28 C
Phnom Penh

លោក ហ៊ុន ម៉ាណែត ចូល​បច្ច័យ ១​ម៉ឺន​ដុល្លារ​ដល់​គ្រួសារ​សព​ពលករ​ម្នាក់​ដែល​ស្លាប់​ក្នុង​គ្រោះ​រញ្ជួយ​ដី​នៅ​ថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន ម៉ាណែត និង​ភរិយា​ចូលរួម​បច្ច័យ​ចំនួន ១​ម៉ឺន​ដុល្លារ​ជូន​ក្រុម​គ្រួសារ និង​រៀបចំ​ពិធី​បុណ្យ​សព​លោក មាស សាវ៉ាង ដែល​ទទួល​មរណភាព​ក្នុង​គ្រោះ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ ខណៈ​ពលករ​ខ្មែរ ៤​នាក់​ផ្សេង​ទៀត​កំពុង​បាត់​ខ្លួន​នៅ​ក្នុង​គំនរ​អគារ​ដែល​ដួល​រលំ​កាលពី​ថ្ងៃទី​២៨ ខែ​មីនា នៅឡើយ។

លោក ហ៊ុន ម៉ាណែត បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា បច្ច័យ​ទាំងនោះ​ត្រូវ​បាន​លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ ប្រគល់​ជូន​គ្រួសារ​សព​លោក មាស សាវ៉ាង ដោយ​ផ្ទាល់​នា​ព្រឹក​ថ្ងៃទី​១ ខែ​មេសា នេះ។

លោក ហ៊ុន ម៉ាណែត ក៏​បាន​ចេញ​សារ​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​សព​ផង​ដែរ។ ក្រៅតែ​ពី​ថវិកា​របស់​លោក ហ៊ុន ម៉ាណែត អាជ្ញាធរ​ពាក់ព័ន្ធ​នានា​រួម​មាន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អភិបាល​ខេត្ត​បន្ទាយមានជ័យ ក្រុម​ការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ទ្វីប​អាស៊ី​ខាងកើត និង​អាគ្នេយ៍ (ESEA) និង​សមាគម​ភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា (ACRA) ក៏​បាន​ចូលរួម​បច្ច័យ​ក្នុង​ពិធីបុណ្យ​នេះ​ដែរ។

ពលករ​ខ្មែរ ១​រូប​ឈ្មោះ មាស សាវ៉ាង អាយុ ២៣​ឆ្នាំ រស់នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ត្រូវ​បាន​រក​ឃើញ​នៅ​ថ្ងៃទី​៣១ ខែ​មីនា នេះ​ថា​បាន​ស្លាប់​នៅ​ក្នុង​គ្រោះ​រញ្ជួយ​ដី​ក្នុង​ប្រទេស​ថៃ ដែល​បាន​កើត​ឡើង​កាលពី​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០២៥។

ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ ក្រសួង​ការបរទេស និង​តំណាង​ក្រសួង​ការងារ កំពុង​រៀបចំ​សម្របសម្រួល​បែបបទ​ដើម្បី​ដឹក​សព​ជនរងគ្រោះ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ។

អ្នក​នាំពាក្យ​ក្រសួង​ការងារ​កម្ពុជា លោក កត្តា អ៊ន បាន​ឲ្យ​ដឹង​ថា ក្រុម​ការងារ​របស់​ក្រសួង​ការងារ និង​អាជ្ញាធរ​ដែនដី កំពុង​រៀបចំ​ឲ្យ​បាន​សមរម្យ​ក្នុង​ការ​ធ្វើ​បុណ្យសព​តាម​ប្រពៃណី និង​ជួយ​សម្របសម្រួល​ជាមួយ​និយោជក​ថៃ ឲ្យ​មាន​ការ​ទទួល​ខុសត្រូវ និង​ផ្តល់​នូវ​ប្រាក់​សំណង​អត្ថប្រយោជន៍​ផ្សេងៗ។

លោក​បន្ត​ថា ក្រុម​ការងារ​របស់​ក្រសួង រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ រដ្ឋបាល​ស្រុក​ម៉ាឡៃ និង​មន្ត្រី​មាន​សមត្ថកិច្ច​នៅ​ច្រក​ព្រំដែន កំពុង​ជួយ​សម្រួល​ឯកសារ​ផ្សេងៗ​រង់ចាំ​ទទួល​សព និង​កំពុង​រៀបចំ​ពិធី​បុណ្យសព​តាម​គន្លង​ប្រពៃណី​ព្រះពុទ្ធ​សាសនា​នៅ​ឯ​គេហដ្ឋាន​នៃ​សព​ផង​ដែរ។

អង្គការ​សង់ត្រាល់ (Central) បាន​លើកឡើង​ថា សាច់ញាតិ​មួយ​ចំនួន​ដែល​ប្រាប់​មក​អង្គការ​នេះ​ថា​ពួកគេ​មិន​អាច​ទាក់ទង​ទៅ​បងប្អូន​របស់​ពួកគេ​បាន​ទេ បន្ទាប់ពី​មាន​ការ​ដួល​រលំ​អគារ ហើយ​សង្ស័យ​ថា​ស្ថិត​ក្នុង​គំនរ​អគារ ដោយ​មិន​ទាន់​អាច​ទាក់ទង​បាន​ដដែល។ តាម​ព័ត៌មាន​ដែល​ខ្លួន​ទទួល​បាន​ពី​សាច់ញាតិ គឺ​យ៉ាងហោចណាស់​មាន​ពលករ​ខ្មែរ ៤​នាក់​កំពុង​បាត់​ខ្លួន​នៅ​ក្នុង​គំនរ​អគារ​នៅ​ទីនោះ។

កាលពី​រសៀល​ថ្ងៃទី​២៨ ខែ​មីនា គ្រោះ​រញ្ជួយ​ដី​កម្រិត ៧,៧​រ៉ិចទ័រ បាន​កក្រើក​ក្នុង​រាជធានី​បាងកក​ប្រទេស​ថៃ បណ្ដាល​ឲ្យ​អគារ​នានា​ក្នុង​ទីក្រុង​មាន​ការ​រង្គោះរង្គើ។ ក្នុង​ហេតុការណ៍​គ្រោះធម្មជាតិ​នេះ បាន​ធ្វើ​មនុស្ស​ស្លាប់​កើន​ដល់ ១៨​នាក់ និង​របួស​ជាង ៣០​នាក់៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស