28 C
Phnom Penh

ជនបរទេស​៥៧​នាក់​រត់​ចេញពី​កាស៊ីណូ​អូស្មាច់​របស់​អ្នកឧកញ៉ា លី យ៉ុងផាត់ ដោយ​បារម្ភ​ពី​ការ​កេងប្រវ័ញ្ច​ការងារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្នងការ​ខេត្ត​ឧត្ដរមានជ័យ អះអាង​ថា ករណី​ជនជាតិ​ប៉ាគីស្ថាន និង​ណេប៉ាល់ ចំនួន ៥៧​នាក់ បាន​នាំគ្នា​រត់​ចេញពី​កាស៊ីណូ​អូស្មាច់​រីសត របស់​ឧកញ៉ា លី យ៉ុងផាត់ ក្នុង​ស្រុក​សំរោង ខេត្ត​ឧត្ដរមានជ័យ ប្រដាប់​ដោយ​ដំបង​ឈើ ឆ្ពោះ​ទៅ​ផ្លូវ​ភ្លោះ​នៃ​ផ្លូវ​ច្រក​អន្តរជាតិ​អូស្មាច់ ដោយសារតែ​ពួកគេ​បារម្ភ​ពី​ការ​កេងប្រវ័ញ្ច​ការងារ និង​មិន​បើក​ប្រាក់ខែ​ឱ្យ​ពួកគេ។

អ្នក​នាំពាក្យ និង​ក្រុម​ការងារ​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្ដរមានជ័យ បាន​ចេញ​សេចក្តី​បំភ្លឺ​ព័ត៌មាន​កាលពី​ថ្ងៃទី​៧ ខែ​មករា ថា មូលហេតុ​ដែល​ជនជាតិ​ប៉ាគីស្ថាន ៥៣​នាក់ និង​ណេប៉ាល់ ៤​នាក់ បាន​តវ៉ា និង​នាំគ្នា​ដើរ​ចេញពី​ក្រុមហ៊ុន​នេះ ដោយសារតែ​ពួកគេ​បារម្ភ​ពី​ការ​កេងប្រវ័ញ្ច​ការងារ ហើយ​មិន​បើក​ប្រាក់ខែ​ឱ្យ​ពួកគេ។

ប្រភព​ដដែល​អះអាង​ថា ដើមចម​ដែល​នាំ​ឱ្យ​ពួកគេ​បារម្ភ​បែប​នេះ ដោយសារតែ​ពួកគេ​បាន​ធ្វើការ​នៅ​ក្រុមហ៊ុន​មួយ​ក្នុង​ខេត្ត​ព្រះសីហនុ រយៈពេល​ពី ២-៣​ខែ​ហើយ ដោយ​មិន​ទទួល​បាន​ប្រាក់ខែ​នោះ​ទេ។ មិន​តែប៉ុណ្ណោះ ក្រុមហ៊ុន​នេះ​បាន​បញ្ជូន​ពួកគាត់​ឱ្យ​មក​ធ្វើការ​បន្ត​នៅ​ក្នុង​កាស៊ីណូ​អូស្មាច់​រីសត ខេត្ត​ឧត្ដរមានជ័យ វិញ។

ប្រភព​ដដែល​អះអាង​ថា មក​បំពេញ​ការងារ​បាន ១០​ថ្ងៃ​នៅ​កាស៊ីណូ​អូស្មាច់​រីសត នេះ អ្នក​គ្រប់គ្រង​ជនជាតិ​ចិន បាន​ឱ្យ​ពួកគេ​ធ្វើការ​ដោយ​គ្មាន​ពេល​សម្រាក​ឡើយ។ ក្រោម​រូបភាព​បែប​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​ពួកគេ​ភ័យខ្លាច​ថា ធ្វើ​ការងារ​ហើយ មិន​បាន​ទទួល​ប្រាក់ខែ​ដូច​ក្រុមហ៊ុន​នៅ​ឯ​ខេត្ត​ព្រះសីហនុ ទៀត ទើប​ពួកគេ​នាំគ្នា​តវ៉ា ហើយ​ដើរ​ចេញពី​ក្រុមហ៊ុន​ដោយ​ក្នុង​ដៃ​មាន​កាន់​ដំបង​ឈើ។

