ខណៈប្រមុខរាជរដ្ឋាភិបាលគំរាមដាក់ទណ្ឌកម្មមន្ត្រីរាជការណាដែលលាក់បិទបាំងឧក្រិដ្ឋជនបរទេសជំពាក់ទាក់ទងនឹងឧក្រិដ្ឋកម្មឆបោកអនឡាញ រដ្ឋាភិបាលចក្រភពអង់គ្លេស ជំរុញឱ្យរាជរដ្ឋាភិបាលប្រទេសកម្ពុជា បន្តការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសការបង្ក្រាបមេខ្លោងនៅពីក្រោយខ្នង និងអ្នករៀបចំចាត់ចែងបណ្ដាញឧក្រិដ្ឋកម្មទាំងនេះ ព្រោះករណីនេះគឺជារឿងចាំបាច់ដែលប្រទេសកម្ពុជា ត្រូវតែធ្វើ។
ស្ថានទូតចក្រភពអង់គ្លេសប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី២០ មករា នេះ បានស្រង់សម្ដីឯកអគ្គរាជទូតអង់គ្លេស លោក Dominic Williams ក្នុងកិច្ចប្រជុំជាមួយលោក ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) កាលពីថ្ងៃទី១៦ ខែមករា ថា ចក្រភពអង់គ្លេស និងប្រទេសកម្ពុជា បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មនានាដែលកំពុងរីករាលដាលនាពេលបច្ចុប្បន្ន។
ស្ថានទូតអង់គ្លេស បញ្ជាក់ថា លោក Dominic Williams បានស្វាគមន៍នូវសកម្មភាពថ្មីៗនៃរាជរដ្ឋាភិបាលខ្មែរក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសគឺការលើកទឹកចិត្តឱ្យរដ្ឋាភិបាលកម្ពុជា បន្តការងារនេះបន្ថែមទៀត ដើម្បីបង្ក្រាបមេខ្លោងនៅពីក្រោយខ្នង និងអ្នករៀបចំចាត់ចែងបណ្ដាញឧក្រិដ្ឋកម្មទាំងនេះឱ្យខាងតែបាន។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បើកប្រតិបត្តិការបោសសម្អាតមជ្ឈមណ្ឌលឧក្រិដ្ឋកម្មអនឡាញជាបន្តបន្ទាប់នៅពេលនេះ។
កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យមួយដោយព្រមានថា សមត្ថកិច្ចដែលលាក់បាំងជនបរទេសឲ្យស្នាក់នៅប្រមូលផ្ដុំខុសច្បាប់ នឹងបណ្ដេញចេញពីក្របខ័ណ្ឌ ព្រមទាំងត្រូវអនុវត្តទោសព្រហ្មទណ្ឌផងដែរ។
លោក ហ៊ុន ម៉ាណែត គំរាមថា អាជ្ញាធរមានសមត្ថកិច្ចដែលមិនបានបំពេញមុខនាទីរបស់ខ្លួនដោយស្មោះត្រង់ក្នុងចេតនាលាក់បាំងជនបរទេសចូលមកក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ ឲ្យស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្ដុំណាមួយក្នុងដែនសមត្ថកិច្ចរបស់ខ្លួន នឹងត្រូវទទួលរងទណ្ឌកម្មវិន័យបណ្ដេញចេញពីក្របខ័ណ្ឌការងារ ខណៈម្ចាស់ទីតាំងក៏ត្រូវរងនូវវិធានការច្បាប់ដែរ។
ក្រោយការព្រមាននេះ មជ្ឈមណ្ឌលឆបោកតាមអនឡាញដ៏ធំមួយកន្លែងស្ថិតនៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបង ចុះទៅបង្ក្រាបកាលពីយប់រំលងអាធ្រាត្រថ្ងៃទី១៥ខែមករា ឆ្នាំ២០២៦ ដោយការបាញ់រះជាច្រើនគ្រាប់រហូតបណ្ដាលឱ្យមានមនុស្សរងរបួសមួយចំនួន ខណៈជនបរទេសដែលរងការបង្ខាំងខាងក្នុងអគាររាប់រយនាក់ ក៏បាននាំគ្នាសម្រុកចេញទាំងកណ្ដាលយប់ផងដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះ អតីតឧកញ៉ា ហេង សិទ្ធី ធ្លាប់បានទម្លាយមុនពេលសមត្ថកិច្ចខ្មែរចាប់ខ្លួនថា ជនជាតិថៃម្នាក់ឈ្មោះ Pentor ជាមេឧក្រិដ្ឋជនអនឡាញខុសច្បាប់ដ៏ធំដែលកំពុងត្រូវបានលោក ហ៊ុន តូ ទទួលការពារឲ្យរស់នៅក្នុងប្រទេសកម្ពុជា ជាថ្នូរនឹងការសូកលុយពីឧក្រិដ្ឋជនរូបនោះចំនួន ៦លានដុល្លារអាមេរិក។ ជាងនេះទៀត ឧក្រិដ្ឋជនជនជាតិថៃ រូបនេះ ក៏បានទិញនាឡិកាម៉ាក Richard Mille តម្លៃ ២លានដុល្លារឱ្យលោក ហ៊ុន តូ ថែមទៀត ជាថ្នូរនឹងការទទួលបាននូវលិខិតឆ្លងដែនសញ្ជាតិខ្មែរផងដែរ ដែលករណីនេះបញ្ជាក់ថា លោក ហ៊ុន តូ គឺជាមេខ្លោងនៅពីក្រោយអំពើឧក្រិដ្ឋរបស់ឧក្រិដ្ឋជនអនឡាញនៅកម្ពុជា សព្វថ្ងៃនេះ។
ជុំវិញបញ្ហានេះ កាលពីចុងខែសីហា ឆ្នាំ២០២៤ លោក ហ៊ុន តូ ក៏ធ្លាប់ត្រូវបានក្រុមអ្នកស្រាវជ្រាវរូបិយប័ណ្ណគ្រីបតូ Chainalysis ថាបានជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោករូបិយប័ណ្ណគ្រីបតូរបស់ក្រុមហ៊ុន Huione ផងដែរ ដែលពាក់ព័ន្ធនឹងទីផ្សារឆបោករូបិយប័ណ្ណគ្រីបតូខ្មៅងងឹត ក្នុងតម្លៃទឹកប្រាក់រហូតដល់ជាង ៤៩ពាន់លានដុល្លារសហរដ្ឋអាមេរិកតាំងពីឆ្នាំ២០២១ មក។
យ៉ាងណាក៏ដោយ គេមិនដែលឃើញរដ្ឋាភិបាលដែលដឹកនាំដោយត្រកូលហ៊ុន បើកការស៊ើបអង្កេតលើសាច់ញាតិរបស់ខ្លួនម្នាក់នេះឡើយ ទោះបីជាលោក ហ៊ុន តូ ត្រូវសារព័ត៌មានអន្តរជាតិផ្សាយ និងបង្ហាញភស្តុតាងជាបន្តបន្ទាប់ក៏ដោយ។
វិទ្យាស្ថានស្រាវជ្រាវនៅសហរដ្ឋអាមេរិក (Humanity Research Consultancy) បានចេញផ្សាយសេចក្តីរាយការណ៍កាលពីខែឧសភា ឆ្នាំ២០២៥ មានចំណងជើងថា «រដ្ឋគាំពារឧក្រិដ្ឋកម្មឆ្លងដែន ប្រទេសកម្ពុជា បានក្លាយជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មឆបោកសកលលោក ដែលគ្រប់គ្រងដោយក្រុមឧក្រិដ្ឋជនជនជាតិចិន យ៉ាងធំធេង» ដោយស្រង់ស្ថិតិពីភ្នាក់ងារអង្គការសហប្រជាជាតិ (UNODC) ដោយរកឃើញថាចំណូលបានពីការនាំចេញសម្លៀកបំពាក់លក់ទៅទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុបបានតែប្រមាណជាង ៩ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ ឬ ៣០% នៃផលទុនក្នុងស្រុកសរុប (GDP) ប៉ុណ្ណោះ ពីអំឡុងឆ្នាំ២០២២-២០២៤។
វិទ្យាស្ថាននេះ បានស្រាវជ្រាវរកឃើញថា ចំណូលបានពីរបរឧក្រិដ្ឋឆបោកពីអំឡុងឆ្នាំដដែល មានចំនួនពីជិត ១៣ ដល់ ១៩ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ ឬ ៦០% នៃផលទុនក្នុងស្រុកសរុប (GDP) ដែលមានន័យថា បុគ្គលិកបម្រើមុខរបរឆបោកនេះ ទាំងពី ១សែនទៅ ១សែន ៥ម៉ឺននាក់ បានចំណូល ៣៥០ដុល្លារសហរដ្ឋអាមេរិកក្នុងមួយថ្ងៃ។ ក្រុមហ៊ុនបណ្ដុំឧកញ៉ា ចេន ហ្ស៊ី រកចំណូលបានក្នុងមួយខែ ៣០លានដុល្លារ។
ដោយហេតុនេះ ក្នុងខែតុលា ឆ្នាំ២០២៥ សភាតំណាងរាស្ត្រសហរដ្ឋអាមេរិក បានចេញសេចក្តីព្រាងច្បាប់លេខ H.R 5490 បានកំណត់មុខសញ្ញាលើមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលកម្ពុជា និងឧកញ៉ាខ្មែរមួយចំនួន ដូចជា លោក នេត សារឿន ឧកញ៉ា ហ៊ុន តូ ឧកញ៉ា កុក អាន លោក ចេន ហ្ស៊ី លោក លី យ៉ុងផាត់ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា លោក គួច ចំរើន មេឧក្រិដ្ឋជនឈ្មោះ យ៉ាន ណារ៉ុង លោក យឹម ល័ក្ខ សាច់ថ្លៃសមាជិករដ្ឋសភា លោក ហ៊ុន ម៉ានី និងមនុស្សជាច្រើនទៀតផងដែរ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

