មិនចង់ឱ្យទង្វើទុច្ចរិតរំលោភច្បាប់នានាកើតមានក្នុងប្រទេសទៅលើភ្ញៀវទេសចររបស់គេដែរ ជាពិសេសការស៊ើបអង្កេតនេះក៏នឹងបង្ហាញឱ្យឃើញដែរថា ជនដៃដល់ដែលបានលបវាយប្រហារលោក ស្រ៊ុន ស្រ៊ន នោះជាជនជាតិខ្មែរ ឬជាជនជាតិថៃ ហើយគេធ្វើទង្វើបែបនេះក្នុងគោលបំណងអ្វី។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតរូបនេះបញ្ជាក់ថា ប្រសិនបើការស៊ើបអង្កេតនោះបានរកឃើញជនដៃដល់ថាជាជនជាតិថៃ នោះអាជ្ញាធរក៏ងាយស្រួលក្នុងការអនុវត្តច្បាប់ដែរ ប៉ុន្តែបើការស៊ើបអង្កេតនោះរកឃើញថាជាជនជាតិខ្មែរ នោះក៏ត្រូវដឹងពីគោលបំណងពិតប្រាកដរបស់ពួកគេក្នុងការធ្វើទង្វើបែបនេះដែរ។ ជាងនេះទៀត ការវែកមុខជនដៃដល់បែបនេះ ក៏ដើម្បីចៀសវាងនូវការចោទប្រកាន់ណាមួយថាមានបញ្ជាពីក្រោយខ្នងពីសំណាក់មន្ត្រីបក្សកាន់អំណាចផងដែរ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីសកម្មជនសង្គមមួយរូបត្រូវបានជនដៃដល់លបវាយប្រហារក្នុងទឹកដីប្រទេសថៃ កាលពីយប់ឆ្លងឆ្នាំថ្មីកន្លងទៅថ្មីៗនេះ។
កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន ត្រូវបានជនមិនស្គាល់មុខលបវាយពីក្រោយខ្នងពេលដែលលោកកំពុងផ្សាយផ្ទាល់បកស្រាយពីខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្នុងបរិវេណវត្តពោនសាង ខេត្តសមុទ្រប្រាកាន ប្រទេសថៃ បណ្តាលឱ្យរបួសចំក្បាលហូរឈាមស្រោចលើដងខ្លួន ក្នុងនោះ លោក ស្រ៊ុន ស្រ៊ន ក៏បានប្រាប់អាជ្ញាធរថៃ ដែរថា ជនដែលលបវាយរូបលោកនោះមានកាំភ្លើងក្នុងដៃផងដែរ ប៉ុន្តែលោកមិនមានគ្រោះថ្នាក់ដល់ជីវិតនោះទេ។
យ៉ាងណាក៏ដោយ ក្រោយការលបវាយប្រហារលើរូបលោក ស្រ៊ុន ស្រ៊ន នេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ប៉ុន្តែមកទល់នឹងពេលនេះ គេនៅមិនទាន់ឃើញអាជ្ញាធរកម្ពុជាបកស្រាយ ឬដាក់ចេញនូវវិធានការណាមួយនៅឡើយចំពោះករណីនៃការលបវាយប្រហារនេះ។
លោក ស្រ៊ុន ស្រ៊ន គឺជាសកម្មជនសង្គមដែលធ្វើការផ្សព្វផ្សាយ និងបកស្រាយខ្លឹមសារនានាដែលបានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ហើយក្រោមសកម្មភាពបណ្តុះបណ្តាលនេះ លោកត្រូវរងនូវការធ្វើទុក្ខបុកម្នេញគ្រប់រូបភាព ដូចជាពីអាជ្ញាធរខ្មែរផង ពីអាជ្ញាធរវៀតណាមផង និងពីការលបវាយប្រហារនៅពេលនេះ ជាដើម ផងដែរ។
ជាក់ស្តែង លោក ស្រ៊ុន ស្រ៊ន និងសហការីរបស់លោក ៣នាក់ទៀត ត្រូវបានអាជ្ញាធរក្រុងក្រចេះ ឃាត់ខ្លួនទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ម្តងដែរ តែត្រូវបានដោះលែងវិញ បន្ទាប់ពីធ្វើកិច្ចសន្យាផ្ដិតស្នាមមេដៃជុំវិញការផ្សាយផ្ទាល់តាមបណ្ដាញសង្គមអំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសរបស់លោក កាលពីអំឡុងខែឧសភា ឆ្នាំ២០២៣ កន្លងទៅនោះ។
ជាងនេះទៀត កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ អាជ្ញាធរវៀតណាម ក៏ធ្លាប់បានបដិសេធមិនអនុញ្ញាតសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២រូប គឺលោក ស្រ៊ុន ស្រ៊ន និងសហការីរបស់លោក ទៅចូលរួមកម្មវិធីកាន់បិណ្ឌនៅខេត្តព្រះត្រពាំង ជាមួយប្រជាពលរដ្ឋខ្មែរជាង ១០០នាក់ផ្សេងទៀតនៅក្នុងទឹកដីកម្ពុជាក្រោមដែរ ប៉ុន្តែអាជ្ញាធរវៀតណាមមិនបានផ្តល់ការបកស្រាយអ្វីទាំងអស់ចំពោះបញ្ហានេះ ខណៈរដ្ឋាភិបាលកម្ពុជាក៏មិនបានបកស្រាយចំពោះករណីនេះដូចគ្នាដែរ។
មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។
ចំណែកមាត្រា៣៨ ក៏បានចែងយ៉ាងច្បាស់ដែរថា ច្បាប់រ៉ាប់រងមិនឱ្យមានការរំលោភបំពានលើរូបរាងកាយបុគ្គលណាមួយឡើយ។ ច្បាប់ការពារជីវិត កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។
យ៉ាងណាក៏ដោយ រដ្ឋាភិបាលដែលកំពុងគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា និងដឹកនាំដោយលោក ហ៊ុន សែន ដែលជាឪពុកនាយករដ្ឋមន្ត្រីខ្មែរលោក ហ៊ុន ម៉ាណែត ត្រូវគេមើលឃើញថា រដ្ឋាភិបាលដែលស្ថិតក្រោមឥទ្ធិពលបក្សកាន់អំណាចសព្វថ្ងៃនេះ មិនបានធានាសិទ្ធិមូលដ្ឋាន និងសិទ្ធិនយោបាយរបស់ពលរដ្ឋឱ្យបានពេញលេញនៅឡើយទេ ក្នុងនោះគេរកឃើញដែរថា មន្ត្រីរដ្ឋាភិបាលដែលមកពីគណបក្សប្រជាជនកម្ពុជា ក៏មានចំណែកដ៏ធំក្នុងការធ្វើទុក្ខបុកម្នេញលើសិទ្ធិមូលដ្ឋាន និងសិទ្ធិនយោបាយរបស់ពលរដ្ឋយ៉ាងធ្ងន់ធ្ងរផងដែររយៈពេលកន្លងមក៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

