27 C
Phnom Penh

ជីវភាព​ប្រចាំ​ថ្ងៃ​នៃ​ក្រុម​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​បី​ឆ្នាំ​ក្រោយ​ការ​ធ្វើ​កូដកម្ម និង​ការ​ចរចា​អំពី​សិទ្ធិ​ការងារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បី​ឆ្នាំ​ក្រោយ​ការ​ចរចា​អំពី​រឿង​សិទ្ធិ​ការងារ​នៃ​ពលរដ្ឋ​ខ្មែរ ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ លើកឡើង​ថា ការ​ធ្វើ​កូដកម្ម​ទាមទារ​សិទ្ធិ​ការងារ​ពី​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ មិន​ទទួល​បាន​ដំណោះស្រាយ​សូម្បី​តែ​មួយ​ករណី ខណៈ​អំពើ​គាបសង្កត់​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​ក៏​រឹតតែ​សាហាវ​ជាង​មុន។

សាធារណជន​តែងតែ​សួរ​ថា តើ​នៅ​ប្រទេស​មាន​ច្បាប់​ណា​មួយ​ក្នុង​ពិភពលោក ដែល​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន​ប្រព្រឹត្ត​បំពាន​បែប​ហ្នឹង​លើ​ពលរដ្ឋ​ខ្លួន?

សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដែល​ហៅ​កាត់​ថា LRSU ចេញ​សេចក្តី​ថ្លែងការណ៍​ថា នៅ​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២៤ នេះ គឺជា​ខួប ៣​ឆ្នាំ​ហើយ​ដែល​បុគ្គលិក​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បាន​ចេញ​មក​ធ្វើ​កូដកម្ម​ដើម្បី​ទាមទារ​ឲ្យ​ការពារ​សិទ្ធិ​ការងារ​ក្នុង​ប្រទេស​កម្ពុជា។

សេចក្តី​ថ្លែងការណ៍​នេះ​រៀបរាប់​ថា ដោយសារតែ​គ្មាន​សហជីព​ឯករាជ្យ ក្រុមហ៊ុន​ណាហ្គា​វើលដ៍​បាន​ធ្វើ​ទុក្ខបុកម្នេញ​កាន់តែ​ខ្លាំង​ឡើងៗ​លើ​កម្មករ​និយោជិត​ដែល​កំពុង​បម្រើ​ការងារ ដោយ​ការ​បង្ខំ​ឱ្យ​បុគ្គលិក​ទាំងនោះ​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ការងារ​ថ្មី​ដែល​មាន​ថេរវេលា​កំណត់ ទោះ​ជា​បុគ្គលិក​ទាំងនេះ​មាន​កិច្ចសន្យា​ការងារ​មាន​ថេរវេលា​មិន​កំណត់ និង​បាន​បម្រើ​ការងារ​ជា​យូរ​ឆ្នាំ​មក​ហើយ​ក្តី។

ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​ចៀស​ផុត​ពី​ការ​ផ្តល់​ប្រាក់​អតីតភាព​ការងារ​ដល់​បុគ្គលិក​ដែល​បាន​បម្រើ​ការងារ​យូរ​ឆ្នាំ​ទាំងនោះ ហើយ​បើ​ពួកគេ​មិន​ព្រម​ចុះ​កិច្ចសន្យា​ថ្មី​នេះ​ទេ នឹង​ត្រូវ​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ​តែម្តង។ លើស​ពី​នេះ ក្រុមហ៊ុន​ក៏​មិន​ព្រម​វេរ​ប្រាក់​វិភាគទាន​ដែល​ខ្លួន​បាន​កាត់​ចេញពី​ប្រាក់​ឈ្នួល​របស់​សមាជិក​សហជីព​ជា​រៀង​រាល់​ខែ​ជាង​ពីរ​ឆ្នាំ​មក​នោះ ចូល​ទៅ​ក្នុង​គណនី​ធនាគារ​របស់​សហជីព​ថែម​ទៀត។

ប្រភព​ដដែល​អះអាង​ថា សព្វថ្ងៃ​នេះ សមាជិក​សហជីព​ដែល​កំពុង​បម្រើ​ការងារ ត្រូវ​បាន​ក្រុមហ៊ុន​គំរាមកំហែង​មិន​ឲ្យ​ជួប​ថ្នាក់ដឹកនាំ​សហជីព​ដែល​កំពុង​ធ្វើ​កូដកម្ម​តវ៉ា​ដាច់ខាត ទោះ​ជា​នៅ​ក្រៅ​ក្រុមហ៊ុន ឬ​ចប់​ម៉ោង​ការងារ​ក៏ដោយ។ ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ក៏​បាន​ប្រើ​ល្បិច​ឆែកឆេរ​ទូរសព្ទដៃ​របស់​បុគ្គលិក ក្រោម​លេស​ថា ដើម្បី​ស៊ើបអង្កេត​ករណី​សង្ស័យ​មាន​កំហុស​ការងារ​របស់​បុគ្គលិក​ផង​ដែរ ប៉ុន្តែ​តាម​ការពិត គឺ​ដើម្បី​តាមដាន​គ្រាន់តែ​ចង់​ដឹង​ថា បុគ្គលិក​ទាំងនោះ​បាន​ទាក់ទង​ជាមួយ​សហជីព ឬ​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​អំពី​ការ​តវ៉ា​នានា​របស់​សហជីព ឬ​ក៏​អត់​តែប៉ុណ្ណោះ។

ប្រភព​ដដែល​បន្ត​ថា សមាជិក​សហជីព​ណា​ដែល​កំពុង​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន មាន​ទំនាក់ទំនង ឬ​ជួប​ជាមួយ​សហជីព​ដែល​កំពុង​ធ្វើ​កូដកម្ម ទោះ​ជា​នៅ​ក្រៅ​ម៉ោង​ការងារ​ក៏ដោយ ក៏​ត្រូវ​បាន​ក្រុមហ៊ុន​គំរាម​បញ្ឈប់​ពី​ការងារ​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២៤ ស្ថានទូត​ចក្រភព​អង់គ្លេស​ប្រចាំ​ប្រទេស​កម្ពុជា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ដោយ​ភ្ជាប់​រូបថត​ឯកអគ្គរាជទូត​អង់គ្លេស លោក Dominic Williams ជួប​ជាមួយ​ថ្នាក់ដឹកនាំ​សហជីព​ក្នុង​ស្រុក ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព​សិទ្ធិ​ការងារ​បច្ចុប្បន្ន និង​បញ្ហា​ប្រឈម​ក្នុង​ការងារ​ថា ការ​គោរព​សិទ្ធិ​ការងារ​មាន​សារសំខាន់​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​ដែល​ប្រកប​ទៅ​ដោយ​គុណភាព៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស