នាយករដ្ឋមន្ត្រីកូនស្នងត្រកូល លោក ហ៊ុន ម៉ាណែត ណែនាំឱ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដែលហៅកាត់ថា ស.ស.យ.ក អប់រំយុវជនគ្រប់មជ្ឈដ្ឋានឱ្យចូលរួមកសាងប្រទេសជាតិតាមរយៈនៃការចូលរួមជាមួយរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេសជាតិឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។
នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើងក្នុងកម្មវិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលមជ្ឈិមបក្សនៃសហភាពសហព័ន្ធយុវជនកម្ពុជា ឆ្នាំ២០២៤ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នេះថា ការជួបជុំគ្នានៃថ្នាក់ដឹកនាំ សមាជិក និងសមាជិកានៃសហភាពសហព័ន្ធយុវជនកម្ពុជា គឺមានសារសំខាន់ណាស់ក្នុងការពិនិត្យសមិទ្ធិ ចំណុចខ្វះខាត និងបញ្ហាប្រឈមក្នុងការអនុវត្តការងារកន្លងមក ព្រមទាំងការពិភាក្សាផ្លាស់ប្ដូរមតិយោបល់ ដែលជាធាតុចូលសម្រាប់លើកទិសដៅអនុវត្តការងារនៅឆ្នាំបន្ទាប់ ដើម្បីសម្រេចបានសមិទ្ធិថ្មីៗជូនជាតិមាតុភូមិ។
លោក ហ៊ុន ម៉ាណែត លើកឡើងថា សហភាពសហព័ន្ធយុវជនកម្ពុជាមានភារកិច្ចចម្បងក្នុងការបង្កើតវិធីសាស្ត្រទាក់ទាញសមានចិត្ត ភាពច្នៃប្រឌិត និងបត់បែន ដើម្បីអាចបំផុសយុវជនឱ្យចូលរួមក្នុងបុព្វហេតុជាតិ ដោយកាន់ដៃគ្នាដើរលើវិថីនៃសន្តិភាព ឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើន ក្នុងស្មារតីសាមគ្គីភាពរឹងមាំនៃមហាគ្រួសារយុវជនកម្ពុជា ព្រមទាំងកសាងសង្គមទំនើបមួយដ៏រឹងមាំ មានឯករាជ្យ សន្តិភាព សេរីភាព សមភាព ប្រជាធិបតេយ្យ និងមានផលិតភាពការងារខ្ពស់ ដែលជាគន្លឹះក្នុងការពង្រឹងខឿនសេដ្ឋកិច្ចជាតិ។
នាយករដ្ឋមន្ត្រីថ្មីរូបនេះបញ្ជាក់ថា យុវជនមានមុខនាទីស្នូលក្នុងការចូលរួមក្នុងបុព្វហេតុជាតិមាតុភូមិយ៉ាងខ្លាំងក្លា ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនលើគ្រប់វិស័យ តាមរយៈនៃការបន្តថែរក្សាសមិទ្ធិយុវជនជំនាន់មុនបន្សល់ទុក និងកសាងសមិទ្ធិជាវិជ្ជមានបន្ថែមទៀតសម្រាប់យុវជនជំនាន់ក្រោយ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលគេមើលឃើញថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានប្រើមុខនាទីជាមន្ត្រីរាជការអូសទាញយុវជនខ្មែរឱ្យបម្រើគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់នាពេលកន្លងមក។
អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត សរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៤ មីនា នេះ ដោយលើកជាសំណួរថា តើសហភាពសហព័ន្ធយុវជនកម្ពុជា ដែលហៅកាត់ថា ស.ស.យ.ក ជាស្ថាប័នជាតិ ឬជាស្ថាប័នអ្វី បានជានាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីមុខងារសាធារណៈ លោក ហ៊ុន ម៉ានី យកម៉ោងធ្វើការរដ្ឋទៅប្រជុំជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាទាំងនេះ ចុះចំណែកការងាររដ្ឋបានអ្នកណាជាអ្នកធ្វើ។
ចំណែកឯអនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៤ មីនា នេះដែរថា យុវជននៃគណបក្សប្រជាជនកម្ពុជាក្នុងអង្គភាពសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលមានលោក ហ៊ុន ម៉ានី ជាប្រធាន មិនបានចូលរួមកសាងប្រជាធិបតេយ្យ និងចូលរួមអភិវឌ្ឍសង្គមខ្មែរក្នុងប្រទេសកម្ពុជាពិតប្រាកដទេ ពួកគេគ្រាន់តែប្រើអង្គភាពនេះដើម្បីតែដណ្តើមតំណែង មុខនាទីក្នុងរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ។
លោក ម៉ែន ណាត លើកឡើងថា អង្គភាពសហភាពសហព័ន្ធយុវជនកម្ពុជា មិនមែនជាកម្លាំងស្នូលដើម្បីបម្រើផលប្រយោជន៍សង្គមជាតិទេ ប៉ុន្តែពួកគេគ្រាន់តែជាកម្លាងចារកម្មនយោបាយជួយបម្រើផលប្រយោជន៍គណបក្សប្រជាជនកម្ពុជា ដើម្បីដោះដូរយកបុណ្យស័ក្តិ តំណែង មុខនាទី ព្រមទាំងផលប្រយោជន៍ផ្ទាល់ខ្លួនដែលបានមកពីអំពើទុច្ចរិតនៃរដ្ឋាភិបាលដែលពួកគេកំពុងបម្រើឱ្យនោះតែប៉ុណ្ណោះ។
នៅលើគេហទំព័រផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា គេលើកឡើងថា សហភាពសហព័ន្ធយុវជនកម្ពុជា ដែលហៅកាត់ថា ស.ស.យ.ក បង្កើតឡើងក្នុងគោលបំណងប្រមូលផ្ដុំយុវជនគ្រប់ទិសទី ទាំងក្នុង និងក្រៅប្រទេស ដើម្បីបន្តសកម្មភាពពីសមាគមយុវជនកម្ពុជា និងសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានចាប់បដិសន្ធិនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ កន្លងទៅនោះ។
ទាក់ទិននឹងបញ្ហានេះ គេសង្កេតឃើញថា មន្ត្រីកំពូលៗរបស់គណបក្សកាន់អំណាច បានដាក់បញ្ចូលកូនៗរបស់ពួកគេឱ្យធ្វើជាប្រធាន និងអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចាប់តាំងពីថ្នាក់ខេត្ត រាជធានី រហូតដល់ថ្នាក់ស្រុក-ខណ្ឌ ដើម្បីបម្រើផលប្រយោជន៍ឱ្យគណបក្សប្រជាជនកម្ពុជាតាមរូបភាពចូលរួមកិច្ចការសង្គម ដែលអាចឱ្យពួកគេទទួលបានតំណែងសំខាន់ៗក្នុងជួររដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាជាថ្នូរត្រឡប់មកវិញនៅថ្ងៃមុខ។
