រដ្ឋមន្ត្រីការពារជាតិកម្ពុជា លើកឡើងថា មូលដ្ឋានយោធារាមរបស់កម្ពុជា មិនមែនចេះតែអនុញ្ញាតឱ្យនាវាបរទេសចូលចត និងធ្វើទស្សនកិច្ចស្រេចនឹងចិត្តនោះទេ ហើយមូលដ្ឋានទ័ពជើងទឹកនេះ ក៏មានទីតាំងបើកចំហ និងទីតាំងសំខាន់ៗសម្រាប់បិទបាំងការពារផងដែរ។
លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងនៅក្នុងពិធីបិទសមយុទ្ធនាគមាសឆ្នាំ២០២៥ រវាងកងទ័ពកម្ពុជា-ចិន នៅថ្ងៃទី២៨ ខែឧសភា នេះថា អ្នកដែលចង់ចូលមកមូលដ្ឋានយោធានេះ ត្រូវមានលក្ខខណ្ឌពិសេស និងត្រូវមានលក្ខខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ព ជាដើម ទើបអាចចូលក្នុងមូលដ្ឋានកងទ័ពជើងទឹកនេះបាន។
លោក ទៀ សីហា អះអាងថា ការធ្វើបែបនេះ គឺដើម្បីការពារបូរណភាពទឹកដី ការពារសិទ្ធិរបស់កម្ពុជា ប៉ុន្តែចំណុចនេះបែរជាត្រូវមជ្ឈដ្ឋានអគតិមួយចំនួនចោទប្រកាន់ថា កម្ពុជាបិទបាំងមូលដ្ឋានកងទ័ពជើងទឹករាមទៅវិញ ព្រមទាំងដាក់ការសង្ស័យថាកម្ពុជាមានអាថ៌កំបាំងនៅមូលដ្ឋានកងទ័ពជើងទឹកនេះថែមទៀត។
រដ្ឋមន្ត្រីការពារជាតិតពូជរបស់ខ្មែររូបនេះ បញ្ជាក់ថា ចំពោះករណីមិនអនុញ្ញាតឱ្យនាវាបរទេសចូលចត ឬមកទស្សនាទីតាំងសំខាន់ៗរបស់កងទ័ព មិនមែនមានតែកម្ពុជានោះទេ ខណៈបណ្តាប្រទេសនៅលើពិភពលោក ក៏មានកន្លែងដែលហាមឃាត់កងទ័ពបរទេសមិនឱ្យចូលចត ឬទស្សនាដូចកម្ពុជាដែរ។
កាលពីដើមខែឧសភា ឆ្នាំ២០២៥ មជ្ឈមណ្ឌលសម្រាប់ការសិក្សាអន្តរជាតិ និងយុទ្ធសាស្ត្រ ដែលហៅកាត់ថា CSIS របស់សហរដ្ឋអាមេរិក បានបញ្ចេញរបាយការណ៍មួយដោយអះអាងថា ចិនមានលទ្ធភាពប្រើប្រាស់ផ្ដាច់មុខនូវកន្លែងខ្លះរបស់មូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាមរបស់កម្ពុជា បន្ទាប់ពីមានការបើកឲ្យប្រើប្រាស់ជាផ្លូវការកាលពីដើមខែមេសា កន្លងទៅនេះ។
ចំណែកលោក ហ៊ុន ម៉ាណែត បានអះអាងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កំពង់ផែរាម កាលពីថ្ងៃទី៥ ខែមេសា ថា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គ្មានគោលបំណងរំលោភរដ្ឋធម្មនុញ្ញរបស់ខ្លួនតាមរយៈការអនុញ្ញាតឲ្យប្រទេសណាមួយ ឬកងទ័ពណាមួយ មកដាក់មូលដ្ឋានផ្ដាច់មុខនៅលើទឹកដីកម្ពុជានោះឡើយ។
ទាក់ទិននឹងបញ្ហានេះ កាលពីដើមខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ រដ្ឋាភិបាលកម្ពុជា បានសម្រេចវាយកម្ទេចអគារមួយក្នុងចំណោមអគារជាច្រើននៅក្នុងមូលដ្ឋានទ័ពរាមដែលសាងសង់ដោយថវិកាជំនួយរបស់សហរដ្ឋអាមេរិក៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

