28 C
Phnom Penh

មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា​មិនមែន​តែ​ពលរដ្ឋ​ធម្មតា​ទេ សូម្បី​មន្ត្រី​រដ្ឋាភិបាល​ក៏​មិន​ឱ្យ​តម្លៃ​លើ​ប្រព័ន្ធ​អប់រំ​កម្ពុជា​ដែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លើកឡើង​ថា ទោះបីជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណារ៉ុន បាន​ចេញ​មុខ​ច្រានចោល​លើ​ចំណាត់ថ្នាក់​វិស័យ​អប់រំ​កម្ពុជា​ដែល​ផ្តល់​ដោយ World Population Review ក៏​ពិត​មែន ប៉ុន្តែ​កូនៗ​របស់​មន្ត្រី​រដ្ឋាភិបាល​ទំនង​ជា​មិន​បាន​បញ្ជូន​កូនៗ​របស់​គេ​ឱ្យ​ទៅ​រៀន​នៅ​សាលា​រដ្ឋ​ដែរ។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ លោក ស៊ឹង សែនករុណា លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២ មេសា នេះ​ថា តថភាព​ជាក់ស្តែង សាលា​រដ្ឋ​នៅ​កម្ពុជា​មាន​តែ​កូន​ពលរដ្ឋ​ក្រីក្រ​ប៉ុណ្ណោះ​ដែល​ចូល​រៀន ព្រោះតែ​ពួកគេ​គ្មាន​ជម្រើស ចំណែក​កូន​អ្នក​មាន​ទ្រព្យ​ធន​សម​ល្មម ត្រូវ​បញ្ជូន​ទៅ​រៀន​នៅ​សាលា​ឈ្នួល​ស្ទើរតែ​ទាំងអស់។

លោក​បន្ថែម​ថា ដោយឡែក​កូន​អ្នក​មាន​កំពូលៗ រួម​ទាំង​កូន​មន្ត្រី​រដ្ឋាភិបាល​ផង មិន​ដែល​ចូល​សាលា​រដ្ឋ​ទេ បើ​មិន​ត្រូវ​បាន​បញ្ជូន​ទៅ​រៀន​នៅ​សាលា​ឈ្នួល​ថ្លៃៗ ក៏​បញ្ជូន​ទៅ​រៀន​នៅ​បរទេស​ដែរ ព្រោះ​កម្ពុជា​ផ្តល់​តម្លៃ​លើ​សញ្ញាបត្រ​ពី​បរទេស​ជាង​សញ្ញាបត្រ​របស់​ប្រព័ន្ធ​អប់រំ​ដែល​ខ្លួន​កំពុង​ដឹកនាំ​សព្វថ្ងៃ​នេះ។

លោក ស៊ឹង សែនករុណ លើកឡើង​ថា តាម​ភស្តុតាង​ជាក់ស្តែង​បែប​នេះ គឺ​បង្ហាញ​ឱ្យ​ឃើញ​ថា​មិន​ត្រឹម​ពលរដ្ឋ​ទូទៅ​ទេ​ដែល​មិន​ទុកចិត្ត និង​មិន​ឱ្យ​តម្លៃ​លើ​ប្រព័ន្ធ​អប់រំ​របស់​កម្ពុជា សូម្បីតែ​មន្ត្រី​រដ្ឋាភិបាល​ខ្លួនឯង​ដែល​ដឹកនាំ និង​គ្រប់គ្រង​លើ​វិស័យ​មួយ​នេះ ក៏​មិន​ឱ្យ​តម្លៃ និង​មិន​ទុកចិត្ត​លើ​ប្រព័ន្ធ​អប់រំ​ដែល​ខ្លួន​បង្កើត​ឡើង​នេះ​ដែរ។

លោក​បន្ថែម​ថា បើ​ប្រព័ន្ធ​អប់រំ​របស់​រដ្ឋ​មាន​គុណភាព​ល្អ កូន​អ្នក​មាន​ទ្រព្យធន រួម​ទាំង​មន្ត្រី​រដ្ឋាភិបាល​ទាំងនោះ នឹង​មិន​ត្រូវ​បាន​បញ្ជូន​ឱ្យ​ទៅ​រៀន​នៅ​សាលា​ឯកជន និង​រៀន​នៅ​ក្រៅ​ប្រទេស​ដែរ ដូច្នេះ​ភស្តុតាង​នេះ​គឺ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រព័ន្ធ​អប់រំ​របស់​កម្ពុជា គឺ​ខ្សោយ​ដូច​ចំណាត់ថ្នាក់​ដែល​គេ​បាន​ផ្តល់​ឱ្យ​ប្រាកដ​មែន។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា រដ្ឋាភិបាល​អាច​កែប្រែ​វិស័យ​អប់រំ​របស់​កម្ពុជា​ឱ្យ​ល្អ​បាន ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា តើ​មេដឹកនាំ និង​ស្ថាប័ន​ពាក់ព័ន្ធ​មាន​ឆន្ទៈ​ក្នុង​ការ​កែប្រែ ឬ​ក៏​អត់​ប៉ុណ្ណោះ ព្រោះ​ទឡ្ហីករណ៍​ជាក់ស្តែង សាលា​បឋមសិក្សា​វត្ត​រាជបូណ៌ ជា​សាលា​គំរូ​ក្នុង​ប្រទេស​ដែល​រដ្ឋាភិបាល​គួរ​បង្កើត​ឱ្យ​មាន​សាលា​ដែល​មាន​គុណភាព​ល្អ​បែប​នេះ​ឱ្យ​បាន​ពេញ​ប្រទេស។

លោក ស៊ឹង សែនករុណា គូស​បញ្ជាក់​ថា ជាតិ​មួយ​ដែល​ខ្លាំង គឺ​ស្ថិត​នៅ​លើ​ធនធាន​មនុស្ស​ខ្លាំង ទោះ​មេដឹកនាំ​នៃ​ប្រទេស​នោះ​ខ្លាំង​ក៏ដោយ ក៏​មិន​អាច​ធ្វើ​ឱ្យ​ប្រទេស​ដែល​ខ្លួន​ដឹកនាំ​រីកចម្រើន​បាន​ដែរ ដូច្នេះ​ដើម្បី​ឱ្យ​មាន​ធនធាន​មនុស្ស​ខ្លាំង សំខាន់​បំផុត​គឺ​ថ្នាល​បណ្ដុះ​របស់​ប្រទេស​នោះ​ជា​ថ្នាល​ដែល​ប្រកប​ដោយ​គុណភាព ទើប​អាច​ផលិត​ធនធាន​ដែល​មាន​គុណភាព​សម្រាប់​កសាង​ប្រទេស​ទៅ​ថ្ងៃ​មុខ​បាន។

គេហទំព័រ World Population Review 2025 បាន​ចេញ​ផ្សាយ​ពី​ចំណាត់ថ្នាក់​នៃ​ការ​អប់រំ​នៅ​លើ​ពិភពលោក​កាលពី​ពេល​ថ្មីៗ​នេះ ដោយ​ដាក់​កម្ពុជា​ស្ថិត​នៅ​លេខ​រៀង​ទី​១២០ ដែល​ចំណាត់ថ្នាក់​នេះ​គឺជា​ចំណាត់ថ្នាក់​ដែល​ទាប​ជាង​ប្រទេស​ទីម័រខាងកើត ប្រទេស​ឡាវ និង​ប្រទេស​ថៃ ទៅ​ទៀត។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០២៥ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ដោយ​ចាត់ទុក​ថា​ការ​ផ្ដល់​ចំណាត់ថ្នាក់​ឱ្យ​វិស័យ​អប់រំ​កម្ពុជា​ជាប់​លេខ​១២០ ជា​ចំណាត់ថ្នាក់​ដែល​មិន​អាច​ទទួល​យក​បាន និង​មិនមែន​ធ្វើ​ឡើង​តាម​បែប​វិទ្យាសាស្ត្រ។

ប្រទេស​សមាជិក​សហគមន៍​អាស៊ាន​ឯ​ទៀត​ផ្តើម​ពី​ប្រទេស​ជាប់​នឹង​ប្រទេស​កម្ពុជា ជាប់​លំដាប់​លេខ​រៀង​ដូច​តទៅ​នេះ៖

  • យៀកណាម ៥៣;
  • លាវ ១០២;
  • ថៃឡង់ដ៍ ១០៧;
  • ភូមា ១០៩;
  • ម៉ាឡេស៊ី ៨៩;
  • ឥណ្ឌូនេស៊ី ៦៧;
  • ហ្វីលីពីន ៧១។

ការ​ស្រាវជ្រាវ​ស្ទង់​ចំណេះដឹង​នេះ ធ្វើឡើង​ចំពោះ​សិស្ស​សាលា​អាយុ ១៥​ឆ្នាំ​ចំនួន​ជិត​កន្លះ​លាន​នាក់​លើ​វិស័យ​អាន​អក្សរ ប្រឡង​មុខវិជ្ជា​គណិតវិទ្យា និង​វិទ្យាសាស្ត្រ។ ប្រទេស ១០ លើ​ពិភពលោក​ដែល​មាន​សិស្ស​រៀន​ពូកែ ពូកែ​លេខ​១ នៅ​អាស៊ី គឺ​កូរ៉េខាងត្បូង បន្ទាប់​មក​ជប៉ុន លេខ​៦ ហើយ ៨​ប្រទេស​ទៀត​នៅ​ទ្វីប​អឺរ៉ុប​ខាង​លោក​សេរី​ភាគច្រើន និង​ស្លូវើនៀ អឺរ៉ុប​ខាងកើត៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស