32 C
Phnom Penh

ក្រុមហ៊ុន​ស្រាវជ្រាវ​ទិន្នន័យ​អន្តរជាតិ៖ ពលរដ្ឋ​កម្ពុជា​ជំពាក់​បំណុល​មីក្រូហិរញ្ញវត្ថុ​ច្រើន​ជាងគេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមហ៊ុន​ស្រាវជ្រាវ​ទិន្នន័យ​អន្តរជាតិ​មួយ​ឈ្មោះ 60 Decibels បាន​រក​ឃើញ​ថា កម្ពុជា​នៅតែ​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ជា​ប្រទេស​ដែល​មាន​ពលរដ្ឋ​ជំពាក់​បំណុល​មីក្រូហិរញ្ញវត្ថុ​ច្រើន​ជាងគេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​បណ្តាល​ឲ្យ​ពលរដ្ឋ​កាត់បន្ថយ​ការ​ចំណាយ​លើ​អាហារ។

របាយការណ៍​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​ទិន្នន័យ​អន្តរជាតិ 60 Decibels បាន​ចេញ​នៅ​ខែ​វិច្ឆិកា នេះ​ថា ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ចំនួន ១៣៩៨​នាក់ ដែល​ក្រុមហ៊ុន​នេះ​បាន​សម្ភាស ឲ្យ​ដឹង​ថា យ៉ាងហោចណាស់​មាន ៣២% កំពុង​ជួប​បញ្ហា​ធុញថប់​ក្នុង​ការ​បង់ប្រាក់​សង​ត្រឡប់ ខណៈ ៧៥% ទៀត អះអាង​ថា ពួកគេ​ពុំ​មាន​បញ្ហា​បង់ប្រាក់​ឡើយ។

របាយការណ៍​ដដែល​បន្ត​ថា ក្នុង​ឆ្នាំ​២០២៤ នេះ អតិថិជន​ដែល​បង្ខំ​ចិត្ត​កាត់បន្ថយ​ការ​ចំណាយ​លើ​ថ្លៃ​ម្ហូបអាហារ​ប្រចាំ​ថ្ងៃ​ដើម្បី​សន្សំ​ប្រាក់​ទុក​បង់​មីក្រូហិរញ្ញវត្ថុ​មាន​ចំនួន ២៤% គឺ​ធ្លាក់​ចុះ បើ​ធៀប​នឹង​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣។ ក្រុមហ៊ុន​ស្រាវជ្រាវ​ស្ថិតិ 60 Decibels ប៉ាន់ប្រមាណ​ថា នៅ​កម្ពុជា​អាច​មាន​មនុស្ស​ជាង ៤​ម៉ឺន​នាក់ (៤២០០០​នាក់) ដែល​អាច​លក់​ទ្រព្យសម្បត្តិ​សង​បំណុល​មីក្រូហិរញ្ញវត្ថុ។

ការ​ស្រាវជ្រាវ​នេះ​ឱ្យ​ដឹង​ទៀត​ថា ស្ថានភាព​នេះ​បាន​នាំ​ឱ្យ​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ស្ថានភាព​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ដោយ​អំពាវនាវ​ឱ្យ​មាន​ការ​យកចិត្ត​ទុកដាក់​ចំពោះ​តម្រូវការ​សម្រាប់​ការ​ការពារ​អតិថិជន​ឱ្យ​កាន់តែ​រឹងមាំ ការ​អនុវត្ត​ការ​ផ្ដល់​ប្រាក់កម្ចី​ប្រកប​ដោយ​និរន្តរភាព និង​ការ​ត្រួតពិនិត្យ​បទប្បញ្ញត្តិ​កាន់តែ​តឹងរ៉ឹង។

សារព័ត៌មាន ឌឹ ខេមបូឌា ដេលី មិន​ទាន់​អាច​សុំ​ការ​ឆ្លើយតប​រឿង​នេះ​ពី​ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បាន​ទេ​រហូត​ដល់​ម៉ោង​ចេញ​ផ្សាយ​នេះ។

អ្នក​នាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ លោក កាំង តុងងី បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការ​ចេញ​ផ្សាយ​របាយការណ៍​របស់​ស្ថាប័ន​ស្រាវជ្រាវ​ហិរញ្ញវត្ថុ​អន្តរជាតិ 60 Decibels បាន​បង្ហាញ​ទាំង​ផល​វិជ្ជមាន និង​អវិជ្ជមាន ដែល​ជា​ធាតុ​ផ្សំ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ថា របាយការណ៍​នេះ​ដូច​គ្នា​នឹង​ការ​រក​ឃើញ​របស់​អង្គការ​លីកាដូ​ដែរ។ លោក​ថា ការ​ជាប់​បំណុល​ធ្ងន់ធ្ងរ​នេះ​បាន​ធ្វើ​ឱ្យ​មាន​ករណី​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​កុមារ ការ​ធ្វើ​ចំណាកស្រុក ការ​បង្ខំ​លក់​ផ្ទះសម្បែង និង​ការ​កាត់បន្ថយ​អាហារ​បរិភោគ​ជាដើម។

កាលពី​ថ្ងៃទី​០៧ ខែ​ឧសភា ឆ្នាំ​២០២៤ អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស​លីកាដូ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ចាត់​វិធានការ​បញ្ចប់​ការ​រំលោភ​សិទ្ធិមនុស្ស​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ។ អង្គការ​លីកាដូ​បាន​រក​ឃើញ​ថា ក្នុង​រយៈពេល ២​ឆ្នាំ​ចុង​ក្រោយ​នេះ យ៉ាងហោចណាស់ ៦% នៃ​អ្នក​ខ្ចី​ប្រាក់ បាន​លក់​ដី​ដើម្បី​សង​បំណុល​ខ្នាត​តូច និង​ថា​ចន្លោះ​ពី​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០២២ ពលរដ្ឋ​ខ្មែរ​ប្រមាណ ១​សែន ៦​ម៉ឺន ៧​ពាន់​នាក់ បាន​លក់​ដី​ដើម្បី​សង​កម្ចី​មីក្រូហិរញ្ញវត្ថុ។

ក្រៅពី​នេះ លីកាដូ​ក៏​រក​ឃើញ​ថា ១៨,៣% នៃ​ក្រុម​គ្រួសារ​ដែល​មាន​កម្ចី បាន​អះអាង​ថា ពួកគេ​បាន​កាត់បន្ថយ​ការ​ហូបចុក​បន្ទាប់ពី​ពួកគេ​បាន​ខ្ចី​ប្រាក់ ហើយ​ពលរដ្ឋ​ប្រមាណ ៨,៥% បាន​រាយការណ៍​ថា គ្រួសារ​ពួកគេ​មិន​មាន​អាហារ​បរិភោគ​គ្រប់គ្រាន់​នោះ​ទេ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស