ភ្ញៀវទេសចរអន្តរជាតិចម្រុះជាតិសាសន៍ ផ្តល់ពិន្ទុទាបបំផុតលើសេវាកម្មរបស់ព្រលានយន្តហោះអន្តរជាតិថ្មីខេត្តសៀមរាប ដែលគ្រប់គ្រងដោយចិន ព្រមទាំងរៀបរាប់ពីចំណុចអវិជ្ជមានជាច្រើនដែលភ្ញៀវទាំងនោះបានជួបប្រទះ អំឡុងពេលធ្វើដំណើរកម្សាន្តឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ។
ភ្ញៀវទេសចរបរទេសជាច្រើន បានផ្តល់ពិន្ទុដល់អាកាសយានដ្ឋានអន្តរជាតិថ្មីខេត្តសៀមរាប ត្រឹមតែផ្កាយមួយប៉ុណ្ណោះក្នុងចំណោមពិន្ទុដែលមានផ្កាយ៥ លើបណ្ដាញអ៊ីនធឺណិតក្នុងរយៈពេលចុងក្រោយនេះ ក្នុងនោះភ្ញៀវបរទេសម្នាក់ឈ្មោះ Po.T លើកឡើងថា បន្ទប់ទឹកនៅក្នុងព្រលានយន្តហោះថ្មីខេត្តសៀមរាប នេះ បានធ្វើឱ្យរូបគេប្តូរចិត្តធ្វើដំណើរកម្សាន្តនៅប្រទេសកម្ពុជាភ្លាមៗ ដោយសារតែបន្ទប់ទឹកនោះមានសភាពកខ្វក់ និងគគ្រិចខ្លាំង ដែលគេមិននឹកស្មានដល់ និងមិនធ្លាប់ជួបពីមុនមក ថាបន្ទប់ទឹកបែបនេះអាចមាននៅក្នុងព្រលានយន្តហោះ។
ចំណែកភ្ញៀវម្នាក់ទៀតឈ្មោះ Zoltan K លើកឡើងថា រូបគេបានទៅដល់ព្រលានយន្តហោះខេត្តសៀមរាបនៅពេលព្រឹក ដូច្នេះរូបគេក៏ទៅមើលប្រាសាទអង្គរវត្ត និងបានត្រឡប់មកព្រលានយន្តហោះវិញនៅពេលល្ងាច ដើម្បីបន្តជើងហោះហើរទៅទីក្រុងបាងកក ប្រទេសថៃ ប៉ុន្តែប៉ូលិសអន្តោប្រវេសន៍ខ្មែរមិនអនុញ្ញាតឱ្យរូបគេឡើងជិះយន្តហោះវិញទេ ដោយនិយាយថា អ្នកដែលមកលេងប្រទេសកម្ពុជាលើកដំបូង ត្រូវតែស្នាក់នៅឱ្យគ្រប់ ២៤ម៉ោង។
ប្រភពដដែលបញ្ជាក់ថា នៅពេលនោះរូបគេក៏បានឈ្លោះជាមួយប៉ូលិសអន្តោប្រវេសន៍រហូតប៉ូលិសទាំងនោះដេញរូបគេចេញក្រៅព្រលាន និងបានទៅជួលផ្ទះសំណាក់ស្នាក់នៅមួយយប់ ដើម្បីទិញសំបុត្រយន្តហោះនៅថ្ងៃបន្ទាប់ ដែលនេះគឺជាការធ្វើដំណើរកម្សាន្តដ៏អាក្រក់ដែលរូបគេមិនធ្លាប់បានជួបតាំងពីដើមមក។ ជាងនេះទៀត ក្នុងបរិវេណព្រលានយន្តហោះក្តៅ ហើយថែមទាំងមានក្លិនស្អុយទៀត។
បន្ថែមពីនេះ ភ្ញៀវទេសចរអន្តរជាតិជាច្រើនផ្សេងទៀត បានបង្ហាញពីការមិនពេញចិត្តខុសៗគ្នា ដូចជា ការប្រព្រឹត្តអំពើពុករលួយដោយការសុំលុយថ្លៃកាហ្វេពីសំណាក់បុគ្គលិកបម្រើការនៅក្នុងព្រលានយន្តហោះ និងមន្ត្រីប៉ូលិសអន្តោប្រវេសន៍ ជាដើម ការមិនប្រើប្រាស់ភាសាអង់គ្លេស តម្លៃថ្លៃក្នុងការចំណាយលើតាក់ស៊ីសម្រាប់ជិះទៅព្រលានយន្តហោះ និងការធ្វើដំណើរមានចម្ងាយឆ្ងាយពីក្រុងសៀមរាប ជាដើម ដែលជាហេតុធ្វើឱ្យពួកគេចំណាយលុយច្រើន រហូតធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ពួកគេក្នុងការធ្វើដំណើរកម្សាន្តយ៉ាងខ្លាំង។
ការរិះគន់ពីសំណាក់ភ្ញៀវអន្តរជាតិចំពោះសេវាកម្មនៅព្រលានយន្តហោះអន្តរជាតិថ្មីខេត្តសៀមរាប នេះ ធ្វើឡើងស្របពេលដែលមានការលើកឡើងពីភាពអវិជ្ជមានជាច្រើនជុំវិញសេវាកម្មរបស់ព្រលានយន្តហោះថ្មីនេះជាបន្តបន្ទាប់ ចាប់តាំងពីព្រលានថ្មីនេះដំណើរការមក។
ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ ដែលមានចម្ងាយប្រមាណជា ៤០គីឡូម៉ែត្រពីក្រុងសៀមរាប ស្ថិតនៅក្នុងឃុំពពេល និងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប លើផ្ទៃដី ៧០០ហិកតារ ត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនចិន YUNAN DEVELOP MENT GROUP ដែលបានបោះទុនវិនិយោគប្រមាណជាង ១ពាន់លានដុល្លារអាមេរិក ដែលក្រុមហ៊ុនចិនមួយនេះនឹងគ្រប់គ្រងរយៈពេល ៥៥ឆ្នាំ។
កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីបន្តពូជថ្មីលោក ហ៊ុន ម៉ាណែត បានសម្ដែងមោទនភាពចំពោះវត្តមានព្រលានយន្តហោះថ្មីក្នុងខេត្តសៀមរាប នេះយ៉ាងខ្លាំង ដោយលោកអះអាងថា អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ នឹងក្លាយជាសក្ដានុពលស្រូបទាញដ៏ខ្លាំងក្លា និងជាកម្លាំងចលករដ៏សំខាន់សម្រាប់វិស័យទេសចរណ៍របស់កម្ពុជាទៅថ្ងៃអនាគត។
លោក ហ៊ុន ម៉ាណែត បានប្រកាសស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវទេសចរចិន ឱ្យនាំគ្នាមកទស្សនាកម្ពុជាឲ្យបានកាន់តែច្រើន ជាពិសេសមកកាន់ខេត្តសៀមរាប ទឹកដីអង្គរ ដោយធ្វើដំណើរតាមអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ។ លោកបន្តថា វត្តមានអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ គឺជាសមិទ្ធផលដ៏មហាសាលមួយទៀតនៅលើទឹកដីខេត្តសៀមរាប ដែលជាប៉ូលសេដ្ឋកិច្ចដ៏មានសក្ដានុពលរបស់កម្ពុជាផ្នែកទេសចរណ៍ ក្នុងការតភ្ជាប់ផ្លូវអាកាសដ៏សំខាន់រវាងខេត្តសៀមរាប ជាមួយតំបន់មានសក្ដានុពលទេសចរណ៍ដទៃទៀត។
ទាក់ទិននឹងបញ្ហានេះ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត ប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី៩ មករា នេះថា ព្រលានយន្តហោះសៀមរាប-អង្គរថ្មីនេះ ទំនងជាស្ថិតក្នុងផែនការប្រើប្រាស់កម្ពុជាធ្វើជាឈ្នាន់ឱ្យបម្រើយុទ្ធសាស្ត្រសេដ្ឋកិច្ចរបស់ចិនយូរអង្វែង ក្នុងនោះ ចិននឹងប្រមូលផលប្រយោជន៍សេដ្ឋកិច្ចគ្រប់យ៉ាងពីកម្ពុជា តាមរយៈព្រលានយន្តហោះថ្មីនេះ ខណៈកម្ពុជានឹងមិនទទួលបានអ្វីទាំងអស់ពីព្រលាននេះ។
ប្រភពដដែលបញ្ជាក់ថា ចំណែកផលប្រយោជន៍នយោបាយ ចិនក៏ទំនងជាប្រើប្រាស់កម្ពុជាធ្វើជាឈ្នាន់បម្រើភូមិសាស្ត្រនយោបាយរបស់គេដែរ គឺពួកគេប្រើព្រលានយន្តហោះថ្មីនេះបង្ខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជាលើឆាកអន្តរជាតិ ដើម្បីបង្អាក់ភ្ញៀវទេសចរកុំឱ្យទៅលេងកម្ពុជាបន្តទៀត ក្នុងបំណងរុញឱ្យវិស័យមួយនេះជួបវិបត្តិកាន់តែខ្លាំង ព្រោះថា ចិនក៏ធ្លាប់ប្រើល្បិចផ្សព្វផ្សាយរឿង No More Bet ស្ដីពីការជួញដូរមនុស្សនៅកម្ពុជាក្នុងបំណងបំផ្លាញវិស័យទេសចរណ៍កម្ពុជាម្តងរួចមកហើយ។
មន្ត្រីរដ្ឋាភិបាលខាងលើបញ្ជាក់ថា បើកម្ពុជាជួបវិបត្តិសេដ្ឋកិច្ចគ្រប់ច្រកកាន់តែខ្លាំង ដូចជា វិស័យវាយនភណ្ឌកាត់ដេរ វិស័យទេសចរណ៍ និងវិស័យកសិកម្ម ជាដើម នោះកម្ពុជាក៏គ្មានលុយសងបំណុលចិនដែរ ដូច្នេះ ចិនអាចកាត់តំបន់ណាមួយយកទៅគ្រប់គ្រងដើម្បីទូទាត់បំណុលក្នុងរយៈពេលណាមួយ ដើម្បីរៀបចំភូមិសាស្ត្រនយោបាយក្នុងតំបន់របស់គេ ខណៈកម្ពុជាគឺជាជនរងគ្រោះពាំងគ្រាប់ឱ្យចិនទាំងស្រុង៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

