28.4 C
Phnom Penh

ពលរដ្ឋ​១០​នាក់​ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​ស្នងការដ្ឋាន​ខេត្ត​កំពត ក្រោយពី​ផ្សព្វផ្សាយ​ខ្លឹមសារ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ចំនួន ១០​នាក់ រួម​ទាំង​ព្រះសង្ឃ​ផង ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​ខ្លួន​ទៅ​ស្នងការដ្ឋាន​ខេត្ត​កំពត ភ្លាមៗ អំឡុង​ពេល​ដែល​ពួកគេ​ធ្វើការ​ផ្សព្វផ្សាយ​ពី​ខ្លឹមសារ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​អបអរ​សាទរ​ខួប​លើក​ទី ៣៣​ឆ្នាំ​នៅ​ថ្ងៃ​ពុធ​នេះ។

ពលរដ្ឋ​ចំនួន ៩​នាក់ និង​ព្រះសង្ឃ ១​អង្គ នៅ​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​២០២៤ នេះ បាន​ធ្វើការ​ផ្សព្វផ្សាយ​ពី​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​តាម​មាត់​ឆ្នេរ​ខេត្ត​កំពត ស្ថិត​ក្នុង​សង្កាត់​កំពង់កណ្តាល ក្រុង​កំពត ខេត្ត​កំពត ប៉ុន្តែ​ក្រោយ​ធ្វើការ​ផ្សព្វផ្សាយ​បាន​បន្តិច ក៏​ត្រូវ​សមត្ថកិច្ច​ក្រុង​កំពត ឃាត់​ខ្លួន និង​បញ្ជូន​ទៅ​អធិការដ្ឋាន​ក្រុង​កំពត ដើម្បី​សាកសួរ​តែម្តង។

បន្ទាប់ពី​សាកសួរ​ប្រមាណ​ជា ២​ម៉ោង អធិការដ្ឋាន​ក្រុង​កំពត ក៏​បាន​បញ្ជូន​ប្រជាពលរដ្ឋ​ទាំង ៩​នាក់ ដូចជា លោក ចយ វិចិត្រ, លោក ប៉ុក ស៊ីផាន់, លោក ណន ពេជ្រ, លោក មាស ដែន, លោក ប៊ុត ណុន, លោក អេប ខាន់, អ្នកស្រី ពេជ្រ សុខនី, អ្នកស្រី រី ជម្ពូ និង​អ្នកស្រី ស៊ុំ ធារ៉ា ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត បន្ត​ទៀត ខណៈ​ព្រះ​ភិក្ខុ វុន ឆេងលី ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ព្រះ​កាយ​ទៅ​វត្ត​បាយ នៅ​ក្រុង​កំពត។

សារព័ត៌មាន The Cambodia Daily ទទួល​បាន​កំណត់ហេតុ​ស្ដីពី​កិច្ចប្រជុំ​រវាង​អាជ្ញាធរ​ខេត្ត​កំពត ជុំវិញ​ការ​ឃាត់​ខ្លួន​ពលរដ្ឋ​ទាំង ១០​នាក់​ដែល​មាន​ការ​ចូលរួម​ពី​អភិបាលរង​ក្រុង​កំពត លោក គង់ ប៊ុនធឿន ដោយ​បញ្ជាក់​ថា ពលរដ្ឋ​ទាំង ១០​នាក់​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​នេះ ដោយសារ​ពួកគេ​ធ្វើការ​ផ្សព្វផ្សាយ និង​ចែករំលែក​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​តាម​ទី​សាធារណៈ​ដោយ​គ្មាន​ការ​អនុញ្ញាត​ច្បាប់។

ជុំវិញ​បញ្ហា​នេះ ប្រភព​ដែល​ស្និទ្ធ​នឹង​ពលរដ្ឋ​រងគ្រោះ​ទាំង ១០​នាក់ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ដែរ​ថា រហូត​ដល់​ពេលនេះ អ្នក​ទាំង ១០​នាក់​នេះ​មិន​ទាន់​ត្រូវ​បាន​ដោះលែង​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅឡើយ​ទេ ខណៈ​កិច្ចប្រជុំ​ត្រូវ​បាន​បញ្ចប់​តាំងពី​ម៉ោង ១១.៣០​នាទី​ព្រឹក​មក​ម្ល៉េះ។

មាត្រា​៣៥ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ពលរដ្ឋ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ។ សេចក្តី​ស្នើ​ទាំងឡាយ​របស់​ពលរដ្ឋ ត្រូវ​ទទួល​បាន​ការ​ពិនិត្យ​យ៉ាង​យកចិត្ត​ទុកដាក់ និង​ដោះស្រាយ​យ៉ាង​ម៉ត់ចត់​ពី​អង្គការ​រដ្ឋ។

ដោយឡែក​មាត្រា​៤១ បាន​ចែង​ថា ពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ខាង​ការ​បញ្ចេញមតិ​របស់​ខ្លួន សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការ​បោះពុម្ព​ផ្សាយ និង​ខាង​ការ​ជួប​ប្រជុំ ជាដើម។

យ៉ាងណា​ក៏ដោយ អង្គការ Freedom House បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ដើម​ខែ​សីហា ឆ្នាំ​២០២៤ នេះ​ថា ឆ្នាំ​២០២៤ នេះ ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​៨ ក្នុង​ចំណោម​ប្រទេស​ទាំង​១១ ក្នុង​តំបន់​អាស៊ាន ជា​ប្រទេស​ល្បីល្បាញ​ខាង​គាប​សង្កត់​សេរីភាព​នយោបាយ សេរីភាព​បញ្ចេញមតិ សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ និង​បំបិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។

សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​ទាក់ទង​អភិបាលរង​ក្រុង​កំពត លោក គង ប៊ុនធឿន ដើម្បី​សុំ​ការ​បំភ្លឺ​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បាន​នៅឡើយ​ទេ​រហូត​ដល់​ម៉ោង​ផ្សាយ​នេះ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស