36.7 C
Phnom Penh

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា​រដ្ឋាភិបាល​មាន​ផែនការ​ច្បាស់លាស់​ក្នុង​កិច្ច​ការពារ​បូរណភាព​ទឹកដី​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន ម៉ាណែត ធានា​ថា​រដ្ឋាភិបាល​មាន​ផែនការ​ច្បាស់លាស់​ក្នុង​កិច្ចការពារ​បូរណភាព​ទឹកដី​កម្ពុជា មិនមែន​ធ្វើ​តាម​ការ​នឹកឃើញ​ឡើយ ខណៈ​ការ​ប្រើ​កម្លាំង​កងទ័ព មិនមែន​ជា​ជម្រើស​ដែល​រដ្ឋាភិបាល​ត្រូវ​ប្រកាន់​យក​នោះ​ឡើយ។

លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​សម្ពោធ​អគារ​សិក្សា​ក្នុង​ស្រុក​វាលរេញ ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០២៥ នេះ​ថា បញ្ហា​ព្រំដែន​មិនមែន​ជា​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​តែ​មួយ​ថ្ងៃ​ចប់​នោះ​ទេ ហើយ​ការ​ប្ដឹង​ផ្តល់ និង​ការ​លើក​ទ័ព​ទៅ​ប្រយុទ្ធ ក៏​មិនមែន​ជា​ដំណោះស្រាយ​ដែរ ប៉ុន្តែ​រដ្ឋាភិបាល​ត្រូវ​ប្រើ​ច្បាប់​បច្ចេកទេស​អន្តរជាតិ​ដើម្បី​ធានា​នូវ​ផល​ប្រយោជន៍​របស់​ជាតិ។

លោក ហ៊ុន ម៉ាណែត អះអាង​ថា រឿង​ការពារ​ទឹកដី គឺជា​ការ​ទទួល​ខុសត្រូវ​យូរអង្វែង ព្រោះ​រដ្ឋាភិបាល​កម្ពុជា​ខិតខំ​ការពារ​បូរណភាព​ទឹកដី​របស់​ខ្លួន​តាំងពី​មិន​ទាន់​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម មក​ម្ល៉េះ ប៉ុន្តែ​បច្ចុប្បន្ន​ការ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា​ជាមួយ​នឹង​វៀតណាម នៅ​សល់​តែ ១៦% ទៀត​ប៉ុណ្ណោះ​នឹង​ត្រូវ​បញ្ចប់។

លោក​បញ្ជាក់​ថា បើ​មាន​ការ​បន្ទោស​រដ្ឋាភិបាល​ថា​ធ្វើ​ឱ្យ​បាត់​ទឹកដី គឺ​មាន​តែ​ត្រូវ​ខំ​កសាង ការពារ​ទឹកដី តាមរយៈ​ការ​វាស់វែង​ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​កម្ពុជា​តាមរយៈ​ការ​បោះ​បង្គោល​ព្រំដែន​ឲ្យ​ជាប់លាប់ ពង្រឹង​ការ​ការពារ​ជាតិ និង​អភិវឌ្ឍ​នៅ​តាម​ព្រំដែន​ប៉ុណ្ណោះ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៦ មីនា នេះ​ថា ទាល់តែ​រដ្ឋាភិបាល​ប្រើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ និង​មាត្រា​៥៥ នៃ​រដ្ឋធម្មនុញ្ញ​លុបចោល​សន្ធិសញ្ញា​ឆ្នាំ​២០០៥ រួម​ទាំង​សន្ធិសញ្ញា​ខុស​ច្បាប់​នៅ​ទសវត្ស​១៩៨០ ទាំងអស់ នោះ​ទើប​អាច​ធានា​ការពារ​ទឹកដី​ខ្មែរ​មិន​ឱ្យ​បាត់បង់​ទៅ​វៀតណាម បាន។ ជាង​នេះ​ទៀត រដ្ឋាភិបាល​ក៏​ត្រូវ​ប្រើ​មរតក​របស់​បារាំង ជាពិសេស​បង្គោល​ព្រំដែន​ដែល​បារាំង បន្សល់​ទុក​ចំនួន ១២៤​បង្គោល ជាដើម សម្រាប់​ដោះស្រាយ​បញ្ហា​ទឹកដី​ជាមួយ​បរទេស​ឈ្លានពាន​នោះ។

លោក អ៊ុំ សំអាន លើកឡើង​ថា ចំណែក​បញ្ហា​ជាមួយ​ប្រទេស​ថៃ ទាល់តែ​រដ្ឋាភិបាល​ប្តឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ ទើប​អាច​ធានា​ការពារ​ទឹកដី​ខ្មែរ​មិន​ឱ្យ​បាត់បង់ ព្រោះ​ការ​ចរចា​ទ្វេភាគី​រវាង​កម្ពុជា-ថៃ មិន​អាច​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទុកចិត្ត​លើ​ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​ឡើយ ស្រប​ពេល​ដែល​ទឹកដី​ខ្មែរ​ដែល​ត្រូវ​បាន​ប្រទេស​ថៃ ឈ្លានពាន​យក​ទៅ​គ្រប់គ្រង​កន្លង​មក មិន​ដែល​ឃើញ​រដ្ឋាភិបាល​ចេញ​មុខ​តវ៉ា​ទាមទារ​ផង​នោះ។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​ព្រមាន​ថា បើ​រដ្ឋាភិបាល​កម្ពុជា​នៅតែ​បន្ត​ការ​ចរចា​ទ្វេភាគ​ជាមួយ​ថៃ នោះ​ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច និង​ប្រាសាទ​តាក្របី ច្បាស់​ជា​ត្រូវ​បាត់បង់​ទាំងស្រុង ខណៈ​វាសនា​កោះ​គុត ក៏​មិន​ខុសពី​ប្រាសាទ​ខ្មែរ​ទាំង​បី​នេះ​ដែរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស