33.8 C
Phnom Penh

លោក បៃដិន បន្ថែម​ទណ្ឌកម្ម​លើ​រុស្ស៊ី ខណៈ​ជួយ​ក្រុម​ហាម៉ាស​និង​អ៊ីស្រាអែល​ឈប់​បាញ់​គ្នា មុន​ចាកចេញ​ពី​សេតវិមាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ទីបំផុត ក្រុម​ហាម៉ាស និង​អ៊ីស្រាអែល បាន​យល់ព្រម​ទទួលយក​បទ​ឈប់​បាញ់​ក្នុង​សង្គ្រាម​នៅ​តំបន់​ហ្កាហ្សា ដែល​ក្រុម​អ្នក​សម្របសម្រួល​និយាយ​ថា​នឹង​ត្រូវ​ចូល​ជាធរមាន​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ។

ក្នុង​កិច្ចព្រមព្រៀង​នេះ ក៏​មាន​រួម​បញ្ចូល​នូវ​ការ​ដោះលែង​ចំណាប់ខ្មាំង​ដែល​ជាប់​ឃុំ​ក្នុង​តំបន់​ហ្កាហ្សា អស់​រយៈពេល​ជាង ១៥​ខែ​មក​នេះ​ចាប់តាំងពី​សង្គ្រាម​ផ្ទុះ​ឡើង​កាលពី​ខែ​តុលា ឆ្នាំ​២០២៣។

តាម​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស បាន​ព្រមព្រៀង​គ្នា​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​នៅ​តំបន់​ហ្កាហ្សា និង​ធ្វើការ​ផ្លាស់ប្ដូរ​ចំណាប់ខ្មាំង​ទាំងអស់។

លោក បៃដិន បាន​ប្រកាស​ជា​ផ្លូវការ​នូវ​កិច្ចព្រមព្រៀង​រវាង​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស ដើម្បី​បញ្ចប់​អរិភាព​នៅ​តំបន់​ហ្កាហ្សា ជាមួយ​នឹង​ការ​ដោះលែង​ចំណាប់ខ្មាំង និង​អ្នកទោស​ប៉ាឡេស្ទីន ជា​ដំណាក់កាល​មួយ​ទៅ​ដំណាក់កាល​មួយ។

ជាមួយ​គ្នា​នេះ លោក​ប្រធានាធិបតី ចូ បៃដិន ក៏​បាន​លើកឡើង​ដែរ​ថា កិច្ចព្រមព្រៀង​នេះ​នឹង​បញ្ឈប់​ការ​វាយ​ប្រយុទ្ធ​គ្នា​ក្នុង​តំបន់​ហ្កាហ្សា ហើយ​នាំ​ទៅ​រក​ការ​បង្កើន​លំហូរ​ជំនួយ​មនុស្សធម៌​សម្រាប់​ជនស៊ីវិល​ប៉ាឡេស្ទីន និង​ការ​ជួបជុំ​រវាង​ចំណាប់ខ្មាំង​និង​ក្រុម​គ្រួសារ​របស់​ពួកគេ ក្រោយ​ព្រាត់ប្រាស​គ្នា​អស់​រយៈពេល​ជាង ១៥​ខែ​មក​នេះ។

យោង​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC កិច្ចព្រមព្រៀង​ស្ដីពី​បទ​ឈប់​បាញ់​នៅ​ហ្កាហ្សា និង​ការ​ដោះលែង​ចំណាប់ខ្មាំង បាន​ព្រមព្រៀង​ក្នុង​កិច្ចប្រជុំ​រវាង​នាយករដ្ឋមន្ត្រី​កាតា និង​តំណាង​ក្រុម​ហាម៉ាស ព្រមទាំង​កិច្ចប្រជុំ​ដោយឡែក​ផ្សេង​ទៀត​ជាមួយ​នឹង​តំណាង​របស់​អ៊ីស្រាអែល ដែល​ភាគី​រដ្ឋការ​លោក បៃដិន ក៏​ជា​ចំណែក​ដ៏​ធំ​មួយ​ដែរ។

បើ​តាម​អ្នក​សម្របសម្រួល កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​រវាង​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស នឹង​ចូល​ជាធរមាន​នៅ​ថ្ងៃ​អាទិត្យ ទី​១៩ ខែ​មករា ឆ្នាំ​២០២៥។

យោង​តាម​កិច្ចព្រមព្រៀង​នេះ ក្រុម​ហាម៉ាស និង​ក្រុម​សកម្ម​ប្រយុទ្ធ​ដែល​មាន​សម្ព័ន្ធភាព​របស់​ខ្លួន​ត្រូវ​ដោះលែង​ចំណាប់ខ្មាំង ៣៣​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ពី​អ៊ីស្រាអែល ក្នុង​អំឡុង​ពេល​នៃ​ការ​វាយប្រហារ​កាលពី​ថ្ងៃទី​៧ ខែ​តុលា ឆ្នាំ​២០២៣ ជា​ថ្នូរ​នឹង​ការ​ដោះលែង​អ្នកទោស​ប៉ាឡេស្ទីន រាប់​រយ​នាក់​ដែល​អ៊ីស្រាអែល បាន​ចាប់​ខ្លួន។

