លោក ហ៊ុន ម៉ាណែត ដែលបន្តតំណែងពីឪពុក អះអាងថា រាជរដ្ឋាភិបាលមិនមានគម្រោងលក់ដីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឱ្យទៅវិស័យឯកជនដូចមានការលើកឡើងពីសាធារណមតិមួយចំនួននោះឡើយ គឺត្រូវរក្សាទុកជាសម្បត្តិរបស់រដ្ឋដដែល។
កូនប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត លើកឡើងក្នុងពិធីអបអរសាទរខួបលើកទី៨០ នៃថ្ងៃកំណើតនគរបាលជាតិកម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នេះថា ដីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងប្រគល់ទៅរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលជាអ្នកគ្រប់គ្រង និងឱ្យសមត្ថកិច្ចជួយថែរក្សាទ្រព្យសម្បត្តិនានារបស់អាកាសយានដ្ឋាននេះផងដែរ។
លោក ហ៊ុន ម៉ាណែត លើកឡើងថា កាលពីឆ្នាំ១៩៩៥ រាជរដ្ឋាភិបាលមានកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន SCA ធ្វើប្រតិបត្តិការមែន ប៉ុន្តែមិនមែនសិទ្ធិគ្រប់គ្រងទេ ព្រោះរដ្ឋនៅតែជាម្ចាស់គ្រប់គ្រងដដែល។
ពលរដ្ឋខ្មែរមិនបានដឹងទេថា តើកិច្ចព្រមព្រៀងនោះអស់សុពលភាព ផុតអាណត្តិ ឬយ៉ាងណានោះទេ។
ក្រុមហ៊ុនបារាំង Société concessionaire d’Aéroport ឬ SCA នៅក្រោមក្រុមហ៊ុនបារាំង Vinci ហ៊ុននឹងក្រុមហ៊ុនម៉ាឡេស៊ី Muhibbah Masteron ដាក់ទុន ១០០លានដុល្លារនៅឆ្នាំ១៩៩៥ ស្ដារ រៀបចំអាកាសយានដ្ឋានពោធិ៍ចិនតុន ឲ្យទំនើបទាន់សម័យ។
កូនប្រុសមេដឹកនាំបក្សកាន់អំណាចរូបនេះបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានតម្លៃជាប្រវត្តិសាស្ត្រ ព្រោះជាកេរមរតករបស់សម្តេចព្រះនរោត្តម សីហនុ ដូច្នេះអាកាសយានដ្ឋាននេះត្រូវបានការពារយ៉ាងម៉ត់ចត់។ ជាងនេះទៀត ក៏ត្រូវទុកសម្រាប់ប្រើប្រាស់ក្នុងការចុះចតបន្ទាន់ (Emergency Landing) ផងដែរ ជាពិសេសឧទ្ធម្ភាគចក្រ។
អាកាសយានដ្ឋានពោធិ៍ចិនតុង សង់តាំងពីសម័យជប៉ុន ត្រួតត្រាប្រទេសកម្ពុជា រួមនឹងវាលយន្តនៅទីដទៃទៀតសរុបចំនួន ១៥កន្លែងក្នុងប្រទេស។
ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៦ ឧសភា នេះថា លោកសូមអបអរសាទរចំពោះការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត និងសូមឱ្យសម្ដីនេះ គឺជាការពិតដូចអ្វីដែលប្រជាពលរដ្ឋចង់បាន។
ចំណែកប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត លើកឡើងថា រដ្ឋាភិបាលកម្ពុជាមិនគួរបិទអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទាំងស្រុងទេ ពោលគឺគួររក្សាដំណើរការទាំងអាកាសយានដ្ឋានចាស់ និងអាកាសយានដ្ឋានថ្មី ដើម្បីជាប្រយោជន៍ដល់អ្នកធ្វើដំណើរ អ្នកធ្វើការ និងអ្នករកស៊ីលើវិស័យសេវាកម្មនានាជាដើម។
លោក ម៉ែន ណាត លើកឡើងថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាចប្រើសម្រាប់ការចុះចតប្រភេទយន្តហោះខ្នាតតូចដែលមានតម្រូវការចូលទៅក្នុងទីក្រុងភ្នំពេញ ចំណែកអាកាសយានដ្ឋានអន្តរជាតិថ្មីក្រុងតាខ្មៅ គឺប្រើសម្រាប់ទទួលការចុះចតខ្នាតធំ ឬតូច ដែលបន្តដំណើរទៅគោលដៅផ្សេងៗ។
កាលពីដើមសប្តាហ៍នេះ អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សិរីវុត្ថា លើកឡើងថា បើគ្មានអ្វីប្រែប្រួលទេ កម្ពុជានឹងផ្ទេរជើងហោះហើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (វាលយន្តហោះពោធិ៍ចិនតុង) ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី១០ ខែកក្កដា ខាងមុខនេះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

