កិច្ចប្រជុំកំពូលនៃក្រុមប្រទេសសហប្រតិបត្តិការសេដ្ឋកិច្ច ហៅកាត់ថា BRICS ដែលមានរយៈពេល ២ថ្ងៃបានចាប់ផ្តើមហើយនៅថ្ងៃអង្គារ ទី២២ ខែតុលា នេះ ក្រោមសម្ពាធទាមទារឱ្យរុស្ស៊ី បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន បែរជាក្រុងមូស្គូ ព្យាយាមបង្វែងទៅរកមធ្យោបាយកាត់បន្ថយការធ្វើចរាចរប្រាក់ដុល្លារអាមេរិក។
ប្រទេសសមាជិករបស់ BRICS មាន ៥ប្រទេស គឺប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងប្រទេសអាហ្វ្រិកខាងត្បូង ចំណែកប្រទេសអេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម ជាប្រទេសសង្កេតការណ៍។
ប្រទេសដែលចូលរួមភាគច្រើន បានជំរុញឱ្យប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន រកវិធីដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។
តាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅមុនកិច្ចប្រជុំ លោក ពូទីន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា BRICS មិនធ្វើខ្លួនជាអ្នកប្រឆាំងនឹងនរណាម្នាក់ឡើយ។ BRICS ជាក្រុមមួយចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចពិភពលោក ពង្រឹង និងពង្រីកសហប្រតិបត្តិការសេដ្ឋកិច្ច។
លោក ពូទីន ពន្យល់ថា៖ BRICS ជាសមាគមមួយដែលធ្វើការជាមួយគ្នាដោយផ្អែកលើតម្លៃរួម ចក្ខុវិស័យនៃការអភិវឌ្ឍដែលផ្តល់ផលប្រយោជន៍សមាមាត្រនឹងគ្នា។
ចំពោះមុខអ្នកសារព័ត៌មានដែលចោទសួរអំពីសង្គ្រាមនៅអ៊ុយក្រែន លោក ពូទីន និយាយថា៖ រុស្ស៊ី មិនបោះបង់ដាច់ខាតតំបន់ទាំង ៤ នៅភាគខាងកើតអ៊ុយក្រែន ដែលខ្លួនបាននិងកំពុងវាយគ្រប់គ្រងបានផ្នែកខ្លះ។
ក្នុងជំនួបកំពូលនៃប្រទេស BRICS លោក ពូទីន បានកោតសរសើរព្រះអង្គម្ចាស់ Sheikh Mohammed នាយករដ្ឋមន្ត្រីអារ៉ាប់រួម និងព្រះអង្គម្ចាស់អារ៉ាប៊ីសាអ៊ូឌីត Mohammed bin Salman ដែលបានមកចូលរួមប្រជុំកំពូល BRICS ក្នុងទីក្រុង Kazan ប្រទេសរុស្ស៊ី ហើយបានខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលលើបញ្ហាសង្គ្រាមអ៊ុយក្រែន។
តាមសេចក្ដីរាយការណ៍របស់ Reuters នៅក្នុងកិច្ចប្រជុំកំពូល BRICS ក៏មានការចោទសួរលោក ពូទីន និងមានការជជែកអំពីលទ្ធភាពនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ប៉ុន្តែគ្មានលទ្ធផលដែលឈានដល់ការចេញសេចក្ដីថ្លែងការណ៍រួមឡើយ។
តែក្នុងពេលជាមួយគ្នានេះ បែរជាក្រុមតំណាងប្រទេសរុស្ស៊ី និងលោក ពូទីន បញ្ចុះបញ្ចូលសម្ព័ន្ធមិត្តរបស់ខ្លួនឱ្យឈប់ប្រើលុយដុល្លារសម្រាប់ការទូទាត់ជាសកលទៅវិញ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងថា តាមរយៈនៃការធ្វើសកម្មភាពរួមគ្នាដោយការឯកភាពក្នុងក្រុមប្រទេស BRICS និងប្រទេសដៃគូ វាអាចបំពេញសក្ដានុពលក្នុងវិស័យសេដ្ឋកិច្ច វិនិយោគ បច្ចេកវិទ្យា និងធនធានមនុស្ស ដើម្បីពង្រឹងឥទ្ធិពលរបស់ BRICS លើការអភិវឌ្ឍពិភពលោកឱ្យកាន់តែមានសុវត្ថិភាពជាមួយនឹងការកាត់បន្ថយការប្រើប្រាស់ក្រដាសប្រាក់ដុល្លារ។