ស្នងការ​ខេត្ត​បញ្ជាក់​ថា គោលបំណង​នៃ​ការ​តវ៉ា​នេះ គឺ​ពួកគេ​ចង់​ឱ្យ​មាន​ពេល​ឈប់​សម្រាក​គ្រប់គ្រាន់ ខ្លះ​ចង់​បន្ត​ការងារ​នៅ​កន្លែង​ដដែល ខ្លះ​ចង់​ទៅ​ធ្វើការ​នៅ​ក្រុមហ៊ុន​ក្នុង​ខេត្ត​ព្រះសីហនុ ហើយ​ខ្លះ​ទៀត​ចង់​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ។ ក្រោយ​ធ្វើការ​សាកសួរ​ទៅ​លើ​ជនបរទេស​ទាំង ៥៧​នាក់​នោះ​រួច ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជូន​ពួកគេ​ទៅ​ទីស្នាក់ការ​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ប្រចាំ​ខេត្ត​សៀមរាប ដើម្បី​បន្ត​នីតិវិធី។

កាលពី​ល្ងាច​ថ្ងៃទី​៥ មករា មាន​ជនបរទេស​ជាច្រើន​នាក់​បាន​នាំគ្នា​សម្រុក​ចេញពី​កាស៊ីណូ​អូស្មាច់​រីសត ក្នុង​ស្រុក​សំរោង ខេត្ត​ឧត្ដរមានជ័យ។ ជនបរទេស​ទាំងនោះ​ដែល​មាន​កាន់​ដំបង​ឈើ និង​បំពង់ទីប​ក្នុង​ដៃ បាន​នាំគ្នា​សម្រុក​ចេញពី​ប្លុក​ក្រុមហ៊ុន​កាស៊ីណូ​អូស្មាច់​រីសត របស់​ឧកញ៉ា លី យ៉ុងផាត់ ឆ្ពោះ​ទៅ​ផ្លូវ​ភ្លោះ​នៃ​ផ្លូវ​ច្រក​អន្តរជាតិ​អូស្មាច់ ទោះបីជា​សន្តិសុខ​បាន​ព្យាយាម​រារាំង​ក៏ដោយ។

អ្នកឧកញ៉ា​សញ្ជាតិ​ខ្មែរ-ថៃ លី យ៉ុងផាត់ ដែល​ត្រូវ​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក បាន​សម្រេច​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​របស់​លោក ដោយសារ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស និង​ពលកម្ម​ដោយ​បង្ខំ​ក្នុង​ជំនួញ​ឆបោក​តាម​អនឡាញ និង​រូបិយប័ណ្ណ​គ្រីបតូ (Crypto Currency) ត្រូវ​បាន​រក​ឃើញ​ថា​កំពុង​យក​ស្ថានីយ​ទូរទស្សន៍ ភីអិនអិន (PNN) រកស៊ី​បើក​លេង​ល្បែងស៊ីសង​តាម​អនឡាញ ជា​ទីតាំង​បង្ខាំង​មនុស្ស ចាប់​ជំរិត​មនុស្ស និង​ចាប់​បង្ខំ​មនុស្ស​ឲ្យ​រកស៊ី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ដ៏​ធំ​នៅ​កម្ពុជា៕

ជនជាតិ​ប៉ាគីស្ថាន និង​ណេប៉ាល់ ចំនួន ៥៧​នាក់ នាំគ្នា​រត់​ចេញពី​កាស៊ីណូ​អូស្មាច់​រីសត របស់​ឧកញ៉ា លី យ៉ុងផាត់ ក្នុង​ស្រុក​សំរោង ខេត្ត​ឧត្ដរមានជ័យ ដោយសារតែ​បារម្ភ​ពី​ការ​កេងប្រវ័ញ្ច​ការងារ និង​មិន​ទទួល​បាន​ប្រាក់ខែ កាលពី​ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០២៥។

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស