គ្រូបង្រៀនវិទ្យាល័យ ជា ស៊ីម ឈូកវ៉ា ជាង ៦០នាក់ ស្នើសុំរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន និងប្រធានការិយាល័យអប់រំ យុវជន និងកីឡា ខណ្ឌព្រែកព្នៅ ដកតួនាទីលោក ប៊ុន មុនី ជានាយក និងលោក យឿ លាង នាយករង ចេញពីវិទ្យាល័យ ជា ស៊ីម ឈូកវ៉ា ក្រោមហេតុផលប្រព្រឹត្តអំពើពុករលួយ គាបសង្កត់សិទ្ធិសេរីភាព និងប្រមាថមាក់ងាយបុគ្គលិកក្នុងអង្គភាព ប្រាសចាកក្រមសីលធម៌វិជ្ជាជីវៈជាគ្រូបង្រៀន។
បុគ្គលិកអប់រំនៃវិទ្យាល័យ ជា ស៊ីម ឈូកវ៉ា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៥ មីនា នេះថា នាយកសាលា លោក ប៊ុន មុនី និងនាយករង លោក យឿ លាង បានគ្រប់គ្រងសាលារៀនដោយភាពមិនប្រក្រតី និងប្រាសចាកក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀនធ្ងន់ធ្ងរ ហូតមក ដោយអាងអំណាចជាអ្នកគ្រប់គ្រង ដូចជា ការជេរប្រមាថបុគ្គលិកក្នុងអង្គភាព ជាដើម ដោយប្រើពាក្យ គ្រូអន់មារយាទ គ្រូអន់ចរិត គ្រូអត់ខួរ និងគ្រូសំរាម ជាដើម ទៅលើបុគ្គលិកក្រោមឱវាទ ដូចជាលោកគ្រូ ឈិន ឡូ លោកគ្រូ សន សារ៉ាដែន អ្នកគ្រូ ថាំង ចាន់ហួត ជាដើម។
ប្រភពបុគ្គលិកអប់រំខាងលើលើកឡើងថា ក្រៅពីប្រើឥរិយាបថមិនសមរម្យ នាយក និងនាយករងនៃវិទ្យាល័យ ជា ស៊ីម ឈូកវ៉ា ខាងលើនេះ តែងតែប្រើប្រាស់ថវិការបស់សាលាដោយគ្មានតម្លាភាពរាប់ឆ្នាំកន្លងមកថែមទៀត ដូចជា ថវិកា PB ( Program Budgeting) ឆ្នាំ២០២២១ និងឆ្នាំ២០២២ ចំនួន ៤៥លានរៀលត្រូវបាត់បង់ទាំងស្រុង ថវិកាគម្រោងស៊ីប ថវិកាភាស៊ីក្នុងសាលា ថវិកាជួលតូបលក់ក្នុងសាលា ថវិកាអគារធនធាន ៤០លានរៀលក្នុង ១ឆ្នាំ ថវិកាគម្រោង SIG ថវិកាទ្រទ្រង់សាលា ថវិកាឧបត្ថម្ភពីនាយករដ្ឋមន្ត្រី និងការដកបង់ថវិកាចំនួន ១២លានរៀល ពេលបើកបវេសនកាល ជាដើម ខណៈកម្មវិធីបើកបវេសនកាល ខាងសាលាក្រុងជាអ្នករ៉ាប់រងនោះ។
គ្រូបង្រៀនខាងលើបញ្ជាក់ថា ក្រៅពីការប្រើប្រាស់ថវិកាសាលា និងគម្រោងផ្សេងៗក្នុងសាលាដោយគ្មានតម្លាភាព នាយក និងនាយករងខាងលើនេះ ក៏បានប្រើអំណាចគាបសង្កត់បុគ្គលិកអប់រំក្នុងអង្គភាពធ្ងន់ធ្ងរដែរ ដូចជា ការកាត់ថវិកាបុគ្គលិកចំនួន ៦ម៉ឺនរៀលក្នុងម្នាក់ពេលប្រឡងមធ្យមសិក្សាទុតិយភូមិម្តងៗ ក្នុងបន្ទប់រៀនគ្មានកង្ហារ តែបន្ទប់នាយក និងនាយករងប្រើម៉ាស៊ីនត្រជាក់ រហូតសាលាជំពាក់ថ្លៃភ្លើងជាង ១០លានរៀលនៅពេលនេះ ខណៈលុយឧបត្ថម្ភលោកគ្រូអ្នកគ្រូដែលបង្រៀនសិស្សនិទ្ទេស អេ (A) ចំនួន ៣លានរៀល ក៏ត្រូវបាត់បង់ ដោយឡែកតារាងបាល់សាលាត្រូវជួលឱ្យខាងឯកជនដោយមិនឃើញលុយថ្លៃជួលរហូតមក។
ប្រភពដដែលគូសបញ្ជាក់ថា នាយក និងនាយករងនោះ ក៏បានបង្ខំឱ្យសិស្សបង់ថ្លៃទឹក ថ្លៃភ្លើង ១ខែ ២ពាន់រៀលក្នុងម្នាក់ៗ បង្ខំឱ្យសិស្សបង់លុយកម្មវិធី CAMEMISB ក្នុងម្នាក់ៗ ៨ពាន់រៀល ក្នុង ១ខែ ជាថ្នូរមិនលុបឈ្មោះចេញពីការសិក្សា និងតម្រូវឱ្យមាតាបិតាសិស្សបង់លុយ ៣ម៉ឺនរៀលក្នុងម្នាក់សម្រាប់ ១ឆ្នាំ ជាដើម ដែលទង្វើទាំងនេះគឺជាការប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរមិនអាចអនុគ្រោះឱ្យបាន។
ការអះអាងនេះ ធ្វើឡើងដើម្បីស្នើឱ្យក្រសួងអប់រំ យុវជន និងកីឡា ដកមុខនាទីលោក ប៊ុន មុនី ជានាយក និងលោក យឿ លាង ជានាយករង ចេញពីវិទ្យាល័យ ជា ស៊ីម ឈូកវ៉ា បន្ទាប់ពីរងនូវការចោទប្រកាន់ពីការប្រើប្រាស់សិទ្ធិអំណាចគាបសង្កត់បុគ្គលិកក្នុងអង្គភាព និងប្រព្រឹត្តអំពើពុករលួយ។
កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ វិទ្យាល័យ ជា ស៊ីម ឈូកវ៉ា បានដាក់លិខិតមួយស្នើសុំឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន និងប្រធានការិយាល័យអប់រំ យុវជន និងកីឡា ខណ្ឌព្រែកព្នៅ ដកតួនាទីលោក ប៊ុន មុនី ជានាយក និងលោក យឿ លាង ជានាយករង ចេញពីវិទ្យាល័យ ជា ស៊ីម ឈូកវ៉ា ក្រោមហេតុផលថា ពួកគេបានប្រព្រឹត្តអំពើពុករលួយ និងប្រើប្រាស់ឥរិយាបថប្រាសចាកក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀនធ្ងន់ធ្ងរក្នុងអង្គភាព។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ សិស្សានុសិស្សនៃអនុវិទ្យាល័យ និងវិទ្យាល័យ ជា ស៊ីម ឈូកវ៉ា រាប់រយនាក់ នាំគ្នាបាតុកម្មប្រឆាំងនឹងលោក ប៊ុន មុនី និងលោក យឿ លាង ដែលបានបង្ខំឲ្យអាណាព្យាបាលរបស់ពួកគេបង់លុយថ្លៃទឹក-ភ្លើងរបស់សាលា និងការតម្រូវឱ្យបង់លុយជាច្រើនផ្សេងទៀតនាពេលកន្លងមក។
សិស្សានុសិស្សដែលចូលរួមការធ្វើបាតុកម្ម បាននាំគ្នាកាន់បដាដោយសរសេរអក្សរផ្សេងៗ ដែលទាក់ទងនឹងការប្រើប្រាស់ពាក្យសម្ដីអសុរោះរបស់លោកនាយក និងនាយករងលើបុគ្គលក្នុងអង្គភាពកន្លងមកជាច្រើន ក្នុងនោះក៏មានការសរសេរដោយសំណូមពរឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន ពិនិត្យលើករណីនេះដើម្បីរកយុត្តិធម៌ឱ្យពួកគេផងដែរ។
ជុំវិញបញ្ហានេះ លោកគ្រូអ្នកគ្រូនៃវិទ្យាល័យ ជា ស៊ីម ឈូកវ៉ា បញ្ជាក់ថា ពួកគេមានភស្តុតាងគ្រប់គ្រាន់ ទាំងឯកសារ និងសំឡេងជុំវិញការប្រព្រឹត្តអំពើពុករលួយ និងការគាបសង្កត់នានារបស់នាយក និងនាយករងលើបុគ្គលិកអប់រំនៃវិទ្យាល័យ ជា ស៊ីម ឈូកវ៉ា នេះនាពេលកន្លងមក។
ទាក់ទិននឹងបញ្ហានេះ The Cambodia Daily មិនទាន់អាចទាក់ទងលោក ប៊ុន មុនី និងលោក យឿ លាង ដែលជានាយក និងនាយករងនៃវិទ្យាល័យ ជា ស៊ីម ឈូកវ៉ា ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់ពីបញ្ហានេះបាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