ក្នុងចំណោមប្រទេសនៃក្រុម BRICS ប្រទេសចិន ចេញមុខគេចង់បន្សាបប្រាក់ដុល្លាររបស់អាមេរិកជាមួយនឹងការប្រើប្រាស់ប្រាក់ Yuan របស់ចិន ហើយចំពេលរុស្ស៊ី រងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីលោកខាងលិច លោក ពូទីន ក៏មានបំណងកាត់បន្ថយការពឹងផ្អែករបស់រុស្ស៊ី លើប្រាក់ដុល្លារផងដែរ។
ទណ្ឌកម្មដែលរួមបញ្ចូលនូវការបង្កកប្រាក់បម្រុងរូបិយប័ណ្ណបរទេស និងទ្រព្យសកម្មរបស់រុស្ស៊ី នៅក្រៅប្រទេស បានធ្វើឱ្យរុស្ស៊ី មានការលំបាកក្នុងការទូទាត់ផ្នែកពាណិជ្ជកម្ម ជាពិសេសប្រទេសណាដែលមានទំនាក់ទំនងល្អជាមួយរុស្ស៊ី។
ក្នុងឱកាសនៃវេទិកាធុរកិច្ច BRICS ក្រុងមូស្គូ បានបង្ហាញនូវប្រព័ន្ធទូទាត់សកលថ្មីរបស់ពួកគេដែលមានឈ្មោះថា BRICS Pay ដែលជឿថានៅពេលដែល BRICS អាចរំដោះខ្លួនចេញពីឥទ្ធិពលហិរញ្ញវត្ថុរបស់អាមេរិក គឺការបង្កើតប្រព័ន្ធទូទាត់ BRICS Pay អាចរុញឱ្យមានការកំណត់ឡើងវិញនូវច្បាប់ពាណិជ្ជកម្មអន្តរជាតិ។
តែយ៉ាងណា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប្រទេសជាសមាជិកនៃក្រុម BRICS បានខិតខំស្វែងរកជម្រើសជំនួសប្រាក់ដុល្លារអាមេរិកក្នុងពាណិជ្ជកម្មអន្តរជាតិរបស់ពួកគេ។ ការបើកដំណើរការ BRICS Pay គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រកាត់បន្ថយការប្រើប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិក។
នៅក្នុងសេចក្តីប្រកាសជាផ្លូវការ អ្នកស្រី Valentina Matviyenko ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី បានបញ្ជាក់ថា BRICS Pay មិនមែនជាគំនិតទៀតទេ គឺនៅពេលនេះវាជាគម្រោងជាក់ស្តែងដែលឈានទៅមុខយ៉ាងឆាប់រហ័ស ហើយគោលបំណងគឺដើម្បីកាត់បន្ថយឥទ្ធិពលនៃប្រាក់ដុល្លារ ដែលនៅតែតំណាងឱ្យ ៥៨% ប៉ុណ្ណោះនៃការទូទាត់សកល។
បែបនេះក្ដី ឥទ្ធិពលនៃប្រាក់ដុល្លារនេះវាគួបផ្សំនឹងទណ្ឌកម្មសេដ្ឋកិច្ចដែលដាក់ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធភាពលើប្រទេសរុស្ស៊ី ជាហេតុធ្វើឱ្យក្រុមប្រទេស BRICS ធ្វើការប្ដេជ្ញាចិត្តក្នុងការរៀបចំប្រព័ន្ធទូទាត់ថ្មីនេះ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ី លោក Anton Siluanov ក៏បានសង្កត់ធ្ងន់ថា BRICS Pay ក៏អាចកំណត់ឡើងវិញនូវការទូទាត់អន្តរជាតិតាមរយៈការរួមបញ្ចូលនៃ blockchain ដើម្បីធ្វើប្រតិបត្តិការប្រកបដោយសុពលភាព ជាមួយនឹងការធានាឱ្យមានការផ្លាស់ប្ដូរលឿន តម្លាភាព និងសុវត្ថិភាព។
រុស្ស៊ី អះអាងថា ការណ៍នេះនឹងជួយផ្ដល់ឱកាសឱ្យក្រុមប្រទេស BRICS កាត់បន្ថយការចំណាយទាក់ទងនឹងពាណិជ្ជកម្មអន្តរជាតិ ជាការរំដោះខ្លួនចេញពីភាពផ្ដាច់មុខដែលគ្រប់គ្រងដោយប្រព័ន្ធទូទាត់ ដូចជា SWIFT code របស់សហរដ្ឋអាមេរិក ជាដើម។
ប៉ុន្តែអ្នកជំនាញខ្លះមើលឃើញថា BRICS Pay អាចនឹងមិនមានភាពលើសលប់ចំពោះការធ្វើចរាចរសកលរបស់ក្រដាសប្រាក់ដុល្លារសហរដ្ឋអាមេរិកបានឡើយ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

