តំណាងរាស្ត្របក្សប្រឆាំង លោក អ៊ុំ សំអាន ទាមទារឱ្យអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចេញមុខសុំទោសពលរដ្ឋខ្មែរជាសាធារណៈ បន្ទាប់ពីបានអះអាងថាមិនដែលមានមេដឹកនាំខ្មែរណាទាមទារកោះគុតពីប្រទេសថៃ ទេ ចាប់តាំងពីខ្លួនចាប់កំណើតមក។
លោក អ៊ុំ សំអាន សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីយប់ថ្ងៃទី២៦ ធ្នូ ថា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ជាមន្ត្រីវង្វេងប្រវត្តិសាស្ត្រជាតិ ឬកំណើតខ្លួនឯង។ លោកថា លោក សុខ ឥសាន ត្រូវតែចេញមុខសុំទោសពលរដ្ឋខ្មែរជាសាធារណៈដូចដែលគាត់ធ្លាប់បានសុំទោសពលរដ្ឋខ្មែរក្រោយពេលដែលគាត់បានចាត់ទុកពលរដ្ឋខ្មែរក្រោមថាជាជនជាតិវៀតណាម ដូច្នោះដែរ។
លោក អ៊ុំ សំអាន លើកឡើងថា តាមក្រឹត្យចេញដោយអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ហេង សំរិន ឆ្នាំ១៩៨២ ក៏បានបញ្ជាក់ថា កោះគុតនៅជាកម្មសិទ្ធិរបស់ប្រទេសកម្ពុជាដែរ ព្រោះថាបើយោងតាមផែនទីភ្ជាប់ក្រឹត្យឆ្នាំ១៩៨២ នេះ ព្រំដែនសមុទ្រប្រទេសកម្ពុជា និងប្រទេសថៃ គឺចេញពីបង្គោលព្រំដែននៅលើឆ្នេររត់ត្រង់ទៅចំណុចខ្ពស់បំផុតនៅលើកោះគុត។
លោកថា ក្រឹត្យស្ដីពីការកំណត់តំបន់សមុទ្រទាំងអស់ និងខ្ពង់រាបបាតសមុទ្រឆ្នាំ១៩៨២ ដែលបានចុះហត្ថលេខាដោយលោក ហេង សំរិន គឺក្នុងមុខនាទីជាប្រធានក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្នុងសម័យកងទ័ពវៀតណាម ត្រួតត្រាប្រទេសកម្ពុជា នាពេលនោះ។
មន្ត្រីបក្សប្រឆាំងរូបនេះអះអាងថា មានផែនទីចំនួន ៥ផ្ទាំងក្នុង ៥សម័យកាល បានបញ្ជាក់ថា កោះគុតយ៉ាងហោចពាក់កណ្តាលជាកម្មសិទ្ធិរបស់កម្ពុជា ក្នុងនោះរួមមាន៖
- ផែនទីឧបសម្ពន្ធភ្ជាប់សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ (សម័យបារាំង)
- ផែនទីសម័យសង្គមរាស្ត្រនិយមឆ្នាំ១៩៧០ (សម័យសម្តេច សីហនុ)
- ផែនទីសម័យ លន់ នល់ ឆ្នាំ១៩៧២
- ផែនទីសម័យខ្មែរក្រហមឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩
- និងផែនទីសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជាសម័យលោក ហេង សំរិន ឆ្នាំ១៩៨២។
លោក អ៊ុំ សំអាន បញ្ជាក់ថា កោះគុតទើបតែត្រូវបានកាត់ឆ្វៀលនៅក្នុងផែនទីភ្ជាប់អនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១ (MOU-2001 ឬ MOU44) ដោយលោក សុខ អាន ដែលជាឧបនាយករដ្ឋមន្ត្រី និងលោក ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីក្នុងឆ្នាំ២០០១ ប៉ុណ្ណោះ។
កាលពីថ្ងៃទី២៦ ខែធ្នូ សារសំឡេងមួយពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ត្រូវគេផ្សព្វផ្សាយពេញបណ្ដាញសង្គមហ្វេសប៊ុក ដែលក្នុងនោះ លោកបានអះអាងថាចាប់តាំងពីលោកចាប់កំណើតក្នុងឆ្នាំ១៩៤៦ មក លោកមិនដែលឮថាមេដឹកនាំខ្មែរណាទាមទារកោះគុតទេ។
លោក សុខ ឥសាន ទំនងជាមិនដែលរស់នៅស្រុកខ្មែរនាសម័យសង្គមរាស្ត្រនិយម សម័យសាធារណរដ្ឋខ្មែរ និងសម័យកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម និងធ្វើការរដ្ឋទេ បានជាមិនដែលដឹង មិនដែលឮ។ ម្យ៉ាងទៀត បើលោកគិតថាខ្មែរគ្មានចំណែកលើកោះគុត ហេតុអ្វីលោក ហ៊ុន សែន បញ្ជូនលោក សុខ អាន ទៅចុះអនុស្សរណៈយោគយល់គ្នាក្នុងនាមជាប្រធានអាជ្ញាធរជាតិប្រេងឥន្ធនៈជាមួយរដ្ឋមន្ត្រីការបរទេសថៃ ស៊ុរ៉ៈគៀត សាធៀនថៃ (Surakiart Sathirathai (Thai: สุรเกียรติ์ เสถียรไทย; RTGS: Surakiat Sathianthai) នៅឆ្នាំ២០០១ ដើម្បីរកស៊ីរាវរ៉ែប្រេងកាតចូលហ៊ុនគ្នា បើមិនមែនជារបស់ខ្មែរផងនោះ?
ជុំវិញបញ្ហានេះ សៀវភៅដែលមានចំណងជើងថា «កម្ពុជាបាត់បង់ទឹកដីនៅភាគខាងលិច» និពន្ធដោយអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ បណ្ឌិត ឥន សុផល ដែលត្រូវបានបោះពុម្ពផ្សាយក្នុងឆ្នាំ២០២៤ នេះ បានសរសេរថា រដ្ឋាភិបាលខ្មែរជំនាន់មុនៗបានចេញក្រឹត្យទាមទារកោះគុតពីប្រទេសថៃ រហូតមក៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