តាម​កិច្ចព្រមព្រៀង​ដដែល​នេះ ក្នុង​ដំណាក់កាល​ទី​១ នៃ​បទ​ឈប់​បាញ់ ចំណាប់ខ្មាំង​អ៊ីស្រាអែល ៣៣​នាក់​នឹង​ត្រូវ​បាន​ដោះលែង ក្នុង​នោះ​រួម​មាន​ស្ត្រី កុមារ និង​បុរស​ដែល​មាន​អាយុ ៥០​ឆ្នាំ​ឡើង ខណៈ​ជនជាតិ​អាមេរិក ២​នាក់​ឈ្មោះ Keith Siegel និង Sagui Dekel-Chen ក៏​នឹង​ស្ថិត​ក្នុង​ចំណោម​បញ្ជី​ឈ្មោះ​ចំណាប់ខ្មាំង​ត្រូវ​ដោះលែង​ផង​ដែរ។

បើ​តាម​ក្រុម​មន្ត្រី​អ៊ីស្រាអែល នៅ​មាន​ចំណាប់ខ្មាំង ៩៨​នាក់​ទៀត​កំពុង​ស្ថិត​ក្នុង​កណ្ដាប់ដៃ​របស់​ក្រុម​ហាម៉ាស។

ប៉ុន្តែ​អ្នកទោស​ប៉ាឡេស្ទីន ដែល​ត្រូវ​បាន​ចាត់ទុក​ថា​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ការ​សម្លាប់​ជនជាតិ​អ៊ីស្រាអែល មិន​ត្រូវ​បាន​ដោះលែង​នោះ​ទេ ដែល​ពួកគេ​កំពុង​ឃុំ​ខ្លួន​នៅ​ក្នុង​តំបន់ West Bank លើកលែងតែ​នៅ​ក្នុង​តំបន់​ហ្កាហ្សា ឬ​នៅ​ក្រៅ​ប្រទេស​ដែល​ស្រប​តាម​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋ​បរទេស​តែប៉ុណ្ណោះ។

យោង​តាម​កិច្ចព្រមព្រៀង​ក្នុង​ដំណាក់កាល​ដំបូង កងទ័ព​អ៊ីស្រាអែល នឹង​ចាប់ផ្តើម​ដក​ខ្លួន​ចេញពី​តំបន់​ដែល​មាន​ប្រជាជន​រស់នៅ ប៉ុន្តែ​នឹង​បន្ត​រក្សា​ទុក​នៅ​តំបន់​ជាប់​ព្រំដែន​រវាង​តំបន់​ហ្កាហ្សា និង​អេហ្ស៊ីប ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ច្រករបៀង Philadelphia ប៉ុន្តែ​អ៊ីស្រាអែល នឹង​ដក​ទ័ព​ឱ្យ​អស់​នៅ​ថ្ងៃទី​៥០ នៃ​ការ​អនុវត្ត​បទ​ឈប់​បាញ់ បើ​ការ​អនុវត្ត​បទ​ឈប់​បាញ់​ត្រូវ​គោរព​ពេញលេញ។

លោក បៃដិន បាន​ថ្លែង​ថា ក្នុង​រយៈពេល ៦​សប្តាហ៍​ខាង​មុខ អ៊ីស្រាអែល​នឹង​ចរចា​កិច្ចព្រមព្រៀង​ចាំបាច់ ដើម្បី​ឈាន​ទៅ​ដល់​ដំណាក់កាល​ទី​ពីរ ពោល​គឺ​ការ​បញ្ចប់​សង្គ្រាម​ទាំងស្រុង ប៉ុន្តែ​ប្រសិនបើ​ការ​ចរចា​មាន​រយៈពេល​យូរ​ជាង ៦​សប្តាហ៍ គឺ​បទ​ឈប់​បាញ់​នឹង​ត្រូវ​បាន​អូស​បន្លាយ​ថែម​ទៀត ដើម្បី​ស្វែងរក​ការ​បិទ​បញ្ចប់​សង្គ្រាម។

លោក បៃដិន និង​រដ្ឋការ​របស់​លោក បាន​ព្យាយាម​រុញ​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស ឱ្យ​ឈាន​ដល់​កិច្ចព្រមព្រៀង​ឈប់​បាញ់​នេះ ដើម្បី​ធ្វើ​ឱ្យ​មាន​សន្តិភាព​សម្រាប់​ដែនដី​ហ្កាហ្សា ហើយ​ជួយ​សម្រាល​វិបត្តិ​មនុស្សធម៌។

នេះ​ជា​កិច្ចខំប្រឹងប្រែង​មួយ​របស់​លោក បៃដិន និង​គណៈរដ្ឋមន្ត្រី​របស់​លោក​ដែល​បាន​នាំ​មក​នូវ​ជោគជ័យ​ដំណោះស្រាយ​ការទូត​ក្នុង​អន្តរកាល​ដែល​លោក​ត្រូវ​ចាកចេញ​ពី​សេតវិមាន។

ប៉ុន្តែ​ជាមួយ​គ្នា​នេះ លោក បៃដិន និង​រដ្ឋការ​ចុងក្រោយ​របស់​លោក បាន​បន្ថែម​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ទីក្រុង​មូស្គូ ករណី​បង្ក​សង្គ្រាម​នៅ​អ៊ុយក្រែន។

កាលពី​ថ្ងៃ​ពុធ ទី​១៥ ខែ​មករា រដ្ឋការ​លោក បៃដិន បាន​ដាក់​ទណ្ឌកម្ម​រាប់​រយ​បន្ថែម​ទៀត។ ទណ្ឌកម្ម​ទាំងនោះ​មាន​គោលដៅ​ប្រឆាំង​នឹង​រុស្ស៊ី ហើយ​ជា​ការ​ព្យាយាម​បង្កើន​សម្ពាធ​លើ​ទីក្រុង​មូស្គូ មុន​លោក ដូណាល់ ត្រាំ ចូល​ទៅ​កាន់​សេតវិមាន​វិញ នៅ​ថ្ងៃទី​២០ មករា ខាង​មុខ​នេះ។

ទណ្ឌកម្ម​បន្ថែម​នេះ ក្រសួង​ការបរទេស រួម​ទាំង​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក បាន​ប្រកាស​ដាក់​លើ​គោលដៅ​សរុប​ជាង ២៥០​គោលដៅ។

តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ទណ្ឌកម្ម​ទាំងនោះ​ក៏​មាន​ក្រុមហ៊ុន​ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​ចិន ព្រោះតែ​ក្រុមហ៊ុន​ចិន​ទាំងនោះ​មិន​បាន​ចូលរួម​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រុស្ស៊ី ដោយសារ​តែ​មាន​ទំនាក់ទំនង​នឹង​ឧស្សាហកម្ម​យោធា​របស់​រុស្ស៊ី។

ទណ្ឌកម្ម​នេះ​គេ​អាច​រាប់​បញ្ចូល​អង្គភាព​សំខាន់ៗ​ជិត ១០០ របស់​រុស្ស៊ី រួម​មាន​ទាំង​ធនាគារ និង​ក្រុមហ៊ុន​ប្រតិបត្តិការ​ក្នុង​វិស័យ​ថាមពល ដែល​កន្លង​មក​បាន​រង​ទណ្ឌកម្ម​រួច​ហើយ តែ​ត្រូវ​ដាក់​វិធានការ​រឹតត្បិត​បន្ថែម​ទៀត។

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ថា​ក្រោម​ទណ្ឌកម្ម​នេះ ក្រុមហ៊ុន​ណា​ដែល​រកស៊ី​ទាក់ទង​នឹង​ឧស្សាហកម្ម​យោធា​រុស្ស៊ី ក៏​នឹង​ប្រឈម​ទោស​ទណ្ឌ​ផង​ដែរ។

ភ្លាមៗ​ក្រោយពី​រដ្ឋការ​លោក បៃដិន ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​ថាមពល និង​វិស័យ​ប្រេង​របស់​រុស្ស៊ី យ៉ាងតិច​នាវា​ដឹក​ប្រេង​រវាង​រុស្ស៊ី និង​ឥណ្ឌា និង​រុស្ស៊ី​ជាមួយ​ចិន ជិត ៧០​គ្រឿង បាន​សម្រេច​ផ្អាក​ដឹក​ប្រេង ដោយ​នាវា​ទាំងនោះ​បាន​បោះ​យុថ្កា​នៅ​កណ្ដាល​សមុទ្រ​ដែល​ឆ្ពោះ​ទៅ​រុស្ស៊ី។

វិធានការ​ចុងក្រោយ​របស់​រដ្ឋការ​លោក បៃដិន អាច​បង្ក​ការ​លំបាក​សម្រាប់​រដ្ឋការ​លោក ដូណាល់ ត្រាំ ដែល​លោក ត្រាំ នឹង​ចូល​កាន់​តំណែង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃទី​២០ មករា ខាង​មុខ​នេះ។ លោក ត្រាំ បាន​និយាយ​ថា លោក​ចង់​ដោះដូរ​ទណ្ឌកម្ម​របស់​អាមេរិក​ជាមួយ​នឹង​រុស្ស៊ី ឱ្យ​តែ​ក្រុង​មូស្គូ ព្រម​បញ្ចប់​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស