តុលាការកំពូលសម្រេចតម្កល់ការផ្ដន្ទាទោសលើសមាជិកសហគមន៍ឡពាង បីនាក់ ដែលត្រូវបានចោទប្រកាន់ពីបទ «ប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស» និងបទ «ធ្វើឱ្យខូចខាតដោយចេតនា» យោងតាមមាត្រា៥០៤ និង៤១១ នៃក្រមព្រហ្មទណ្ឌដដែល តាមការសម្រេចរបស់សាលាឧទ្ធរណ៍រាជធានីភ្នំពេញ ខណៈពលរដ្ឋរងគ្រោះម្នាក់បានស្លាប់បាត់ទៅហើយ។
យោងតាមការចុះផ្សាយព័ត៌មានរបស់អង្គការលីកាដូ (Licadho) នៅថ្ងៃទី២៥ ខែមីនា នេះ បានឲ្យដឹងថា តុលាការកំពូលបានសម្រេចតម្កល់ការផ្ដន្ទាទោសលើសមាជិកសហគមន៍ឡពាង ចំនួនបីនាក់ មានលោក ញឹម ញឿន លោក រាជ សីម៉ា និងលោក ភុល សន (ស្លាប់) ត្រូវបានផ្ដន្ទាទោសដោយតុលាការខេត្តកំពង់ឆ្នាំង។ លោក ភុល សន បានស្លាប់បាត់ទៅហើយ។
អង្គការលីកាដូបានលើកឡើងថា ការតវ៉ាកាលពីឆ្នាំ២០១៣ គឺជាការតវ៉ាលើបញ្ហាជម្លោះដីធ្លីដែលអូសបន្លាយពេលជិតពីរទសវត្សរ៍ទៅហើយ។ នៅអំឡុងពេលនោះ រោងចាំដីរបស់កងសន្តិសុខក្រុមហ៊ុនត្រូវបានបំផ្លាញ។ អ្នកទាំងបីត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ឆ្នាំ និង ៦ខែ តែទោសពន្ធនាគារត្រូវបានព្យួរ និងបង្គាប់ឱ្យសងសំណងរួមគ្នាទៅដើមបណ្តឹងរដ្ឋប្បវេណីចំនួន ២,៨លានរៀល (ប្រមាណជា ៧០០ដុល្លារ)។
ការសម្រេចនេះក៏ត្រូវបានតម្កល់ដោយសាលាឧទ្ធរណ៍កាលពីខែកុម្ភៈ ឆ្នាំ២០២៤ និងត្រូវបានតម្កល់សេចក្តីសម្រេចផ្ដន្ទាទោសនេះម្តងទៀតនៅថ្ងៃទី២៥ មីនា នេះដោយតុលាការកំពូល។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រៅពីបទចោទប្រឆាំងនឹងមន្ត្រីរាជការសាធារណៈមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនា សមាជិកនៃសហគមន៍ឡពាងទាំងបីនាក់ប្រឈមនឹងបទចោទផ្សេងទៀត ដូចជា បទញុះញង់ ឬបរិហារកេរ្តិ៍ជាដើម។
លោក អំ សំអាត កត់សម្គាល់ទៀតថា វិវាទដីធ្លីនៅឡពាងរ៉ាំរ៉ៃគ្មានដំណោះស្រាយ ហើយពលរដ្ឋត្រូវប្រឈមនឹងផ្លូវច្បាប់ជាបន្តបន្ទាប់ ខណៈពួកគេកំពុងមានជីវភាពកាន់តែលំបាក។ លោកស្នើឲ្យអាជ្ញាធរពាក់ព័ន្ធពន្លឿននីតិវិធីដោះស្រាយបញ្ហាដីធ្លីដែលរ៉ាំរ៉ៃនៅឡពាងឲ្យបានឆាប់រហ័ស។
ក្រុមហ៊ុន KDC INTERNATIONAL មានអ្នកស្រី ជា ខេង ជាម្ចាស់កម្មសិទ្ធិ។ អ្នកស្រីក៏ជាភរិយារបស់លោក ស៊ុយ សែម អតីតរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។ ក្រុមហ៊ុនរបស់អ្នកស្រី ជា ខេង ទទួលបានដី ៥១២ហិកតា មកធ្វើជាកម្មសិទ្ធិនៅក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
គ្រួសារជាច្រើន រួមទាំងគ្រួសារមកពីសហគមន៍ឡពាង នៅតែទទួលរងផលប៉ះពាល់ក្នុងជម្លោះដីធ្លីជាមួយនឹងក្រុមហ៊ុននេះ ដោយសារក្រុមហ៊ុនបានរំលោភយកដីប្រមាណជា ១០០ហិកតានៃដីរបស់ពលរដ្ឋទាំងនោះកាលពីឆ្នាំ២០១២។ ក្រោយមក សមាជិកសហគមន៍ពីរបីរូបត្រូវបានប្រឈមមុខនឹងការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌដែលទាក់ទងនឹងជម្លោះដីនោះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