មាត្រា២៤ នៃច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចែងថា អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងសមាគមបរទេស ត្រូវប្រកាន់ជំហរអព្យាក្រឹតចំពោះគ្រប់គណបក្សនយោបាយនៅប្រទេសកម្ពុជា ប៉ុន្តែអង្គភាពសហភាពសហព័ន្ធយុវជនកម្ពុជា ដែលលោក ហ៊ុន ម៉ានី កំពុងដឹកនាំសព្វថ្ងៃនេះ ត្រូវគេមើលឃើញថា កំពុងបម្រើផលប្រយោជន៍ឱ្យគណបក្សប្រជាជនកម្ពុជាទាំងស្រុង។
គួររំឭកថា ការដូរឈ្មោះអង្គភាពក្រុមយុវជនពីមួយទៅមួយ គឺជាយុទ្ធសាស្ត្រដើម្បីបន្តសម្បាច់ ឬមរតកនៃក្រុមយុវជនបក្ស ដែលចែកជាយុវជនស្នូល និងយុវជនត្រៀម ដែលអង្គការចាត់តាំងបក្សបង្កើតក្នុងរបបសមូហភាព សមូហនិយម របបរួមសម្បត្តិ ឬរបបកុម្មុយនីស្ត ដើម្បីបម្រើការពារបក្សដោយស្មោះត្រង់។
ឈ្មោះអង្គភាពនាពេលបច្ចុប្បន្នថា សហភាពសហព័ន្ធយុវជនកម្ពុជា (Union of Youth Federations of Cambodia) ស្តាប់ ឬមើលមួយភ្លែត ប្រៀបដូចជាឈ្មោះ សហជីព សមាគម ឬអង្គការក្រៅរដ្ឋាភិបាលមួយ ប៉ុន្តែការពិត ស.ស.យ.ក ជាអង្គភាពមួយស្ថិតក្នុងគណៈកម្មាធិការមជ្ឈិមបក្សនៃបក្សប្រជាជនកម្ពុជា ក្រោមការគ្រប់គ្រងរបស់កូនប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ដែលគ្រប់គ្រងយុវជនរួម ទាំងក្នុង ទាំងក្រៅប្រទេស ហើយនិងលោក ហ៊ុន ម៉ានី ដែលគ្រប់គ្រងយុវជនក្នុងស្រុក ដោយមានអ្នកទ្រទ្រង់ជាកូនមន្ត្រីបក្ស ដូចជាកូនលោក ស ខេង គឺលោក ស សុខា កូនលោក សាយ ឈុំ គឺលោក សាយ សំអាល់ ជាដើម។ល។
នៅក្នុងពិធីប្រជុំ ស.ស.យ.ក លោក ហ៊ុន ម៉ាណែត និយាយអំពីការប្រមូលយុវជនដើម្បីរក្សាឯករាជភាព សន្តិភាព សេរីភាព សមភាព ប្រជាធិបតេយ្យ។ មិនឮនិយាយក្នុងសុន្ទរកថានោះ គឺអធិបតេយ្យជាតិ ឯកភាពជាតិ អព្យាក្រឹតភាព ដែលចែងក្នុងរដ្ឋធម្មនុញ្ញ។ ប្រាំចំណុចដែលលោក ហ៊ុន ម៉ាណែត ថ្លែងនោះ គឺមានតែមួយគត់ គឺសន្តិភាព ដែលប្រជាពលរដ្ឋរងទុក្ខរាល់ថ្ងៃ។
កាលពីសម័យបោះឆ្នោតឆ្នាំ២០១៨ ក្រុមអ្នកសង្កេតការណ៍ក្នុងការបោះឆ្នោតនោះដឹកនាំដោយលោក ហ៊ុន ម៉ានី ដែលមានសមាជិកបក្ស ៣ម៉ឺន ៦ពាន់នាក់ ចុះឈ្មោះសង្កេតការណ៍។ រីឯជនបរទេសវិញ ក្រៅពីអ្នកសង្កេតការណ៍ពីសហភាពអឺរ៉ុបមួយចំនួនតូច មានជនជាតិរ៉ូម៉ានី ម្នាក់ ឈ្មោះ Anton Garagea ដែលលោក ហ៊ុន សែន ផ្តល់ងារជារាជទូតសុឆន្ទៈ (Goodwill Ambassador) នៅឆ្នាំ២០១៦។ ក្រៅពីកោតសរសើរមេដឹកនាំផ្ដាច់ការមួយចំនួនលើសកលលោក ដូចជាប្រធានាធិបតីកាហ្សាក់ស្ថាន និងហ្ស៊ីមបាវ៉េ Robert Mugabe Anton Garagea កោតសរសើរលោក ហ៊ុន សែន ថាជាមេដឹកនាំមានសុភនិច្ឆ័យ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

