34.1 C
Phnom Penh

ប្រធាន​ពន្ធនាគារ​ខេត្ត​ស្វាយរៀង​ប្រឈម​អស់​តំណែង បន្ទាប់ពី​ថ្លោះធ្លោយ​ឱ្យ​អ្នកទោស​វៀតណាម​ម្នាក់​រត់​ចេញ​ពី​គុក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​ពន្ធនាគារ​ខេត្ត​ស្វាយរៀង ប្រឈម​នឹង​ដក​តំណែង ប្រសិនបើ​ការ​ស្រាវជ្រាវ​បង្ហាញ​ថា​ករណី​ជនសង្ស័យ​ជា​ឧក្រិដ្ឋជន​ជនជាតិ​វៀតណាម​ម្នាក់​ដែល​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​ស្វាយរៀង ត្រូវ​បាន​បក្ខពួក​ប្រដាប់​ដោយ​អាវុធ​រំដោះ​ចេញពី​ពន្ធនាគារ ពិត​ជា​បាន​កើតឡើង​ដោយ​ការ​ថ្លោះធ្លោយ​ការងារ​របស់​មន្ត្រី​ពន្ធនាគារ។

យោង​តាម​លិខិត​បំភ្លឺ​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​៣១ តុលា នេះ បាន​ឲ្យ​ដឹង​ថា ពាក់ព័ន្ធ​ករណី​អ្នកទោស​ជនជាតិ​វៀតណាម​ម្នាក់​ឈ្មោះ ង្វៀង តុង ហ្នឹង (NGUYEN TRONG NGUYEN) ដែល​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​ស្វាយរៀង បាន​រត់​គេច​ចេញពី​ពន្ធនាគារ​កាលពី​វេលា​ម៉ោង ១៦:៤០​នាទី​រសៀល ថ្ងៃទី​២៨ ខែ​តុលា ឆ្នាំ​២០២៤។

ប្រភព​ដដែល​អះអាង​ថា ការ​រត់​គេច​ខ្លួន​របស់​ជន​ជាប់​ឃុំ​ជា​ជនជាតិ​វៀតណាម​ខាងលើ មិនមែន​ជា​សកម្មភាព​ចូល​រំដោះ​អ្នកទោស​ចេញពី​ក្នុង​ពន្ធនាគារ ឬ​សកម្មភាព​ប្រដាប់​អាវុធ​រំដោះ​អ្នកទោស​នោះ​ទេ តែ​ជា​ការ​រត់​គេច​ខ្លួន។

ក្រុម​អ្នកជំនាញ​កំពុង​ស្រាវជ្រាវ​លើ​ករណី​ជនសង្ស័យ​ជា​ឧក្រិដ្ឋជន​ជនជាតិ​វៀតណាម ត្រូវ​បាន​បក្ខពួក​ប្រដាប់​ដោយ​អាវុធ​រំដោះ​ចេញពី​ពន្ធនាគារ​យ៉ាង​ម៉ត់ចត់​ជាទីបំផុត។

មន្ត្រី​អនុរក្ស​ម្នាក់​នៃ​ពន្ធនាគារ​ខេត្ត​ស្វាយរៀង បាន​ថ្លែង​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា មុន​ដំបូង​មាន​ជនជាតិ​វៀតណាម​ម្នាក់​ភេទ​ប្រុស បាន​មក​សុំ​មន្ត្រី​នគរបាល​យាម​ពន្ធនាគារ សុំ​ជួប​សួរ​សុខទុក្ខ​ជនសង្ស័យ​ម្នាក់​ជា​ជនជាតិ​វៀតណាម ជា​ប់ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​ស្វាយរៀង។ មន្ត្រី​យាម​ពន្ធនាគារ​បាន​នាំ​ជនសង្ស័យ​ពី​ក្នុង​ពន្ធនាគារ​នៅ​ទ្វារ​ពន្ធនាគារ​ខាងមុខ ខណៈ​ដែល​ជនសង្ស័យ​ដើរ​ដល់​មាត់ទ្វារ​ខាងមុខ ស្រាប់​តែ​មាន​ជនសង្ស័យ​ម្នាក់​បាន​ដក​អាវុធ​ខ្លី​ភ្ជង់​មន្ត្រី​ពន្ធនាគារ។

ប្រភព​ដដែល​អះអាង​ថា ពេល​នោះ ជនសង្ស័យ​បាន​កញ្ឆក់​យក​អាវុធ​ខ្លី​ពី​ជន​នោះ​មក​រំដោះ រួច​កេះកៃ​កាំភ្លើង​បាញ់​ទៅ​លើ​មន្ត្រី​ពន្ធនាគារ សំណាង​ល្អ​អត់​ផ្ទុះ។ ខណៈ​នោះ ជនសង្ស័យ​ទាំង​ពីរ​បាន​ឡើង​ជិះ​ម៉ូតូ​ចេញ​ទៅ ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​ម្នាក់​បាន​រត់​ដេញ​តាម​ម៉ូតូ​ជនសង្ស័យ​ទាន់ ហើយ​ក៏​មាន​មន្ត្រី​នគរបាល​ម្នាក់​ស្រែក​ថា​វា​មាន​កាំភ្លើង ប្រយ័ត្ន ខណៈ​នោះ​មន្ត្រី​នគរបាល​រូប​នោះ​ភ័យ ក៏​ឱន​ក្រាប​ទៅ​លើ​ដី ជា​ឱកាស​ជនសង្ស័យ​បាន​បើក​ម៉ូតូ​ឌុប​គ្នា​គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព។

អ្នក​នាំពាក្យ និង​ជា​អគ្គនាយករង​នៃ​នាយកដ្ឋាន​ពន្ធនាគារ លោក នុត សវនា បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃទី​៣១ តុលា នេះ​ថា ករណី​បណ្តោយ​ឱ្យ​អ្នកទោស​រត់​គេច​ពី​ពន្ធនាគារ​បាន​ទាំង​កណ្តាល​ថ្ងៃ​នេះ ជា​ការ​ធ្វេសប្រហែស និង​ជា​ការ​ថ្លោះធ្លោយ​ដ៏​ធំ​របស់​អ្នក​គ្រប់គ្រង​ពន្ធនាគារ។

ប្រភព​ដដែល​អះអាង​ថា លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​បឋម​បាន​បង្ហាញ​ថា មន្ត្រី​ពន្ធនាគារ​ខេត្ត​ស្វាយរៀង បាន​អនុញ្ញាត​ឱ្យ​គូកន​បាន​ជួប​សួរ​សុខទុក្ខ​អ្នកទោស​ដល់​ទៅ​ប្រមាណ ៤-៥​ថ្ងៃ​ជាប់ៗ​គ្នា ដែល​ជា​ការ​ផ្តល់​ឱកាស​ឱ្យ​អ្នកទោស និង​គូកន​រៀបចំ​ផែនការ​រត់​គេច​បាន​យ៉ាង​ងាយស្រួល។

លោក​ថា ប្រសិនបើ​ភស្តុតាង​ពិត​ជា​បង្ហាញ​ថា​ករណី​នេះ​បាន​កើតឡើង​ដោយ​ការ​ថ្លោះធ្លោយ​នៃ​ការ​គ្រប់គ្រង​មែន នោះ​ប្រធាន​ពន្ធនាគារ​ខេត្ត​ស្វាយរៀង លោក សួស សាខូ នឹង​ត្រូវ​អស់​តំណែង។

ទាក់ទង​នឹង​ការ​គ្រប់គ្រង​ពន្ធនាគារ​នេះ​កន្លង​មក ប្រធាន​ពន្ធនាគារ​ព្រៃស ត្រូវ​បាន​ដក​ចេញ​ពី​តំណែង ក្រោយ​បែកធ្លាយ​វីដេអូ​រាំរែក ស៊ីផឹក និង​សេព​គ្រឿងញៀន​របស់​អ្នកទោស​ជនជាតិ​ចិន ក្នុង​ពន្ធនាគារ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស