មន្ត្រីអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា ចោទថាសព្វថ្ងៃនេះក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច កំពុងសម្ងំនៅទីងងឹតដើម្បីផលិតព័ត៌មានក្លែងក្លាយ មួលបង្កាច់ បំផ្លើស បំភ្លៃ គ្រប់ទម្រង់ក្នុងបំណងញុះញង់បង្កឱ្យមានចលាចលសង្គមតាមសេណារីយ៉ូបដិវត្តន៍ពណ៌ប្រឆាំងរដ្ឋាភិបាលកម្ពុជា។
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា លើកឡើងក្នុងវគ្គបណ្តុះបណ្តាលស្ដីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាន និងនាំពាក្យ» នៅថ្ងៃទី១១ ធ្នូ នេះថា ព័ត៌មានពិត គឺជាពន្លឺអាចចូលទៅលុបបំបាត់ទីងងឹតដែលជាជម្រករបស់ក្រុមអ្នកបង្កើតព័ត៌មានក្លែងក្លាយប្រឆាំងរដ្ឋាភិបាលឱ្យអស់ពីសង្គមខ្មែរ។
លោក ប៉ែន បូណា លើកឡើងថា តាមរយៈព័ត៌មានពិតដែលបានបង្ហាញកន្លងមក មិនត្រឹមតែពលរដ្ឋទូទៅទេដែលយល់ច្បាស់ពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល សូម្បីអ្នកដែលធ្លាប់គាំទ្រក្រុមប្រឆាំងជ្រុលនិយម ក៏បានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដូចទឹកបាក់ទំនប់ដែរនៅពេលនេះ។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរូបនេះបញ្ជាក់ថា សមិទ្ធផលរាប់មិនអស់ ទាំងហេដ្ឋារចនាសម្ព័ន្ធ ទាំងសុខសន្តិភាព និងការបង្រួបបង្រួមជាតិដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសម័យទំនើបជាង ៥០០ឆ្នាំចុងក្រោយនេះ គឺជាតឹកតាងប្រវត្តិសាស្ត្រយ៉ាងច្បាស់លាស់ដែលគ្មានអ្នកណាអាចកាឡៃបានឡើយ ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីបន្តវេននាពេលបច្ចុប្បន្ននេះ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលគេមើលឃើញរដ្ឋាភិបាលដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា ក្រោមការកាច់ចង្កូតរបស់លោក ហ៊ុន សែន ជាង ៤ទសវត្សរ៍មកនេះ បានបំផ្លាញប្រទេសកម្ពុជាដល់ឫសគល់។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់បានលើកឡើងថា អស់រយៈពេល ៣០ឆ្នាំហើយចាប់ពីរដ្ឋធម្មនុញ្ញត្រូវបានបង្កើតឡើង និងដាក់ឱ្យប្រើប្រាស់តាំងពីឆ្នាំ១៩៩៣ មក គេមិនដែលឃើញរដ្ឋាភិបាលកម្ពុជាធ្វើការវាយតម្លៃលើការដឹកនាំរបស់ខ្លួនម្តងណាឡើយ ថាតើរដ្ឋាភិបាលដែលដឹកនាំដោយបក្សកាន់អំណាចកន្លងមកនេះ បានធ្វើប្រយោជន៍អ្វីខ្លះ និងបានច្រើនប៉ុនណាសម្រាប់ប្រទេសជាតិ និងពលរដ្ឋរបស់ខ្លួន។
បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងថា ការវាយតម្លៃពីការដឹកនាំរបស់រដ្ឋាភិបាលដែលបានដឹកនាំអស់រយៈពេលជាង ៣០ឆ្នាំមកនេះ គឺដើម្បីឱ្យដឹងថា តើរដ្ឋាភិបាលបានចំណាយធនធានជាតិ ដូចជាធនធានមនុស្ស ធនធានលុយកាក់ និងធនធានសម្ភារៈ ជាដើម អស់ច្រើនប៉ុនណាសម្រាប់ការដឹកនាំរបស់ខ្លួន។
លោកលើកជាសំណួរថា តើសព្វថ្ងៃនេះ រដ្ឋាភិបាលបានបង្កើតឱ្យមានការងារសម្រាប់ពលរដ្ឋគ្រប់គ្នាធ្វើ ៨ម៉ោងក្នុង ១ថ្ងៃៗបានហើយឬនៅ? ជាងនេះទៀត តើការងារដែលរដ្ឋាភិបាលបង្កើតមកសព្វថ្ងៃនេះ មានប្រសិទ្ធភាពជួយជីវភាពរស់នៅ និងសុខមាលភាពរបស់ពលរដ្ឋបានដល់កម្រិតណាដែរ?
អ្នកវិភាគនយោបាយសង្គមរូបនេះបញ្ជាក់ថា តើរដ្ឋាភិបាលបានជួយដោះស្រាយបញ្ហាសង្គមបានដល់កម្រិតណាហើយនៅពេលដែលពលរដ្ឋមានបញ្ហា ដូចជា កម្មករ កសិករ និងបញ្ហាទូទៅ ដូចជាការរំលោភដីធ្លី ជាដើម។
បណ្ឌិត ឡៅ ម៉ុងហៃ សង្កត់ធ្ងន់ថា បញ្ហាដែលធំជាងគេសម្រាប់ការវាយតម្លៃនេះ គឺដើម្បីឱ្យដឹងផងដែរថា តើរដ្ឋាភិបាលដែលបានដឹកនាំប្រទេសក្រោមរដ្ឋធម្មនុញ្ញអស់រយៈពេលជាង ៣០ឆ្នាំមកនេះ បានថែរក្សាភោគទ្រព្យជាតិ និងបូរណភាពទឹកដីរបស់ខ្លួនបានពេញលេញកម្រិតណាហើយសព្វថ្ងៃនេះ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

