ក្រសួងព័ត៌មាន ចេញមុខអះអាងថា អ្នកកាសែតបរិស្ថានជនជាតិដើមភាគតិច លោក អ៊ុក ម៉ៅ មិនមែនជាអ្នកកាសែតស្របច្បាប់ឡើយ ព្រោះសកម្មភាពរបស់គាត់កន្លងមក បានប្រាសចាកនឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ខណៈក្រុមអង្គការសង្គមស៊ីវិលជាង ១០ស្ថាប័ន បានចាត់ទុកការចាប់ខ្លួននេះថាជាការគំរាមកំហែងធ្ងន់ធ្ងរដល់អ្នកការពារបរិស្ថាន និងអ្នកសារព័ត៌មាន។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ឧសភា ដែលទើបចេញផ្សាយនៅថ្ងៃទី២៣ ឧសភា នេះបានបញ្ជាក់ថា លោក អ៊ុក ម៉ៅ បានបម្រើការងារនៅអង្គភាព «ឥន្ទ្រីផ្លើសញូស៍» ដោយគ្មានបណ្ណសារព័ត៌មានដែលចេញដោយក្រសួងព័ត៌មាន។ ក្រសួងថា លោក អ៊ុក ម៉ៅ មិនអាចបំពេញលក្ខខណ្ឌក្នុងការស្នើសុំបណ្ណអំឡុងពេលដែលលោកនៅជាប់បណ្តឹងតវ៉ា ឬស្ថិតក្នុងនីតិវិធីតុលាការនោះឡើយ។
ក្រសួងព័ត៌មាន បានចាត់ទុកសកម្មភាពរបស់លោក អ៊ុក ម៉ៅ នាពេលកន្លងមកថាជាសកម្មភាពប្រាសចាកនឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងជាការរំលោភច្បាប់។ ក្រសួងថា លោក អ៊ុក ម៉ៅ បានជ្រកក្រោមស្លាកសារព័ត៌មាន ដើម្បីធ្វើសកម្មភាពដែលបម្រើឱ្យគោលបំណងផ្សេងដែលមិនមែនជាការអនុវត្តផ្នែកសេរីភាពសារព័ត៌មាន និងបោះពុម្ពផ្សាយស្របតាមច្បាប់ស្ដីពីរបបសារព័ត៌មាន។
ប្រភពដដែលអះអាងថា រាល់បទល្មើសដែលលោក អ៊ុក ម៉ៅ រងការចោទប្រកាន់ គឺជារឿងបុគ្គល និងមិនជាប់ពាក់ព័ន្ធនឹងការងារក្នុងក្របខ័ណ្ឌវិជ្ជាជីវៈសារព័ត៌មានទេ។
កាលពីថ្ងៃទី២១ ឧសភា ក្រុមអង្គការសង្គមស៊ីវិលចំនួន ១៤ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយស្នើឱ្យអាជ្ញាធរដោះលែងលោក អ៊ុក ម៉ៅ ដោយពួកគេបានចាត់ទុកការចាប់ខ្លួនលោក អ៊ុក ម៉ៅ ថាជាការគំរាមកំហែងធ្ងន់ធ្ងរដល់អ្នកការពារបរិស្ថាន និងអ្នកសារព័ត៌មាន ដែលធ្វើឱ្យកម្ពុជាមានឈ្មោះមិនល្អលើឆាកអន្តរជាតិ។
លោក អ៊ុក ម៉ៅ ត្រូវបានចាប់កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ និងត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តស្ទឹងត្រែង ដោយចោទប្រកាន់ក្នុងសំណុំរឿងព្រហ្មទណ្ឌ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ អំពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ និងបទបរិហារកេរ្តិ៍ជាសាធារណៈ»។
លោក អ៊ុក ម៉ៅ មានអាយុ ៤៩ឆ្នាំ រស់នៅភូមិអន្លង់ភេ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ក្រៅពីការងារជាកសិករ លោក អ៊ុក ម៉ៅ ក៏មានមុខងារជាអ្នកសារព័ត៌មាន “ឥន្ទ្រីផ្លើសញូស៍” ផងដែរ ដែលលោកតែងតែចុះល្បាតតាមតំបន់ព្រៃសហគមន៍ ថតសកម្មភាពឈ្មួញកាប់បំផ្លាញព្រៃឈើ និងសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ជាបន្តបន្ទាប់។
ក្រោមសកម្មភាពទាំងនេះ លោក អ៊ុក ម៉ៅ បានទទួលរងនូវបណ្តឹងចោទប្រកាន់ពីមន្ត្រីមួយចំនួននៅក្នុងខេត្តស្ទឹងត្រែង ជាហូរហែ ដែលប្តឹងពីបទ «ហិង្សាដោយចេតនា» ពីបទ «កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត ដើម្បីយកធ្វើជាកម្មសិទ្ធិ» និងបទ «ញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍» ជាដើម។
លើសពីនេះ លោក អ៊ុក ម៉ៅ ក៏បានរងបណ្ដឹងចំនួន ១៥ករណីផ្សេងទៀតដែរនៅតុលាការខេត្តស្ទឹងត្រែង ដែលបណ្ដឹងភាគច្រើន ចោទពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទកាប់គាស់ រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃ ដើម្បីយកជាកម្មសិទ្ធិ» ខណៈដើមបណ្ដឹងភាគច្រើនជាមន្ត្រីបរិស្ថាន និងមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង រួមទាំងស្ថាប័នអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ផងដែរ។
ក្រៅពីរងនូវបណ្តឹងទាំងនេះ លោក អ៊ុក ម៉ៅ ក៏តែងតែរងនូវការសំឡុតគំរាមកំហែងពីសំណាក់អ្នកមានអំណាច និងក្រុមឈ្មួញមួយចំនួនថែមទៀត ហើយកាន់តែធ្ងន់ធ្ងរជាងនេះទៀតនោះ ផ្ទះរបស់លោក ក៏ត្រូវជនមិនស្គាល់មុខលួចដុតបណ្ដាលឲ្យឆេះរលាយរលត់ទ្រព្យសម្បត្តិគ្មានសល់ថែមទៀត៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

